ពិតជាឡូយអស់ស្ទះ! ការរៀបចំព្រះរាជពិធីបុណ្យ​អំុទូកនៅខេត្តសៀមរាប ឆ្នាំ២០១៨

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨​ | ទេសចរណ៍ | 0 |
ពិតជាឡូយអស់ស្ទះ! ការរៀបចំព្រះរាជពិធីបុណ្យ​អំុទូកនៅខេត្តសៀមរាប ឆ្នាំ២០១៨ ពិតជាឡូយអស់ស្ទះ! ការរៀបចំព្រះរាជពិធីបុណ្យ​អំុទូកនៅខេត្តសៀមរាប ឆ្នាំ២០១៨

ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា។ ការ​ប្រណាំងទូក មានរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃ១៤ និង១៥កើត ដល់ថ្ងៃ ១រោច ខែកត្តិក ហើយពេលយប់ក៏មានការបណ្តែតប្រទីបផងដែរ។ ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២ តែប៉ុណ្ណោះ ពោលគឺនៅពាក់កណ្តាលរាត្រីនៃថ្ងៃ១៥ កើត ខែកត្តិក។

ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម៉្លេះ។ ក្នុងអំឡុងឆ្នាំ១១៧៧ ពួកចាម បានលើកទ័ពមក ធ្វើ​ការ​លុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ។ គ្រានោះព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និង​ចំណាយ​ពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយ​ព្រះអង្គ​បានឡើងគ្រងរាជ​សម្បត្តិ​ដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនរុងរឿង ដល់កម្រិតកំពូលថែមទៀត។

ប្រវត្តិសាស្ត្រត្រង់នេះហើយទើបនាំឱ្យប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហាន របស់​កងទ័ព​ជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដីឱ្យរួចផុតពីការជិះជាន់របស់ពួកចាម ដែលជាខ្មាំងសត្រូវរបស់ខ្មែរនាសម័យនោះ។

ពិធីនេះបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និង​ទូក​ចែវបុរស-នារី។ ពិធីបុណ្យអុំទូកនេះ ក៏បានភ្ជាប់នឹងពិធីផ្សេងៗទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែល​ជា​ការឆ្លុះ​បញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសបុណ្យអុំទូក ប្រជាពលរដ្ឋតាមបណ្ដាខេត្ត-ក្រុង មួយចំនួន បានយកទូក​មក​ប្រណាំង​នៅទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីដណ្ដើមយកជ័យជម្នះ ឱ្យខេត្តរបស់ខ្លួនទៀតផង។

ដោយឡែកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមបណ្ដាខេត្តនីមួយៗក៏បានរៀបចំព្រះរាជពិធីបុណ្យ​អំុទូក បណ្តែតប្រទីប អកអំបុក និង សំពះ​ព្រះខែនេះនៅក្នុងខេត្តរបស់ខ្លួនផងដែរ។ ជាក់ស្ដែងនៅឆ្នាំ២០១៨ ខេត្តសៀមរាបក៏បានរៀបចំព្រះរាជពិធីបុណ្យ​អំុទូក បណ្តែត​ប្រទីប អកអំបុក និង សំពះព្រះខែនេះនៅក្នុងខេត្តផងដែរ ដោយកម្មវិធីនេះនឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ គឺថ្ងៃទី២១ និងថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដើម្បីជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្ត ព្រមទាំង​ភ្ញៀវ​ទេសចរណ៍អន្តរជាតិបានទស្សនាកម្សាន្ត អំពីវប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋខែ្មរយើងឲ្យកាន់តែល្បីរន្ទឺបន្ថែមទៀត។

ដោយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំ​ក្រុមការងារ​បន្ត​ពិនិត្យទីតាំងការ​រៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះ​ព្រះខែក្នុងខេត្តសៀមរាបឆ្នាំ២០១៨ ដោយ​បាន​អំពាវនាវ​​សូមបងប្អូនចូលរួមទស្សនាឲ្យបានច្រើនកុះករ។

នៅក្នុងការបង្ហោះផ្សាយរបស់ទំព័ររដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall យើងឃើញរូបភាព​អាជ្ញាធរ​ខេត្តបានរៀបចំនូវ​វេទិការ​សម្រាប់រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះ​ព្រះខែ នៅតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយមានរៀបចំជាប្រទីបរបស់ស្ថាប័នខេត្តមួយចំនួន និងការតាំងលម្អភ្លើងពណ៌ និងផ្ញាភ្ញីជាដើម។ ចំណែកបរិស្ថាន និង​អនាម័យ​នៅ​ជុំវិញ​ខេត្ត ជាពិសេសនៅទីតាំងរៀបចំពិធីវិញ ក៏មានការរៀបចំឲ្យមានសណ្ដាប់ធ្នាប់ និងការតុបតែលម្អ​តាមដងវិថី​យ៉ាង​ស្រស់​ស្អាត​ផងដែរ។

ជាមួយនឹងការចូលរួមក្នុងព្រះរាជពិធីនេះដែរ អាជ្ញាធរខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ​ទាំងអស់​សូមជួយថែរក្សាអនាម័យ​បរិស្ថានដោយចោលសំរាមក្នុង​ធុងសំរាមតាមទីតាំងដែលខេត្តបានរៀចំជូននៅតាមទីសាធារណៈ។ ការចូលរួមរបស់បងប្អូនគឺជាការលើកកម្ពស់អនាម័យបរិស្ថានរបស់ទីក្រុងរបស់យើងដោយគ្មានសំរាម៕

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ