ទិដ្ឋភាពនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកលើកទីមួយរបស់ខេត្តពោធិ៍សាត់

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨​ | ទេសចរណ៍ | 0 |
ទិដ្ឋភាពនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកលើកទីមួយរបស់ខេត្តពោធិ៍សាត់ ទិដ្ឋភាពនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកលើកទីមួយរបស់ខេត្តពោធិ៍សាត់

នៅខេត្តពោធិ៍សាត់ បានរៀបចំការប្រណាំងទូក ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក។ ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានបង្ហាញអារម្មណ៍រំភើបរីករាយ និងអបអសាទរការប្រណាំងទូកនេះ ដែលពុំធ្លាប់មានសោះ ក្រោយពីខេត្តមួយនេះ បានរំដោះចេញពីរបបប្រល័យពូជសាស្ត្រ ប៉ុល ពត នៅថ្ងៃទី១៤ ខែមករា ១៩៧៩មក។

នេះជាលើកទីមួយហើយ បន្ទាប់ពីរបបប្រល័យពូជសាស្ត្រប៉ុលពត ដែលខេត្តពោធិ៍សាត់រៀបចំពិធីប្រណាំងទូកអបអរសាទរព្រះរាជពិធីបុណ្យអុំទូក នៅក្នុងទឹកដីខេត្តរបស់ខ្លួនផ្ទាល់ ដោយរៀបចំឡើងរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្ពានថ្មត្រើយខាងលិចស្ទឹងពោធិ៍សាត់តែម្ដង។

ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា។ ការប្រណាំងទូក មានរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃ១៤ និង១៥កើត ដល់ថ្ងៃ ១រោច ខែកត្តិក ហើយពេលយប់ក៏មានការបណ្តែតប្រទីបផងដែរ។ ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២ តែប៉ុណ្ណោះ ពោលគឺនៅពាក់កណ្តាលរាត្រីនៃថ្ងៃ១៥ កើត ខែកត្តិក។

ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម៉្លេះ។ ក្នុងអំឡុងឆ្នាំ១១៧៧ ពួកចាម បានលើកទ័ពមក ធ្វើការលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ។ គ្រានោះព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនរុងរឿង ដល់កម្រិតកំពូលថែមទៀត។

ប្រវត្តិសាស្ត្រត្រង់នេះហើយទើបនាំឱ្យប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហាន របស់កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដីឱ្យរួចផុតពីការជិះជាន់របស់ពួកចាម ដែលជាខ្មាំងសត្រូវរបស់ខ្មែរនាសម័យនោះ។

ពិធីនេះបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី។ ពិធីបុណ្យអុំទូកនេះ ក៏បានភ្ជាប់នឹងពិធីផ្សេងៗទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសបុណ្យអុំទូក ប្រជាពលរដ្ឋតាមបណ្ដាខេត្ត-ក្រុង មួយចំនួន បានយកទូកមកប្រណាំងនៅទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីដណ្ដើមយកជ័យជម្នះ ឱ្យខេត្តរបស់ខ្លួនទៀតផង។

ដោយឡែកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមបណ្ដាខេត្តនីមួយៗក៏បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែនេះនៅក្នុងខេត្តរបស់ខ្លួនផងដែរ។

 

បញ្ចេញមតិ