សត្វកន្ធាយយក្សដ៏កម្រជិតផុតពូជ ត្រូវបានលោកឧកញ៉ា ម៉ុង ឬទ្ធី យកទៅព្រលែង ក្រោយពីសង្រ្គោះពីគ្រោះចង្រៃ ប៉័ងតោ

កាលពីថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហោះនូវរូបភាពចំនួន ១០សន្លឹក ដែលបង្ហាញពីសកម្មភាពព្រលែងសត្វកន្ធាយមួយក្បាលដែលជាប្រភេទដ៏កម្រនិងជិតផុតពូជចូលទៅក្នុងស្រះមួយកន្លែងនៅឫទ្ធី សែនជ័យ។ សត្វកន្ធាយមួយក្បាលដែលមានទម្ងង់ដល់ទៅ ៣៩.៥០ គីឡូក្រាមនេះ ត្រូវបានលោកឧកញ៉ាឲ្យដឹងថា វាត្រូវបានកូនប្រុសរបស់គាត់ ឈ្មោះ ម៉ុង ចាន់ថុល សុំចែកទិញពីគេក្នុងតម្លៃ ៣,៩៥០,០០០៛ ខណៈពេលដែលគេបម្រុងនឹងសម្លាប់វាដើម្បីធ្វើជាម្ហូបទៅហើយនោះ។
លោកឧកញ៉ា ម៉ុង ឬទ្ធី ដែលគេស្គាល់ជាទូទៅថាជាឧកញ៉ាចិត្តធម៌ម្នាក់នោះបានឲ្យដឹងផងដែរថា ក្រោយពីកូនប្រុសរបស់គាត់បានសង្រ្គោះសត្វកន្ធាយដ៏កម្រនេះពីគ្រោះចង្រៃ ប៉័ងតោមក កូនប្រុសរបស់គាត់ក៏បានយកវាមកប្រគល់ជូនគាត់និងប្រពន្ធជាអ្នកចាត់ចែង។
បន្ទាប់ពីទទួលបានសត្វកន្ធាយមួយក្បាលដែលមានអាយុមិនតិចជាង ៥០ឆ្នាំនេះ គាត់និងភរិយាក៏បានឯកភាពគ្នា យកសត្វដ៏កម្រនេះទៅព្រលែងនៅក្នុងស្រះមួយ ដើម្បីថែរក្សាការពារទុកកុំឲ្យមានគ្រោះចង្រៃ ប៉័ងតោនេះមកតាមយាយីបន្តទៅមុខទៀត។
ជាចុងក្រោយលោកនិងភរិយា ក៏បានផ្ញើជូននូវបុណ្យកុសលនៃការព្រលែងសត្វកន្ធាយយក្សនេះទៅដល់មនុស្សដែលចេះមានក្តីមេត្តាទាំងអស់គ្នាផងដែរ ។
ខាងក្រោមនេះគឺជាសំណេរដើមរបស់លោក ឧកញ៉ា ម៉ុង ឬទ្ធី៖
វេលាម៉ោង១១ព្រឹកថ្លៃអាទិត្យទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយក្តីមេត្តាអាណិតស្រលាញ់សត្វព្រៃដ៏កម្រជិតផុតពូជ កូនប្រុសខ្ញុំម៉ុង ចាន់ថុលបានសុំចែកទិញយកសត្វកន្ធាយទម្ងន់ 39,50kg (សាមសិបប្រាំបួនគីឡូកន្លះ)ដែលមានអាយុកាលមិនតិចជាង៥០ឆ្នាំទេមើលទៅ ក្នុងតម្លៃ 3,950,000៛ ដែលគេបាននាំគ្នាសម្លៀងបាំងតោផ្សំគ្រឿងសម្រាប់ឆាក្តៅរួចជាស្រេចទៅហើយ ។
កូនយកមកជូនប៉ា ម៉ាក់យកទៅធ្វើអីក៏ធ្វើទៅស្រេចតែចិត្តខ្ញុំនិងភរិយាបានឯកភាពគ្នា យកមកព្រលែងនៅឫទ្ធី សែនជ័យដើម្បីថែរក្សាការពារទុកកុំអោយមានគ្រោះចង្រៃ បាំងតោនេះមកតាមយាយីបន្តទៅមុខទៀត រូបខ្ញុំនឹងភរិយាសុំផ្ញើរជូនបុណ្យកុសលនេះទៅដល់មនុស្សដែលចេះមានក្តីមេត្តាទាំងអស់គ្នា ។
អត្ថបទដោយ៖ ទី សារឿន