រមណីយដ្ឋានសង់ពីដើមឬស្សីលើភ្នំហាន់ជ័យ ទឹកដីខេត្តកំពង់ចាម
រមណីយដ្ឋាននៅលើភ្នំហាន់ជ័យ ដែលមានឈ្មោះជាភាសាអង់គ្លេសថា HANCHEY BAMBOO-RESORT បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ថ្មីៗនេះ ហើយបានបើកឲ្យភ្ញៀវចូលទស្សនានិងស្នាក់នៅចាប់ពីថ្ងៃទី១៥ ខែតុលាតទៅ។
រមណីយដ្ឋានឬស្សី HANCHEY BAMBOO-RESORT ត្រូវបានសាងសង់លើដីទំហំ៥ហិកតា ស្ថិតនៅជាប់រមណីយដ្ឋានប្រវត្តិសាស្រ្ត ភ្នំហាន់ជ័យ ក្នុងទឹកដីភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ និងមានចម្ងាយ២៤គីឡូម៉ែត្រពីក្រុងកំពង់ចាម។
រមណីយដ្ឋានកែច្នៃពីដើមឬស្សីស្ទើរទាំងស្រុងនៅលើភ្នំហាន់ជ័យខេត្តកំពង់ចាមនេះ គឺមានការច្នៃប្រឌិតប្រកបដោយភាពស្រមើស្រម៉ៃមួយ ដែលបានចំណាយទុនវិនិយោគទឹកប្រាក់ជាង៥០ម៉ឺនដុល្លារអាមេរិក ដោយក្នុងនោះមានអាគារសរុបចំនួន១៥ គឺសង់ពីដើមឬស្សីស្រុក ឬស្សីស្រុកចិន និងឬស្សីពីងពង់ ក្នុងនោះមានជាអគារបឹងគីឡូ អគារទទួលភ្ញៀវ ភោជនីយដ្ឋាន អគារសមាធិ អគារអន្តេវាសិក អគារបុគ្គលិក អគារធ្វើសរសៃ និងអាងហែលទឹកជាដើម។
បើតាមការឲ្យដឹងពីអ្នកគ្រប់គ្រងទូទៅនៅរមណីយដ្ឋានមួយនេះបានឲ្យដឹងថា រមណីយដ្ឋាននេះមានផ្តល់សេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន សណ្ឋាគារ ជូនភ្ញៀវដែលមកកម្សាន្ត លំហែកាយ វិបស្សនា សមាធិ ដើម្បីព្យាបាលផ្លូវចិត្ត ដែលមានគ្រូពេទ្យផ្នែកជំនាញខាងចិត្តសាស្រ្តមកព្យាបាលផងដែរ។ លោកបានបន្តថា រមណីដ្ឋាននេះបានបង្រៀនប្រជាពលរដ្ឋ ក្នុងសហគមន៍ជុំវិញតំបន់ភ្នំហាន់ជ័យ ឲ្យក្លាយជាបុគ្គលិកបម្រើការ ក្នុងរមណីយដ្ឋាននេះតែម្តង ដើម្បីកាត់បន្ថយភាពគ្មានការងារធ្វើ និងជួយបង្កើនប្រាប់ចំណូល ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះ។
រមណីយដ្ឋាន HANCHEY BAMBOO-RESORT ដែលបានប្រើប្រាស់ឫស្សីជាង៩០%នេះ បានទទួលការទាក់ទាញ់ខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយរមណីយដ្ឋាននេះពិតជាមានលក្ខណៈស្រស់ស្អាត មានខ្យល់ឱកាសល្អបរិសុទ្ធ ហើយធ្វើឲ្យមានអារម្មណ៍សប្បាយរីករាយ ភ្លេចអស់នូវទុក្ខកង្វល់ ពេលដែលបានទៅដល់តំបន់នេះ ដោយភ្ញៀវទេសចរអាចគយគន់ទេសភាព របស់ដងទន្លេមេគង្គ ពិសេសមានការសាងសង់អគារពីដើមឬស្សី ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដែលបានរចនាចេញពីផ្កាឈូកនេះតែម្ដង។
សូមបញ្ជាក់ផងដែរថា រមណីយដ្ឋាន HANCHEY BAMBOO-RESORT បានបើកឲ្យដំណើរការសាកល្បងរយ:ពេលជិតមួយខែហើយ ដោយមានភ្ញៀវមកចូលទស្សនា នៅតំបន់រមណីយដ្ឋាននេះជាហូហែរ ដែលក្នុងមួយថ្ងៃៗមានភ្ញៀវមកលេងកម្សាន្តចាប់ពី១០០នាក់ ទៅ៣០០នាក់ឯណោះ៕
អត្ថបទដោយ៖ ទី សារឿន