ប្រាសាទមឿងតាំ ឬ ប្រាសាទក្រោម ប្រាសាទបុរាណខ្មែរមួយដែលស្ថិតក្នុងប្រទេសថៃបច្ចុប្បន្ន

ដោយ៖ ទី សារឿន​​ | ថ្ងៃអាទិត្យ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ប្រាសាទមឿងតាំ ឬ ប្រាសាទក្រោម ប្រាសាទបុរាណខ្មែរមួយដែលស្ថិតក្នុងប្រទេសថៃបច្ចុប្បន្ន ប្រាសាទមឿងតាំ ឬ ប្រាសាទក្រោម ប្រាសាទបុរាណខ្មែរមួយដែលស្ថិតក្នុងប្រទេសថៃបច្ចុប្បន្ន

ប្រាសាទក្រោមស្ថិតនៅភូមិគោកមឿង ស្រុកព្រះកូនជ័យ (ប្រាគូនជ័យ) ខេត្តបុរីរម្យក្នុងប្រទេសថៃបច្ចុប្បន្ន។ ជនជាតិថៃដើមកំណើតខ្មែរ​ដែលរស់នៅយ៉ាងកុះករនៅជិតប្រាសាទនៅឡើយ គេហាក់ដូចជានៅតែមានអារម្មណ៍​កំពុងស្ថិតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយសារតែទិដ្ឋភាពនៃប្រាសាទក្រោម មានរចនាបទ និងរក្សាសោភ័ណ្ឌភាពដូចប្រាសាទបាពួនយ៉ាងដូច្នោះដែរ។

ប្រាសាទក្រោម ឬមឿងតាំ មានលក្ខណៈពិសេសជាងគេ ដោយមានកំពែងពីរជាន់ គឺកំពែងខាងក្រៅ និងខាងក្នុងព័ទ្ធជុំវិញប្រាសាទ។ នៅតាមទិសនៃកំពែងនីមួយៗ គេឃើញមានក្បូរក្បាច់ និងក្បាច់ផ្តែរយ៉ាងល្អក្រៃលែងគួរឲ្យចង់គយគន់។ បុរាណស្ថាន​ដ៏ស្រស់​ប្រិមប្រិយ​នេះ មានរាងបួនជ្រុងទ្រវែង មានប្រាង្គធ្វើំអំពីឥដ្ឋចំនួនប្រាំ និងមានស្រះទឹកព័ទ្ធជុំវិញប្រាសាទ។ នៅជុំវិញស្រះទឹក​មានរៀប​ជាបង្កាន់ដៃថ្ម ដែលមានរាងជានាគរាជក្បាលបីហ៊ុមព័ទ្ធជុំវិញ។

នៅក្បែរប្រាសាទក្រោម គេឃើញមានបារាយណ៍ទឹកមួយយ៉ាងធំ ដែលមានបណ្តោយដល់ ១០០០ម៉ែត្រ (មួយគីឡូម៉ែត្រ) ឯណោះ និងមានទទឹងកន្លះគីឡូម៉ែត្រ។ ស្រះបុរាណដ៏ធំនេះ ត្រូវបានជីកឡើងនៅសម័យសាងសង់ប្រាសាទតែម្តង នាសតវត្សរ៍ទី១១ នៃគ្រិស្តសករាជ។ បច្ចុប្បន្នគេស្តារស្រះនេះដើម្បីយកទឹកផ្គត់ផ្គង់ជូនអ្នកស្រុកនៅទីនោះសម្រាប់ធ្វើស្រែ ចម្ការ។

ប្រាសាទក្រោម ធ្វើពីឥដ្ឋត្រូវបានសាងសង់ឡើងជាពីរជួរ សម្រាប់តម្កល់ព្រះទេវរូប និងលិង្គព្រះឥសូរ ដែលជាគ្រឿងសិរីមង្គលសម្រាប់​ស្រុកភូមិ​នៃប្រជាជនរស់នៅតំបន់នេះ។ ប្រាសាទនេះបច្ចុប្បន្នត្រូវបានក្រុមសិល្បករថៃជួសជុលឡើងវិញ ដោយសារតែរចនាបទ​របស់​ប្រាសាទមានលក្ខណៈយ៉ាងល្អ។

អតីតប្រាសាទក្រោមរបស់ខ្មែរនេះ បានសាងសង់ឡើងសម្រាប់ការឧទ្ទិសដល់លទ្ធិសាសនាព្រាហ្មណ៍។ នៅតាមចម្លាក់ហោជាង និងផ្តែរនៃប្រាង្គប្រាសាទខាងជើង គេឃើញខ្មែរបុរាណឆ្លាក់ទេវកថាដែលមានរឿងទាក់ទិនទៅនឹងព្រះឥសូរគង់ប្រថាប់លើគោនន្ទិន ដោយមានបីទ្រត្រកងនាងបរវត្តី។ ព្រះគោនន្ទិនទ្រង់ឈរលើក្បាលរាហ៊ូ ក្បែរសិង្ហមួយគូដែលកំពុងព្រួសភួងផ្កាដ៏ស្រស់បំព្រង។ នៅដៃព្រះឥសូរ មានកាន់ត្រីសូល៌ ដែលជាអាវុធប្រកបដោយមហិទ្ធិឫទ្ធិដ៏គួរឲ្យព្រឺព្រួច។ ឯនៅតាមផ្តែរទាំងអស់ គេឃើញមាចម្លាក់រូបឥសូរដប់អង្គអង្គុយលុតជង្គង់លើកដៃប្រណម្យ។

សូមជម្រាបបន្ថែមទៀតថា ទេវស្ថានដ៏ស្រស់ត្រកាលនៅបន្តរហូតមកដល់ពេលនេះ ដែលស្ថាបត្យករខ្មែរបុរាណកសាងឡើងមានរចនាបទតាមប្រាសាទបាពួន និងមានសភាពដូចប្រាសាទព្រះវិហារដែរ។ ទេពកោសល្យនៃការកសាងប្រាសាទនេះ គឺជាព្រះតម្រិះរបស់ព្រះមហាក្សត្រខ្មែរដ៏ឆ្នើមនៅក្នុងអំឡុងសតវត្សរ៍ទី១១នៃគ្រិស្តសករាជ នៅពេលដែលខេត្តនេះនៅជាទឹកដីរបស់ខ្មែរនៅឡើយ។

ជាអវសាន សូមរំឭកថា អ្នកស្រុកក្នុងខេត្តនេះ ដែលសុទ្ធសឹងតែជាជនជាតិខ្មែរ នៅរក្សាភាសា និងប្រពៃណីដូនតារបស់ជាតិខ្លួន ទោះបីជាបានក្លាយទៅជាជនជាតិភាគតិចក៏ដោយ៕

អត្ថបទដោយ៖ លោក ម.ត្រាណេ

បញ្ចេញមតិ