សូមចូលរួមគាំទ្រទាំងអស់គ្នានូវស្នាដៃរបស់លោក ជៀប ស៊ីបូរ៉ា អ្នកច្នៃម៉ូតតុក្កតាឈុតខ្មែរ

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
សូមចូលរួមគាំទ្រទាំងអស់គ្នានូវស្នាដៃរបស់លោក ជៀប ស៊ីបូរ៉ា អ្នកច្នៃម៉ូតតុក្កតាឈុតខ្មែរ សូមចូលរួមគាំទ្រទាំងអស់គ្នានូវស្នាដៃរបស់លោក ជៀប ស៊ីបូរ៉ា អ្នកច្នៃម៉ូតតុក្កតាឈុតខ្មែរ

បងប្អូនទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញរួចមកហើយនូវស្នាដៃច្នៃប្រឌិតរបស់លោក ជៀប ស៊ីបូរ៉ា ដែលមានឈ្មោះក្រៅមួយទៀតថា Bora Apsara Barbie ដោយលោកតែងតែធ្វើការបង្ហាញជូននូវការច្នៃម៉ូត​សំលៀកបំពាក់ឲ្យតុក្កតាជាច្រើន​ក្នុងទម្រង់បែប​របាំនិង​ប្រពៃណី​ខ្មែរផ្សេងៗ។

នៅរាល់ពេលលោកបង្ហាញពីស្នាដៃថ្មីម្ដងៗ គឺមានមនុស្សមិនតិចទេដែលបានកោតសរសើរចំពោះការច្នៃប្រឌិតរបស់លោក ប៉ុន្តែប្រហែលជាមានមនុស្សមិនច្រើននោះទេ ដែលបានដឹងនិងស្គាល់ពីប្រវត្តិតស៊ូពុះពាររបស់លោកកន្លងមក ទម្រាំតែស្នាដៃរបស់លោកអាចឈានមកការទទួលស្គាល់ជាសកល។

កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅថ្មីៗនេះ លោក ជៀប ស៊ីបូរ៉ា បានធ្វើការបង្ហោះផ្សាយតាមទំព័រហ្វេសប៊ុកមួយរបស់លោកដែលមានឈ្មោះថា ដោយរូបលោកបានបង្ហាញនូវរូបភាពនៃម៉ូតសំលៀកបំពាក់ប្រពៃណីខ្មែរនៅលើរូបតុក្កតាជាច្រើនសន្លឹក ដែលវាសុទ្ធសឹងតែស្នាដៃច្នៃប្រឌិតរបស់លោកផ្ទាល់។ ដោយភ្ជាប់ជាមួយនឹងរូបភាពទាំងនោះ លោកក៏បានធ្វើការអំពាវនាវឲ្យបងប្អូនដែលគាំទ្រស្នាដៃរបស់លោក មេត្តាជួយ like  និង Share ចំពោះស្នាដៃរបស់លោកផង ដើម្បីលោកទទួលបានពិន្ទុ និងឈ្នះនៅក្នុងការប្រកួត។

ក្រៅពីការសុំឲ្យជួយ like  និង Share គាំទ្រស្នាដៃរបស់លោក លោក ជៀប ស៊ីបូរ៉ា ក៏បានសរសេររៀបរាប់ពីរឿងរ៉ាវតស៊ូរបស់លោកក្នុងការច្នៃម៉ូតតុក្កតាឈុតខ្មែរនេះ ចាប់តាំងពីមិនមានការគាំទ្រពីក្រុមគ្រួសារ រហូតដល់ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

ខាងក្រោមនេះគឺជាខ្លឹមសារដើមទាំងស្រុករបស់លោក ជៀប ស៊ីបូរ៉ា ដែលបានបង្ហោះផ្សាយនាពេលថ្មីៗនេះ៖

Share ម្នាក់១មិនអស់ថ្មទេ បើស្រលាញ់និងគាំទ្រ សូមមេត្តាមិត្តអ្នកគាំទ្រស្នាដៃខ្ញុំទាំងឡាយ Like និង Share បានទេ ព្រោះនេះជាការប្រកួត ដើម្បីជាពិន្ទុសម្រាប់ខ្ញុំបាទ

ជំរាបសួរ! ខ្ញុំបាទឈ្មោះ ជៀប ស៊ីបូរ៉ា ដែលមិត្តក្នុងនិងក្រៅបណ្តាញសង្គមហ្វេសប៊ុក ស្គាល់និងហៅថា Bora Apsara Barbie បច្ចុប្បន្នជាអ្នកច្នៃម៉ូតតុក្កតាឈុតខ្មែរនិងជាបុគ្គលិកបម្រើការក្រុមហ៊ុនឯកជនមួយក្នុងខេត្តសៀមរាប។ ថ្ងៃនេះខ្ញុំសុំចែករំលែករឿងរ៉ាវដែលនាំអោយខ្ញុំបាទមានមោទនភាព។ កាលពីឆ្នាំ២០១១ ខ្ញុំជាសិស្សវិទ្យាល័យម្នាក់ដែលចូលចិត្តសិល្ប:បុរាណ គូរគំនូរ អានសៀវភៅប្រវត្តិសាស្តខ្មែរ ពេលមួយខ្ញុំបានចូលក្នុងបណ្ណាល័យអានប៉ះចំសៀវភៅមួយក្បាលដែលមានចំណងជើងថា របាំខ្មែរ ចងក្រងដោយលោក ពេជ្រ ទុំក្រវិល ក្នុងទំព័រនោះបានសរសេរអំពីសិលាចារឹកនៅប្រាសាទលលៃ សតវត្សទី៩ ដែលមានសេចក្តីក្នុងទំព័រនោះថា សិល្បការនី ផាត់មុខតុបតែងតុក្កតា ដើម្បីសម្តែងថ្វាយអទិទេព ធ្វើអោយខ្ញុំស្រមើលស្រម៉ៃនឹកឃើញទិញតុក្កតាបាប៊ីមកកាត់ដេរ តុបតែងជាសម្លៀកបំពាក់ទម្រង់បែបរបាំនិងប្រពៃណីខ្មែរ។

បន្ទាប់មកខ្ញុំក៏បានយកតុក្កតានោះទៅបង្ហាញមិត្តភក្តិរួមថ្នាក់ គ្រប់គ្នាក្នុងថ្នាក់ភ្ញាក់ផ្អើល ចាប់អារម្មណ៍ សរសើរសុំកាន់តុក្កតាម្តងម្នាក់។ អំឡុងឆ្នាំ២០១៣ គ្រួសាររបស់ខ្ញុំមិនអោយ ខ្ញុំបន្តការធ្វើតុក្កតានេះឡើយដោយពួកគាត់ចាត់ទុកថាវាជា រឿងឥតប្រយោជន៍។ ដោយការស្រលាញ់ខ្លាំងពេករាល់ពេលថ្ងៃនិងយប់ខ្ញុំតែងតែលួចធ្វើគ្រឿងនិង តុបតែងតុក្កតានេះមិនអោយពួកគាត់បានដឹងឡើយ។ ពេលដែលតុបតែងតុក្កតាជារូបអប្សរានិងផ្សេងៗរួចរាល់កាលណា ខ្ញុំតែងតែថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក មិត្តក្នុងបណ្តាញសង្គមក៏នាំគ្នាភ្ញាក់ផ្អើល ដោយចំនួនការចែកចាយលើបណ្តាញសង្គមពីមួយទៅមួយកើនឡើងជាលំដាប់ អ្នកសារពត៌មានជាច្រើននាក់ក៏បានសម្ភាស៍ចុះផ្សាយជា ភាសាខ្មែរនិងអង់គ្លេស។

ការសម្ភាស៍តាមបណ្តាសារពត៌មានចុះផ្សាយជាបន្តបន្ទាប់ កម្មវិធីពិពណ៌ផ្សេងជាច្រើនត្រូវបានហៅខ្ញុំបាទអោយចូលរួម ដើម្បីបង្ហាញស្នាដៃថ្មីប្រកបដោយសិល្ប:ជាតិជាទម្រង់សំលៀកបំពាក់ខ្មែរ អោយយុវជនខ្មែរជំនាន់ក្រោយបានយល់និងស្គាល់ អត្តសញ្ញាណជាខ្មែរនិងរក្សាទម្រង់ការតែងកាយរបស់បុព្វបុរសបន្សល់ទុកដល់មនុស្សជំនាន់ក្រោយ។ ឧបសគ្គចំនួន២ដែលខ្ញុំតស៊ូជំនះបាន ថវិការនិងការមិនគាំទ្រពីក្រុមគ្រួសារ ដោយសារជីវភាពក្នុងក្រុមគ្រួសារខ្ញុំមិនធូរធារ ទើបគាត់មិនសូវចាប់អារម្មណ៍ហើយព្យាយាមអោយខ្ញុំបោះបង់ចោល តែខ្ញុំនៅតែខំប្រឹងតស៊ូនូវអ្វីសមិទ្ធផលដែលខំប្រឹងប្រែង ទោះបីពួកគាត់មិនពេញចិត្តក៏ដោយ មិត្តក្នុងនិងក្រៅបណ្តាញសង្គមហ្វេសប៊ុកក៏នាំគ្នាប្រមូលជាថវិការួមគ្នាសម្រាប់ខ្ញុំបាទធ្វើដំណើរ ទៅទីក្រុងបង្ហាញស្នាដៃក្នុងកម្មវិធីពិពណ៌និងការសម្ភាស៍ផ្សេង។

រឿងដែលភ្ញាក់ផ្អើលនិងមោទនភាពដែលពុំនឹកស្មានដល់សោះក្នុងជីវិតរបស់ខ្ញុំកាសែត ទស្សនាវដ្ដី ទូរទស្សន៍ បានផ្សព្វផ្សាយស្នាដៃខ្ញុំបាទជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ រយះពេល៦ឆ្នាំពុះពារឧបសគ្គជាមួយគ្រួសារនិងការងារក្លាយជារឿងដែលមិត្តអ្នកគាំទ្រត្រូវបានដឹងលឺនិងចុះផ្សាយជាសាធារណះ ដើម្បីសម្រេចក្តីស្រម៉ៃ ដោយប្រជាជនកម្ពុជាក្នុងនិងក្រៅប្រទេសបានស្គាល់និងគាំទ្រស្នាដៃរបស់ខ្ញុំបាទតាមរយះបណ្តាញប្រព័ន្ធផ្សព្វផ្សាយក្នុងនិងក្រៅប្រទេស។

ខ្ញុំបាទជាយុវជនសញ្ជាតិខ្មែរម្នាក់ពិតជាមានមោទនភាពបំផុត ដែលបានផ្សព្វផ្សាយឈុតនិងសម្លៀកបំពាក់បុរាណខ្មែរបុរាណតាមរយះតុក្កតា ទៅកាន់ប្រជាជននិងយុវជនកម្ពុជាជំនាន់ថ្មី និងបណ្តាប្រទេសផ្សេងៗអោយស្គាល់អត្តសញ្ញាណរបស់ប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជាអោយបានច្រើន។ សូមអរគុណបងប្អូនអ៊ុំពូមីង នៅក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រខ្ញុំបាទ ដូចជា កម្ពុជា សហរដ្ឋអាមេរិក អូស្ត្រាលី ចិន ជប៉ុន កូរ៉េនិងបារាំង។ #buildwithpride #storiesofpride2

ខាងក្រោមនេះគឺជាតំណភ្ជាប់ទៅប្រភពដើមរបស់លោក ជៀប ស៊ីបូរ៉ា ផ្ទាល់៖

https://web.facebook.com/sun.porarchi/posts/1792718954083598

បញ្ចេញមតិ