សួនកម្សាន្ត Fantawild Asian Legend នៅ​ប្រទេសចិន ជាសួនកម្សាន្តដ៏ធំមួយដែលយកគម្រូតាមប្រាសាទបុរាណខ្មែរ

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨​ | ទេសចរណ៍ | 0 |
សួនកម្សាន្ត Fantawild Asian Legend នៅ​ប្រទេសចិន ជាសួនកម្សាន្តដ៏ធំមួយដែលយកគម្រូតាមប្រាសាទបុរាណខ្មែរ សួនកម្សាន្ត Fantawild Asian Legend នៅ​ប្រទេសចិន ជាសួនកម្សាន្តដ៏ធំមួយដែលយកគម្រូតាមប្រាសាទបុរាណខ្មែរ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សួនកម្សាន្តដ៏ធំមួយរបស់ចិន ដែលបង្ហាញនូវរូបរាងសំណង់​មហាប្រាសាទរបស់ខ្មែរ គឺប្រាសាទអង្គរវត្ត បានបើកសម្ពោធជាផ្លូវការ។ សួនដែលទើបនឹងកសាងថ្មីនេះមានឈ្មោះថា Fantawild Asian Legend ដែលមានទីតាំងស្ថិតនៅ​ទីក្រុង ណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី។

ដោយមានការរៀបចំតុបតែងនូវ ក្បូរក្បាច់រចនានូវមហាប្រាសាទអង្គររបស់កម្ពុជា សួនកម្សាន្តនេះបានធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍ជាខ្លាំង។

ចំពោះគោលបំណងនៃការការបង្កើតសួនកម្សាន្តនេះឡើង ត្រូវបានគេឲ្យដឹងថា គឺដើម្បីបង្ហាញពីអរិយធម៌​ និងទំនៀមទំលាប់ប្រពៃណីសាសនា របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន​ និងប្រទេសចិន។

សួនកម្សាន្តដែលមានរូបរាងដូចប្រាសាទបុរាណរបស់ខ្មែរដ៏ធំស្កឹមស្កៃមួយនេះ ក៏មានការផ្ដល់ជូននូវការទស្សនាផ្ទាំងឯកសារគំនូចីវចល 3D មានរយះពេល១៣នាទី ស្តីពី សកម្មភាពនៃការកសាងអាណាចក្រអង្គរ របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំសំរិទ្ធសំរាំង យ៉ាងល្អឥតខ្ចោះពីអ្នកដឹកនាំរឿង របស់ប្រទេសចិន។

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់ពិធីសម្ពោធពិព័រណ៌ចិន-អាស៊ាន នៅក្រុងណាននីងរួមមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ក៏ដូចជាភ្ញៀវទេសចរចិន និងអន្តរជាតិ បានចូលទស្សនាសួនកម្សាន្ត Fantawild Asian Legend នេះផងដែរ។

សម្តេច ហ៊ុន សែន បានចាត់ទុកសំណង់សួនកម្សាន្តដ៏ធំមួយនេះគឺជាស្នាដៃសិល្បៈថ្មីមួយទៀត ដែលបង្ហាញឲ្យឃើញពីការចាប់អារម្មណ៍ពីសំណាក់មនុស្ស ជំនាន់ក្រោយ ពិសេសការសិក្សាស្រាវជ្រាវទៅនឹងប្រវត្តិនៃការកសាងអាណាចក្រអង្គរដ៏ល្បីល្បាញ របស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា សំណង់សួនកម្សាន្តដែលយកលំនាំតាមប្រាង្គប្រាសាទបុរាណខ្មែរនេះ គឺមានជាច្រើនរួចមកហើយ ដែលក្នុងនោះមានដូចជា សួនសត្វ Pairi Daiza នៅ​ប្រទេស​ប៊ែលហ្ស៊ិក និងមជ្ឈមណ្ឌលកម្សាន្ត ដ៏ធំមួយនៅទ្វីបអឺរ៉ុបឈ្មោះ PortAventura នៅប្រទេសអេស្ប៉ាញជាដើម។

អត្ថបទដោយ៖ ទី សារឿន

សួនសត្វ Pairi Daiza នៅ​ប្រទេស​ប៊ែលហ្ស៊ិក

មជ្ឈមណ្ឌលកម្សាន្ត PortAventura នៅប្រទេសអេស្ប៉ាញ

បញ្ចេញមតិ