បងស្រីជាអតីតពលករថៃម្នាក់សម្រាលកូននៅមន្ទីរពេទ្យជប៉ុនមានជីវភាពខ្វះខាតកំពុងត្រូវការជំនួយពីសប្បុរសជន

ដោយ៖ ទី សារឿន​​ | ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨​ | ការងារសង្គម | 0 |
បងស្រីជាអតីតពលករថៃម្នាក់សម្រាលកូននៅមន្ទីរពេទ្យជប៉ុនមានជីវភាពខ្វះខាតកំពុងត្រូវការជំនួយពីសប្បុរសជន បងស្រីជាអតីតពលករថៃម្នាក់សម្រាលកូននៅមន្ទីរពេទ្យជប៉ុនមានជីវភាពខ្វះខាតកំពុងត្រូវការជំនួយពីសប្បុរសជន

បងស្រី នួន ស៊ីណា ដែលជាអតីតពលករថៃម្នាក់បានសម្រាលកូននៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ហៅ មន្ទីរពេទ្យជប៉ុន។ ដោយគាត់មានជីវភាពខ្វះខាតផង និងកូនប្រុសដែលទើបសម្រាលរបស់គាត់មានទម្ងន់ធ្ងន់ដែលទាមទារឲ្យទទួលការសម្រាលដោយវះកាត់ផង ទើបគាត់មិនបញ្ហាផ្នែកថវិកាយ៉ាងខ្លាំង។

បើតាមការរៀបរាប់របស់ បងស្រី នួន ស៊ីណា បានឲ្យដឹងថាគាត់មានស្រុកកំណើតនៅភូមិវាលត្រែង ឃុំតាលុន ស្រុកស្អាង ខេត្តកណ្ដាល បងស្រីធ្លាប់ទៅធ្វើជាកម្មករដាំម្នាស់នៅឯប្រទេសថៃអស់រយៈពេលជាងកន្លះឆ្នាំមកហើយ ប៉ុន្តែដោយសារតែការធ្វើជាកម្មករនៅប្រទេសថៃជួបទុក្ខលំបាកពេក និងពុំសូវសមប្រកបជាមួយនិងជីវភាពចឹញ្ចឹមជីវិតប្រចាំថ្ងៃ បងស្រីនិងស្វាមី ក៍សម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញ ដោយប្រែជីវិតពីអ្នកដាំម្នាស់នៅឯប្រទេសថៃ មកជាកម្មករបេះស្វាយនៅឯស្រុកកំណើតវិញ។

ប៉ុន្តែក្រោយពីការវិលត្រឡប់មកខ្មែរវិញមិនបានយូរប៉ុន្មានផង បងស្រី នួន ស៊ីណាត ក៍ត្រូវជួបទុក្ខលំបាកដ៍ធំមួយ គឺគាត់ត្រូវសម្រាលកូនទី៤ របស់គាត់ដែលមានទម្ងន់ធ្ងន់រហូតទៅដល់ ៤.៦ គីឡូក្រាម ដោយតម្រូវឲ្យសម្រាលដោយវះកាត់ អាស្រ័យហេតុនេះទើបមន្ទីពេទ្យឃុំដែលគាត់បានទៅរកសេវាសម្រាលបុត្រដំបូង បានសម្រេចចិត្តបញ្ជូនរូបគាត់មកភ្នំពេញ ដើម្បីធ្វើការសម្រាលកូននៅមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក នៅភ្នំពេញវិញ។

បងស្រីបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា នៅពេលគាត់ឡើងមកសម្រាលបុត្រនៅភ្នំពេញនេះ គឺបងស្រីមានលុយត្រឹមតែ២០ម៉ឺនរៀលតែប៉ុណ្ណោះ ហើយត្រូវចំណាយថ្លៃឡានអស់ចំនួន១៦ម៉ឺនរៀល គឺនៅសល់លុយប្រមាណ៤ម៉ឺនរៀលប៉ុណ្ណោះទុកសម្រាប់ចាយវាយរយៈពេលមួយសប្ដាហ៍នៅមន្ទីរពេទ្យនេះ។

បន្ថែមលើសពីនេះទៀត បងស្រីបាននិយាយទាំងទឹកមុខក្រៀមក្រំថា ប៉ុន្មានថ្ងៃដំបូងក្រោយពីសម្រាលហើយ គាត់មិនមានទឹកដោះសម្រាប់បំបៅដល់កូនរបស់គាត់ទេ គឺម្ដាយជរាដែលមកជួយមើលការខុសត្រូវគាត់បានដើរសុំទឹកដោះគោពីអ្នកសម្រាលកូនឯទៀតដែលនៅក្នុងបន្ទប់ជាមួយគ្នាបានបន្តិចបន្តួចឲ្យកូនរបស់គាត់បៅប៉ុណ្ណោះ។

បងស្រីក៏បានឲ្យដឹងដែរថា ក្រោយពីទទួលការសម្រាលបុត្រដោយសុខសុវត្ថិភាពទាំងម្ដាយទាំងកូន ពីសំណាក់ក្រុមគ្រូពេទ្យរួចមក គាត់មិនត្រូវបានខាងមន្ទីរពេទ្យគិតថ្លៃវះកាត់និងស្នាក់នៅនោះទេ តែគាត់ថែមទាំងទទួលបានការឧបត្ថម្ភជាថវិកា សំលៀកបំពាក់ និងម្ហូបអាហារបន្តិចបន្តួចជាហូរហែរពីសំណាក់ក្រុមគ្រូពេទ្យ ក៏ដូចជាបងប្អូនដែលមកសម្រាកព្យាបាលនៅក្នុងបន្ទប់ជាមួយគ្នាផង។

រូបភាពផ្ទះរបស់បងស្រី នួន ស៊ីណាត នៅស្រុកស្អាង

សូមបញ្ជាក់ដែរថា បងស្រី នួន ស៊ីណាត មានស្វាមីឈ្មោះ ហឿន ពៅ មានមុខរបរជាកម្មករបេះស្វាយ នៅស្រុកស្អាង។ ពួកគាត់មានកូនចំនួន ៤នាក់ ដោយកូនស្រីទី១ អាយុ ១៥ឆ្នាំ និងកូនស្រីទី២ អាយុ ១៣ឆ្នាំ កំពុងធ្វើការបម្រើតាមផ្ទះគេនៅភ្នំពេញ កូនប្រុសទី៣  អាយុ ៧ឆ្នាំ និងកូនប្រុសទី៤ ដែលទើបតែមានអាយុ ៧ ថ្ងៃនេះ។

ក្នុងនាមយើងខ្ញុំជាក្រុមការងារ SPKT LIV ពិតជារំភើប និងសូមអរគុណដល់ទឹកចិត្តរបស់ក្រុមគ្រូពេទ្យ និងបងប្អូនខ្មែរទាំងអស់គ្នា ដែលបានចូលរួមចែករំលែកទុក្ខលំបាករបស់បងស្រី នួន ស៊ីណា កន្លងមក ហើយយើងខ្ញុំក៏សូមអំពាវនាវដល់សប្បុរសជនទាំងឡាយដែលមានចិត្តសទ្ធាជ្រះថ្លាចង់ចូលរួមជួយឧបត្ថម្ភដល់បងស្រី។ ហើយសម្រាប់បងប្អូនទាំងអស់គ្នាអាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មាន និងជួបជាមួយបងស្រីផ្ទាល់តាមរយៈទូរស័ព្ទរបស់កូនស្រីគាត់ដែលមានលេខ ០៩៦ ៤២៣ ០២៥៣ ឬអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈក្នុងការងារ SPKT LIV យើងខ្ញុំតាមរយៈលេខ ០៧៧ ៧៧ ៣១ ៦៦/ ០៨១ ៦០៩ ៥០៨។ សូមអរគុណ!

បញ្ចេញមតិ
អត្ថបទទាក់ទង