សូមកោតសរសើរដល់និស្សិតកម្ពុជាយើងដែលមានសមត្ថភាពអាចបង្កើតដ្រូនកសិកម្មដ៏ទំនើបមួយនេះបាន
កាលពីដើមឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមនិស្សិតឆ្នាំទី ៣ និងទី ៤ ផ្នែកមេកានិចនិងអេឡិចត្រូនិច នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (National Polytechnic Institute of Cambodia-NPIC) មួយក្រុមបានរួមគ្នាបង្កើត ដ្រូនកសិកម្ម ឬអាហៅម្យ៉ាងទៀតថា កូនយន្តហោះគ្មានអ្នកបើក មួយគ្រឿងយ៉ាងធំ ដែលសម្រាប់បម្រើដល់វិស័យកសិកម្មនៅកម្ពុជាយើង។
ចំពោះលក្ខណៈពិសេសនៃដ្រូនកសិកម្មនេះគឺ វាមានស្លាបចំនួនដល់ទៅ ៦ ស្លាប ដែលអាចផ្ទុកធុងទឹកបានចំនួន ១០ លីត្រ ព្រមទាំងអាចហោះបានរយៈពេល ២៥ នាទី ក្នុងរយៈកម្ពស់ ៥ ម៉ែត្រ ឯណោះ។
ចំពោះបញ្ហាចម្បងនៅពេលដំណើរការធ្វើដ្រូននេះ ត្រូវបានលោក ថ្លាង សុជេន ជាអ្នកសម្របសម្រួលគម្រោងបង្កើតដ្រូនកសិកម្ម (កូនយន្តហោះគ្មានអ្នកបើក) និងជាតំណាងក្រុមនិស្សិតដែលចូលរួមបង្កើតគម្រោងបានឲ្យដឹងថា គម្រោងនេះមិនត្រឹមតែទាមទារច្រើនទាំងធនធានមនុស្ស និងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានជួបនូវបញ្ហាធំៗមួយចំនួនទៀតដូចជា៖
- គម្រោង Proposal ត្រូវបានរៀបចំ និងដាក់ស្នើរជាច្រើនដង ទម្រាំតែមានការយល់ព្រម។
- ពិបាកស្វែងរកឧបករណ៍ដែលទាក់ទងដូចជា ឧបករណ៍ទម្ងន់ស្រាល ធន់ ដើម្បីធ្វើឲ្យប្រព័ន្ធដ្រូនអាចដំណើរការបាន។
- ជួបបញ្ហាបច្ចេកទេសផ្នែកកម្មវិធី(Program) ដោយប្រើកម្មវិធីអូតូផាយឡុត (Pilot) ពិបាកក្នុងការគ្រប់គ្រង ព្រោះត្រូវការសេនស័រល្អ និងលំនឹងពីតួដ្រូនទាំងមូល ដើម្បីឲ្យការហោះមានលំនឹងល្អ។
គម្រោងដែលបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនផ្នែក Hardware ដ៏ល្បីមួយនៅជប៉ុន MinebeaMitsumi មួយនេះបានចាប់ផ្តើមដំណើរការតាំងពីដើមខែមករា ទើបរួចរាល់ចេញជារូបរាងនៅខែមេសា ពោលគឺមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ២០១៨ កន្លងទៅនេះ ដើម្បីឲ្យទាន់ការដាក់តាំងពិពិរណ៍នៅមុខប្រាសាទអង្គរវត្ត។ ដោយឡែកការធ្វើតេស្តមិនទាន់ចប់សព្វគ្រប់នៅឡើយទេ គឺត្រូវការតេស្តជាមួយមុខងារ GPS នៅខែសីហាទើបបញ្ចប់ និងដើម្បីឲ្យប្រាកដថាអាចប្រើការបាន។
ចំពោះគោលបំណងនៃការបង្កើតដ្រូនកសិកម្មនេះឡើង ត្រូវបានគេឲ្យដឹងថា គឺដើម្បីចង់ឲ្យសិស្សនិស្សិតបានស្វែងយល់ពីប្រព័ន្ធដ្រូន ដែលអាចចង់ជួយដល់វិស័យកសិកម្មនៅកម្ពុជាឲ្យទំនើបជាងមុន និងចង់ពង្រីកចំណេះដឹងផ្នែកបច្ចេកទេសធ្វើដ្រូន និងបង្ហាញឲ្យមហាជនឃើញថា និស្សិតកម្ពុជាក៏មានសមត្ថភាពអាចបង្កើតដ្រូនបានដូចសិស្សបរទេសដែរ៕
អត្ថបទដោយ៖ ទី សារឿន
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖