ភាពអស្ចារ្យនៃប្រាសាទបាគង
ប្រាសាទបាគង សាងឡើងក្នុងរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១ ក្នុងឆ្នាំ៨៨១ សម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ។ ប្រាសាទនេះមានឈ្មោះដើមថា ឥន្រ្ទស្វារៈ ( ការភ្ជាប់ព្រះនាមទ្រង់ នឹងព្រះសិវៈ ) ដែលស្ថិតនៅចំកណ្តាលនៃរាជធានីហរិហរាល័យ ( រលួស ) គឺប្រាសាទនៃទីក្រុងរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១។
បាគង ជាឈ្មោះដែលគេហៅនាពេលបច្ចុប្បន្ននេះ ដែលមានន័យថា «បា» (សំ ) = ព្រះសិវៈ អ្នកគ្រប់គ្រងលោក ព្រះវិស្ណុអ្នកថែរក្សាលោក និងព្រះព្រហ្មអ្នកបង្កើតលោក ។ ពាក្យថា « គង» ក្លាយមកពីពាក្យថាគង់ គឺគង់នៅ ដែលមានន័យស្មើនឹងទេវស្ថានសម្រាប់ព្រះទាំងបីគង់នៅ។ ប្រាសាទនេះជានិម្មិតរូបនៃភ្នំមេរុ ដែលស្រដៀងគ្នានឹងប្រាសាទបួរួបូឌួ នៅប្រទេសឥណ្ឌូនេសុី ( ប្រទេសជ្វា អតីតកាល )។
ប្រាសាទបាគង មានខឿន៥ថ្នាក់ ដែលតំណាងឲ្យឋាន៥ គឺឋាននាគ ឋានគ្រុឌ ឋានរក្សាសៈ ( ឋានមនុស្ស ) ឋានយក្ស និងឋានមហារាជ ( ឋានអាទិទេព ) រាប់ពីក្រោមឡើងលើ ។ បាគង មានចម្លាក់ទេពបីអង្គ ដែលសព្វថ្ងៃតម្កល់នៅសារៈមន្ទីរជាតិអង្គរ ។ ប្រាសាទនេះមានតួប៉ម១២ តំណាងឲ្យខែទាំង១២ គឺតំណាងឲ្យព្រះកាល គឺពេលវេលា ។ តួប៉មកណ្តាលសង់ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ស្ថិតក្នុងរចនាបថអង្គរវត្ត ដោយប្រាង្គចាស់ក្នុងរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១ នោះសង់ពីឥដ្ឋសម្រាប់តម្កលសិវៈលិង្គ ( កម្រតេងជគតរាជស្រីឥន្ទ្រស្វារៈ ) សម្រាប់តម្លើងឋានៈទ្រង់ជាស្តេចនៃចក្រវាឡ ដែលជាអំណាចអមតទាំង៩ និងអាណាចក្រ៣ ។
ប្លង់គម្រូនៃប្រាសាទបាគង នៅខេត្តសៀមរាប
វាមានប្រាង្គសង់ពីឥដ្ឋ៨ ទៀតតំណាងឲ្យទិសទាំង៨ និងជាទីគង់របស់លោកបាលទាំង៨ និងជាលោកធាតុទាំង៨ គឺទឹក ដី ភ្លើង ខ្យល់ មេឃ ព្រះអាទិត្យ ព្រះច័ន្ទ និងអាត្ម័ន។ ប្រាសាទនេះមានគូទឹកព័ទ្ធជុំវិញ ដែលតំណាងឲ្យមហាសមុទ្រធំៗទាំង៧។
ប្រាសាទបួរួបូឌួ នៅប្រទេសឥណ្ឌូនេសុី
ប្រាសាទបាគង ត្រូវបានជ្រើសយកសម្រាប់ការរចនាវិមានឯករាជ្យ ក្រុងភ្នំពេញ ដោយស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ តាមព្រះរាជតម្រិះព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ។
@Meng Hor Architec
វិមានឯករាជ្យ នៅក្រុងភ្នំពេញ