ក្បឿងខ្មែរបុរាណ
ក្បឿងខ្មែរបុរាណ ជាកេរមរតកមួយដូចគ្នានឹងក្រណាត់សូត្រ ហូល ផាមួង ដែលសម្គាល់ពីអត្តសញ្ញាណរបស់ជាតិខ្មែរ។
តាមការស្រាវជ្រាវរបស់បណ្ឌិត សូ សុគន្ធារី បានឲ្យដឹងថា តាមរយៈការយកសំណល់ក្បឿង និងឥដ្ឋ ទៅពិសោធន៍ជាមួយនឹងសារធាតុគីមីកាបូន១៤ ដើម្បីកំណត់អាយុកាលរបស់វត្ថុទាំងនោះ អ្នកស្រាវជ្រាវបានរកឃើញថា សំណល់ទាំងនេះសុទ្ធតែមានអាយុកាលប្រហែលតាំងពី ៥០០ឆ្នាំ នៃគ្រិស្តសករាជមកម្ល៉េះ។ ដូចនេះក្បឿងខ្មែរបុរាណ មានអាយុកាលយូរលង់ណាស់មកហើយ។
ជាទូទៅប្រជាពលរដ្ឋខ្មែរតែងប្រើប្រាស់ ក្បឿងសម្រាប់ក្រាលដំបូលផ្ទះ ដំបូលកុដិ ដំបូលព្រះវិហារជាដើម ។ល។ ក្បឿងខ្មែរបុរាណ មានរាងជាខ្លួននាគ ស្រកានាគ និងស្រកាលេញ (ស្រកាសត្វត្រីលេញ) ។
នៅក្នុងការបង្ហោះផ្សាយមួយរបស់ទំព័រហេ្វប៊ុក Khmer Youth of the Mekong Delta មានបង្ហាញនូវគម្រូក្បឿងបុរាណខ្មែរនៅសម័យអង្គរ ដែលអ្នកស្រាវជ្រាវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរកុលាលភាជន៍មួយក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ តាមរូបភាព យើងអាចស្វែងយល់អំពីទម្រង់ក្បឿង ព្រំដំបូលដែលធ្វើពីដីដុត និងរបៀបប្រក់។ ដើម្បីស្វែងយល់អំពីរចនាសម្ព័ន្ធឡ បំណែកកុលាលភាជន៍ផ្សេងៗ ព្រមទាំងប្រវត្តិនៃការស្រាវជ្រាវយ៉ាងណា សូមអញ្ជើញទៅទស្សនាផ្ទាល់នៅទីនោះ។
អត្ថបទដោយ៖ ទី សារឿន