ចំនួនទូកដែលនឹងមកចូលរួមប្រកួតនៅក្នុងឆ្នាំនេះគឺមានចំនួនច្រើនជាងឆ្នាំមុនៗ

ដោយ៖ ទី សារឿន​​ | ថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ចំនួនទូកដែលនឹងមកចូលរួមប្រកួតនៅក្នុងឆ្នាំនេះគឺមានចំនួនច្រើនជាងឆ្នាំមុនៗ ចំនួនទូកដែលនឹងមកចូលរួមប្រកួតនៅក្នុងឆ្នាំនេះគឺមានចំនួនច្រើនជាងឆ្នាំមុនៗ

ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា។ ការប្រណាំងទូក មានរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃ១៤ និង១៥កើត ដល់ថ្ងៃ ១រោច ខែកត្តិក ហើយពេលយប់ក៏មានការបណ្តែតប្រទីបផងដែរ។ ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២ តែប៉ុណ្ណោះ ពោលគឺនៅពាក់កណ្តាលរាត្រីនៃថ្ងៃ១៥ កើត ខែកត្តិក។

ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម៉្លេះ។ ក្នុងអំឡុងឆ្នាំ១១៧៧ ពួកចាម បានលើកទ័ពមក ធ្វើការលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ។ គ្រានោះព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនរុងរឿង ដល់កម្រិតកំពូលថែមទៀត។


ប្រវត្តិសាស្ត្រត្រង់នេះហើយទើបនាំឱ្យប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហាន របស់កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដីឱ្យរួចផុតពីការជិះជាន់របស់ពួកចាម ដែលជាខ្មាំងសត្រូវរបស់ខ្មែរនាសម័យនោះ។

ពិធីនេះបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី។ ពិធីបុណ្យអុំទូកនេះ ក៏បានភ្ជាប់នឹងពិធីផ្សេងៗទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសបុណ្យអុំទូក ប្រជាពលរដ្ឋតាមបណ្ដាខេត្ត-ក្រុង មួយចំនួន បានយកទូកមកប្រណាំងនៅទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីដណ្ដើមយកជ័យជម្នះ ឱ្យខេត្តរបស់ខ្លួនទៀតផង។

បើតាមការលើកឡើងរបស់លោក ប៊ូ ជុំសេរី អនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគការប្រកួតទូក «ង» បានឱ្យដឹងថា ក្នុងពិធីព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ គឺមានទូកចំនួន២៩៥ ចូលរួម។ ដោយក្នុងនោះមានទូកអុំនារី១, អុំបុរសមាន១៦៣ទូក, ទូកចែវនារី១ទូក ចែវបុរសមាន៣២ និងទូកខ្នាតអន្តរជាតិនារី២ និងខ្នាតអន្តរជាតិបុរសមានចំនួន៩៦។

សម្រាប់ឆ្នាំ២០១៨នេះ គឺទូកដែលចូលរួមប្រកួតមានចំនួនច្រើនជាងឆ្នាំមុនៗ ហើយជារៀងរាល់ឆ្នាំ យើងតែងតែសង្កេតឃើញថា មានចំនួនកើនឡើងជាលំដាប់ ហើយសម្រាប់ឆ្នាំនេះ មានទូកមកពី១៨រាជធានី-ខេត្តតែប៉ុណ្ណោះ ដែលបានចូលរួមអុំក្នុងព្រឹត្តិការណ៍នេះ»។

លោក ប៊ូ ជុំសេរី បានបន្ថែមទៀតថា ទូកទាំង២៩៥នេះ មកពីរាជធានី-ខេត្តចំនួន១៨ និងមកពីស្ថាប័នចំនួន៦ទៀតផ្សេងទៀត។ ដើម្បីបង្កើនបរិយាកាសនេះ ឱ្យកាន់តែអធិកអធម ហើយឆ្នាំនេះមានទូកពិសេសចំនួន ៨៦ទូក ដែលជាប្រភេទទូកអុំខ្នាតវែង និងមានចំណុះជាង ៦០នាក់ រហូតដល់៨០នាក់ឯណោះ។

លោក ប៊ូ ជុំសេរី

បញ្ចេញមតិ