សូមសរសើរស្នាដៃគូរគំនូររបស់បងប្រុស! គំនូររូបលោក វេជ្ជបណ្ឌិត Beat Richner ស្ទើរតែដូចបេះបិទ (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
សូមសរសើរស្នាដៃគូរគំនូររបស់បងប្រុស! គំនូររូបលោក វេជ្ជបណ្ឌិត Beat Richner ស្ទើរតែដូចបេះបិទ (មានវីដេអូ) សូមសរសើរស្នាដៃគូរគំនូររបស់បងប្រុស! គំនូររូបលោក វេជ្ជបណ្ឌិត Beat Richner ស្ទើរតែដូចបេះបិទ (មានវីដេអូ)

លោកវេជ្ជបណ្ឌិត Beat Richner ដែលបានចំណាយពេលស្ទើរតែពាក់កណ្ដាលជីវិតរបស់លោកក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាយើង ដែលយើងអាចចាត់ទុករូបលោកថាជា “គ្រូពេទ្យទេវតាសម្រាប់កុមារកម្ពុជា” មួយរូប។ លោក ប៊ីត រិចន័រ បានទទួលមរណភាពនៅវេលាម៉ោង២៖៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស។ មរណភាពរបស់លោក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានការសោកស្ដាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត។
ក្រោយពីមរណភាពរបស់លោក យើងឃើញមានកូនខ្មែរមួយចំនួនបានបង្កើតស្នាដៃតែនិពន្ធ នូវកំណាព្យ បទចម្រៀង និងសូនរូបជាដើម ដើម្បីជាការនឹករំលឹកគុណបំណាច់ដែលលោកបានលះបង់ចំពោះកុមារកម្ពុជារាប់សែននាក់ ហើយនៅពេលនេះ យើងក៏ឃើញមានស្នាដៃគូរគំនូរមួយអំពីរូបលោកវេជ្ជបណ្ឌិត Beat Richner ផងដែរ។


គំនូរដែលស្ទើរតែដូចបេះបិទ និងមានរស់រវើកដូចមនុស្សពិតៗនេះ គឺជាស្នាដៃរបស់បងប្រុសម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Artists Cambodia ដែលត្រូវបានមហាជនស្គាល់ថា ជាជាងគូរគំនូរពណ៌ប្រេង
ម្នាក់នៅខេត្តសៀមរាប។ ភ្ជាប់ជាមួយនឹងរូបភាពនិងវីដេអូពីសកម្មភាពគូរគំនូរមួយផ្ទាំងនេះ បងប្រុសក៏បានសរសេរនូវខ្លឹមសារពិសេស ដែលបង្ហាញពីអត្ថន័យ និងការរំលឹកដល់គុណបំណាច់របស់វេជ្ជបណ្ឌិត Beat Richner ផងដែរ។ ខាងក្រោមនេះគឺជាខ្លឹមសារដើមរបស់គាត់៖

គំនូរពណ៌ប្រេង គូដោយខ្ញុំបាទ
រូបលោក វេជ្ជបណ្ឌិត Beat Richner ដែលលោកជាមនុស្សមានចិត្តសប្បុរសធម៌ មានគុណធម៌ នឹងមនោសញ្ចេតនាខ្ពស់ចំពោះមនុស្សគ្រប់សញ្ជាតិ ដោយមិនប្រកាន់ពូជសាសន៍ឡើយ ជាពិសេសចំពោះកុមារ ហើយជាក់ស្តែងដែលយើងទាំងអស់គ្នាបានដឹងអំពីទឹកចិត្តដ៏មានគុណធម៏ នឹងគួអោយគោរពរបស់លោកតែម្តងនោះ គឺលោកបានជួយ សង្រ្គោះជីវិតកុមារជាច្រើននៅប្រទេសកម្ពុជា ដោយលោកលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួន ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីតែសេចក្តីសុខអ្នកដទៃគ្រប់គ្នា ដោយមិនគិតពីខ្លួនឯង ត្រង់នឹងហើយដែលធ្វើអោយពួកយើងមានការដិតដាមនូវទង្វើរល្អរបស់លោកគ្មានថ្ងៃភ្លេច។
៚ ពាក្យថាមនុស្សនេះណា គឺទាល់តែបែបនេះទើបគេហៅថាមនុស្ស មនុស្សគឺចិត្តនឹងមនោសញ្ចេតនាល្អចំពោះអ្នកដទៃដោយមិនផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួន
តែបើមនុស្សគ្មានចិត្តនឹងមនោសញ្ចេតនាចំពោះអ្នកដទៃទេ គឺលែងហៅថាមនុស្សហើយ ទោះបីអ្នកជាស្តេច រឺ មានអ្វីគ្រប់យ៉ាងក៏ដោយ បើអត់ចិត្តនឹងមនោសញ្ចេតនាហើយ អ្នកនោះ មានតំលៃត្រឹមជាសត្វតែប៉ុណ្ណោះ។

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ