ចាប៉ីដងវែងច្នៃពីដបទឹកសុទ្ធ ៦,០០០ដប គ្រោងដាក់តាំងនៅមហោស្រពចាប៉ីដងវែងនៅវត្តរាជបូព៌ នាចុងខែវិច្ឆិកានេះ

ដោយ៖ ទី សារឿន​​ | ថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨​ | អប់រំ | 0 |
ចាប៉ីដងវែងច្នៃពីដបទឹកសុទ្ធ ៦,០០០ដប គ្រោងដាក់តាំងនៅមហោស្រពចាប៉ីដងវែងនៅវត្តរាជបូព៌ នាចុងខែវិច្ឆិកានេះ ចាប៉ីដងវែងច្នៃពីដបទឹកសុទ្ធ ៦,០០០ដប គ្រោងដាក់តាំងនៅមហោស្រពចាប៉ីដងវែងនៅវត្តរាជបូព៌ នាចុងខែវិច្ឆិកានេះ

លោក រៀម មុនីស៊ីឡុង វិចិត្រករម្នាក់នៅខេត្តសៀមរាប នៃអង្គការសិល្បៈខ្មែរអមតៈ បានច្នៃប្រឌិត ដោយយកដបទឹកសុទ្ធចំនួន៦.០០០ដប និងទុយោចំនួន ១៦.០០០ដើម មកច្នៃចេញជាចាប៉ីដងវែង មានប្រវែង៦ម៉ែត្រ ដើម្បីយកទៅដាក់តាំងនៅមហោស្រពចាប៉ីដងវែងនៅក្នុងបរិវេណវត្តរាជបូព៌ ក្នុងសៀមរាប ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីលើកស្ទួយដល់សិល្បៈចាប៉ី ដែលប្រឈមនឹងបាត់បង់។

កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនេះ ចាប៉ីដងវែង ឆ្នៃពីដបទឹកសុទ្ធនេះបានដឹកតាមរយៈរទេះគោដោយមានកង់ធាក់ បង្ហាញជាសាធារណៈ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក នៅខេត្តសៀមរាប ផងដែរ ក្នុងគោលបំណងបង្ហាញដល់ពលរដ្ឋខ្មែរ ឲ្យចេះរក្សាទុកសំរាម និងបោះចោលសំរាមឲ្យមានរបៀប និងត្រឹមត្រូវ ដើម្បីកុំឲ្យមានកាកសំណល់ប៉ះពាល់ដល់សុខភាពមនុស្ស និងបង្ហាញពីសំរាមក៏មានអត្ថប្រយោជន៍ផងដែរ ជាពិសេស ចង់ឲ្យកូនខ្មែរ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស់ស្ទីកផងដែរ ព្រោះវាបានជះឥទ្ធពលពីបរិស្ថានមិនល្អផងដែរ ដែលធ្វើប៉ះពាល់ទីក្រុងទេសចរណ៍អង្គរ ខណៈខេត្ដនេះមានភ្ញៀវទេសចរណ៍រាប់លាននាក់មកទស្សនាក្នុងមួយឆ្នាំៗ។

សូមបញ្ជាក់ផងដែរថា លោក រៀម មុនីស៊ីឡុង ដែលមានវ័យ៣១ឆ្នាំ ជាសិល្បករកែច្នៃសំរាមធ្វើជាគ្រឿងតុបតែងលម្អ និង វត្ថុអនុស្សាវរីយ៍ ដ៏ល្បីម្នាក់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ លោក មុនីស៊ីឡុង ចាប់ផ្តើមមុខរបរនេះ នៅក្នុងអំឡុងឆ្នាំ ២០០៧ ឬ ២០០៨។ ក្រោយពីមានរបួសរហូតដល់ពិការម្រាមដៃ ដែលមិនអាចគូរគំនូរបានទៀត លោកបានអភិវឌ្ឍខ្លួនពីវិចិត្រករដែលគូរគំនូរតាមវត្តអារាម មកជាអ្នកកែច្នៃសំរាមវិញម្តង បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលមួយ។

ដើម្បីបានវត្ថុធាតុដើមមកកែច្នៃ លោក រៀម មុនីស៊ីឡុង តែងដើររើសសំរាមក្នុងភូមិស្ទើររៀងរាល់ថ្ងៃ។ ទង្វើនេះ ពេលខ្លះលោកត្រូវមិត្តភក្តិដាក់រហស្សនាមថា “មនុស្សសំរាម” ផងក៏មាន។ ប៉ុន្តែ លោកថា លោកមិនខ្វល់នឹងការដាក់រហស្សនាមនេះនោះទេ ព្រោះលោកឱ្យតម្លៃទៅលើមុខរបររបស់លោក និងពេញចិត្តលើអ្វីដែលលោកកំពុងធ្វើរាល់ថ្ងៃ។

ដើម្បីបានវត្ថុតែងលម្អមួយផ្ទាំងៗ ឬ វត្ថុអានុស្សាវរីយ៍មួយៗ លោក លោក រៀម មុនីស៊ីឡុង តែងគិតគូររកគំនិតច្នៃប្រឌិតថ្មីៗជានិច្ច។ ពេលគិតឃើញរូបដែលត្រូវកែច្នៃហើយ លោកតែងគិតបន្តទៀត ថាតើវត្ថុធាតុដើមអ្វីខ្លះ ដែលសក្តិសមយកទៅប្រើដើម្បីដំឡើងរូបទាំងនោះ។ អ្វីដែលពិសេសទៀតនោះ គឺរូបដែលលោកដំឡើងរួចហើយ វាមានតែមួយផ្ទាំងតែប៉ុណ្ណោះ គឺគ្មាន២នោះទេ។

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ