ត្រឹមរយៈពេល ១០ខែ កម្ពុជាទទួលចំណូលជិត ៩៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

ដោយ៖ ទី សារឿន​​ | ថ្ងៃអាទិត្យ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨​ | ទេសចរណ៍ | 0 |
ត្រឹមរយៈពេល ១០ខែ កម្ពុជាទទួលចំណូលជិត ៩៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ត្រឹមរយៈពេល ១០ខែ កម្ពុជាទទួលចំណូលជិត ៩៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

ប្រាសាទ​អង្គរវត្ត និង​ប្រជុំ​សំណង់​ទាំង​អស់​នៃ​តំបន់​អង្គរ បាន​បន្សល់​ទុក​អច្ឆរិយភាព និង​អាថ៌កំបាំង​រាប់​មិន​អស់​សម្រាប់​ប្រជាជន​ខ្មែរ​ជំនាន់​ក្រោយ។ ប្រាសាទអង្គរវត្ត ត្រូវបានពិភពលោកទទួលស្គាល់ថា ជាសំណង់ដ៏​អស្ចារ្យ​មួយ​របស់​ពិភពលោក ដោយបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ១៩៩២ មកម៉្លេះ មិនតែប៉ុណ្ណោះនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រាសាទ​អង្គរវត្តរបស់យើងក៏ ត្រូវបានគេផ្ដល់ចំណាត់ថ្នាក់លេខ១ជា​ទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យ​បំផុតជាប់ៗគ្នាចំនួន៥ឆ្នាំមកហើយ តាមរយៈ​គេហទំព័រ​ដ៏ល្បីល្បាញ​ផ្សេងៗ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៨នេះ។

សម្បត្តិ​បេតិកភណ្ឌ​មិន​អាច​កាត់​ថ្លៃ​បាន​មួយ​នេះ គឺ​ជា​មរតក​ដ៏​អស្ចារ្យ​ដែល​ធ្វើ​ឲ្យ​កម្ពុជាល្បី​រន្ទឺ​លើ​ពិភពលោក​រហូត​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​រាប់​លាន​នាក់។ ជាក់ស្ដែងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ នៅរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០១៨ កម្ពុជាទទួលបានចំនួន ៩៣,៩២៧,៩២៦ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយវាមានការកើតឡើងចំនួន ១១.៥៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។

នៅក្នុងរបាយការណ៍ក៏បានបញ្ជាក់ថា នៅរយៈពេល១០ខែដូចគ្នានេះ ចំនួនភ្ញៀវទេសចរបរទេស​ដែលបានទិញ​បណ្ណចូល​ទស្សនាអង្គរមានចំនួនរហូតដល់ ២,០៩០,០៤៣នាក់ គឺកើនឡើង ៧.៧ភាគរយ។ បើតាមរបាយការណ៍ចំណូលដែលទទួលបាននោះ ក៏បានបញ្ជាក់ដែរថា ថវិការជិត ៩៤ លានដុល្លារនេះ រាជរដ្ឋាភិបាលកម្ពុជាបានដកថវិការចំនួន ៤,១៤០,០៨៦ដុល្លារ សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។

សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទ៖
* ប្រភេទប័ណ្ណចូលទស្សនា ១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ
* ប្រភេទប័ណ្ណចូលទស្សនា ៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ
* ប្រភេទបណ្ណចូលទស្សនា ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕

បញ្ចេញមតិ
អត្ថបទទាក់ទង