លក្ខណៈពិសេសនៃ ភ្នែកទូកង ក្នុងជំនឿ និង សិល្បៈខ្មែរ
អញមើលឃើញពន្លឺថ្ងៃមុនហ្អែង
<<មើលឃើញ>>នៅទៅនេះ សំដៅដល់ការ<<កើត>>មានជីវិតឡើង។
មើលឃើញនោះក៏ដោយសារ<<ភ្នែក>>។ ឯភ្នែកមើលឃើញបាន ក៏ដោយសារមានពន្លឺភ្លឺ ដូចពាក្យចាស់ថា យប់មើលនឹងដៃ ថ្ងៃមើលនឹងភ្នែក។ ន័យខាងលើនោះ និយាយមួយមាត់គឺថា <<មានភ្នែក មានជីវិត>>។ ក្នុងពិធីអភិសេកព្រះ អាចារ្យវេលា ធ្វើកិច្ចមួយហៅថា សូត្របើកព្រះនេត្រព្រះ បំណងឱ្យពុទ្ធរូបឈើឬថ្មនោះ មានជីវិតឡើង មានភាពពិសិដ្ឋឡើង អាចថ្វាយបង្គុំបាន។
នៅពេលប្រណាំងទូកង ទើបគេយកភ្នែកមកបំពាក់ឱ្យទូក ក្នុងបំណងឱ្យមានជីវិតឡើង តាមរយៈជំនឿលើ រក្សាទូក។ នៅពេលចប់ប្រណាំង គេដោះភ្នែករក្សាទុកវិញ នៅពេលនោះទូកគ្រាន់តែជាទូក ភាពពិសិដ្ឋ អំណាច ត្រណមផ្សេងៗ ហាក់ថមថយ។
ខាងលើនេះនិយាយពីជំនឿ តែបើលើកពីសិល្បៈរចនារបស់ភ្នែកទូកងវិញ ជាប្រធានបទមួយផ្សេងដាច់ដោយឡែក ហើយដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង។ ជាងឆ្លាក់ម្នាក់ៗ មានគំនិតជាមូលដ្ឋានរួមគ្នា ឬ គំនិតខុសគ្នាខ្លះៗអំពីការធ្វើភ្នែកទូកង។ ហេតុនេះហើយទើបយើងឃើញភ្នែកទូកងនីមួយៗតែងខុសគ្នាជាធម្មតា ទាំងរូបរាង ទាំងការលំអ។ យើងអាចគិតពិចារណាលើកជាសំនួរអំពីភ្នែកទូកទាំងនោះបានថា ជាភ្នែកមនុស្សប្រុស ភ្នែកមនុស្សស្រី ឬជាភ្នែកសត្វអ្វីផ្សេង ភ្នែកនោះកាច ស្លូត មិនសូវកាច កាចខ្លាំង ស្រទន់ ក្រឡោត ធំ តូច ពណ៌ ប្រភេទឈើយកមកឆ្លាក់ ។ល។ ចម្ងល់ទាំងនេះ ជាងឆ្លាក់ភ្នែកទូកសុទ្ធតែអាចផ្តល់ចម្លើយឱ្យបាន តាមទំនៀមផ្សេងៗគ្នា ចេះពីគ្រូផ្សេងៗគ្នា។
អត្ថបទពី៖ Living with Heritage Project
+ ភ្នែកទូក គេដោះទុក ក្រោយពេលប្រណាំងចប់។
ក្នុងរូបនេះ គេកំពុងសែន ថ្វាយដល់រក្សាទូក ដើម្បីប្រាប់ដំណឹងពីការប្រណាំងចប់ និង នាំទូកត្រឡប់ទៅភូមិស្រុកវិញ ឱ្យមានសុវត្ថិភាពតាមផ្លូវ កុំជួបឧបសគ្គនានា។
+ ចំណុះទូក អុជទានបំភ្លឺនៅក្បាលទូកង ក្នុងពិធីព្រហ្មា ឆាកហ៊ោយកជ័យ នាវេលាយប់មុនចំណុះទូកទៅដេក