រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាអញ្ជើញទស្សនកិច្ចរមណីយដ្ឋាន Paestum នៅប្រទេសអ៊ីតាលី

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាអញ្ជើញទស្សនកិច្ចរមណីយដ្ឋាន Paestum នៅប្រទេសអ៊ីតាលី រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាអញ្ជើញទស្សនកិច្ចរមណីយដ្ឋាន Paestum នៅប្រទេសអ៊ីតាលី

ក្នុងដំណើរទស្សនកិច្ចផ្លូវការចូលរួមកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍អំពីបេតិកភណ្ឌនិងទេសចរណ៍នៃតំបន់មេឌីទែរ៉ាណេនិងអឺរ៉ុប នាប្រទេសអ៊ីតាលី នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានអញ្ជើញទៅទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការគ្រប់គ្រងរមណីយដ្ឋាន Paestum ជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញផ្នែកបេតិកភណ្ឌវប្បធម៌នៅប្រទេសអ៊ីតាលី។ ការចែករំលែកបទពិសោធន៍លើការគ្រប់គ្រង ការរក្សាបាននូវតុល្យភាពរវាងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ដោយចីរភាព គឺជាប្រធានបទសំខាន់ៗក្នុងការផ្លាស់ប្តូរយោបល់រវាងប្រតិភូដែលដឹកនាំដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំនៃរមណីយដ្ឋាន Paestum។

សូមបញ្ជាក់ថា រមណីយដ្ឋាន Paestum បញ្ចូលជាក្នុងបេតិកភណ្ឌពិភពលោកនាឆ្នាំ១៩៩៨ បានកសាងភាពល្បីល្បាញនិងទាក់ទាញភ្ញៀវទេសចរដោយផ្អែកទៅលើការងារអភិរក្សនិងការថែរក្សាទេសភាពវប្បធម៌យ៉ាងខ្ជាប់ខ្ជួនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បច្ចុប្បន្នភ្ញៀវទេសចរប្រម៉ាណជាង៤លាននាក់បានទៅទស្សនានៅទីនោះ និងថែមទាំងបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់យ៉ាងសកម្ម។

បន្ទាប់ពីនេះ ប្រតិភូក៏បានអញ្ជើញទៅទស្សនាសារមន្ទីនិងកន្លែងសិប្បកម្មប្រពៃណី។ នៅក្នុងសារមន្ទីមានតាំងបង្ហាញនូវវត្ថុសិល្បៈបុរាណដែលរកឃើញតាមរយៈកំណាយបុរាណវិទ្យាក្នុងរមណីយដ្ឋាន Paestum ដែលរំលេចអំពីប្រវត្តិសាស្ត្រនិងតម្លៃរបស់រមណីយដ្ឋាននេះ។ រីឯនៅកន្លែងសិប្បកម្មប្រពៃណីមានតាំងបង្ហាញវត្ថុសិប្បកម្មជាច្រើន ជាពិសេសបង្ហាញពីការផលិតភាជន៍ ការកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ការឆ្លាក់ពណ៌លើឥដ្ឋការ៉ូ ការផលិតអាវុធនិងឧបករណ៍ការពារខ្លួននាសម័យបុរាណជាច្រើន ដែលរំលេចអំពីការថែរក្សាទំនៀមទម្លាប់ប្រពៃណីនិងអត្តសញ្ញាណតំបន់នេះពីបុរាណរហូតមកដល់បច្ចុប្បន្ន៕

ប្រភពពី៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

បញ្ចេញមតិ