ប្រទេសនៅអាស៊ីចំនួន ៦ កំពុងបន្ដអនុវត្ដទោសប្រហារជីវិតមកទល់បច្ចុប្បន្ន

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ប្រទេសនៅអាស៊ីចំនួន ៦ កំពុងបន្ដអនុវត្ដទោសប្រហារជីវិតមកទល់បច្ចុប្បន្ន ប្រទេសនៅអាស៊ីចំនួន ៦ កំពុងបន្ដអនុវត្ដទោសប្រហារជីវិតមកទល់បច្ចុប្បន្ន

អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​មក​នេះ ប្រទេស​ជា​ច្រើន​បាន​រួម​គ្នា​លុប​បំបាត់​ទោស​ប្រហារ​ជីវិត​ដោយ​សារ​ហេតុ​ផល​ផ្សេង​ៗ​គ្នា។ ទោះ​យ៉ាង​ណា​ក៏​ដោយ មាន​ប្រទេស​មួយ​ចំនួន​នៅ​តែ​បន្ដ​អនុវត្ត​ទោស​ប្រហារ​ជីវិត​មក​ទល់​សព្វ​ថ្ងៃ​អាស្រ័យ​ទៅ​លើ​កម្រិត​បទ​ល្មើស​របស់​អ្នក​ទោស​នីមួយៗ។ ក្នុង​នោះ ប្រទេស​នៅ​តំបន់​អាស៊ី​ចំនួន ៦ ​ក៏​នៅ​តែ​បន្ដ​អនុវត្ត​ទោស​ប្រហារជីវិត​នេះ​ផង​ដែរ។

ដូច្នេះ​ខាង​ក្រោម​នេះ គឺ​ជា​ប្រទេសនៅអាស៊ីទាំង ៦ បន្ដអនុវត្ថទោសប្រហារជីវិតមកទល់សព្វថ្ងៃ ៖

១. ថៃ

បើ​គិត​មក​ទល់​ឆ្នាំ ២០១៨​នេះ ថៃ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង ៥៨​ដែល​នៅ​បន្ដ​អនុវត្ដ​ទោស​ប្រហារ​ជីវិត។ ចាប់​តាំង​ពី​ឆ្នាំ ១៩៣៥​មក ថៃ​បាន​ប្រហារ​ជីវិត​មនុស្ស​សរុប ៣២៦​នាក់ (ក្នុងនោះ ៣១៩ ត្រូវសម្លាប់​ដោយបាញ់កាំភ្លើង)។ យោងតាមច្បាប់ថៃ ការកាត់ទោសប្រហារជីវិតនេះ ធ្វើ​ឡើង​ចំពោះ​ឧក្រិដ្ឋកម្មចំនួន ៣៥ ដែលរួមបញ្ចូលទាំងការសម្លាប់មនុស្ស និងការជួញដូរគ្រឿងញៀន។

២. វៀតណាម

កាល​ពី​ដើម​ឡើយ ទោស​ប្រហារ​ជីវិត​ក្នុង​ប្រទេស​វៀតណាម ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចង​ដៃ​ជើង ហើយ​ទាហាន​មួយ​ក្រុម​ឈរ​បាញ់​សម្លាប់​គេ​តែ​ម្ដង។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ ២០១១ ច្បាប់​ថ្មី​ត្រូវ​បាន​អនុវត្ត​ដោយ​ទោស​ប្រហារ​ជីវិត ត្រូវ​ធ្វើ​ឡើង​ដោយ​ចាក់​ថ្នាំ​សម្លាប់​វិញ​ម្ដង។ ទោះ​យ៉ាង​ណា​ក៏ដោយ ទោស​ប្រហារ​ជីវិត​នៅ​វៀតណាម មិន​ត្រូវ​បាន​អនុវត្ត​ចំពោះ​ជន​ល្មើស​ដែល​ជា​អនីតិជន, ស្ត្រីមាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​មាន​កូន​ក្រោម​អាយុ ៣៦​ខែ​នោះ​ទេ។

៣. ជប៉ុន

ការ​កាត់​ទោស​ប្រហារ​ជីវិត​ក្នុង​ប្រទេស​ជប៉ុន ត្រូវ​បាន​អនុវត្ត​ចំពោះ​តែ​ឃាត​ករ​ប៉ុណ្ណោះ ហើយ​ការ​ប្រហារ​ជីវិត​ ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ព្យួរ​ក។ ទោះ​យ៉ាង​ណា​ក៏​ដោយ ទោស​នេះ​ត្រូវ​អនុវត្ត​ក្នុង​ករណី​សម្លាប់​មនុស្ស​ច្រើន​នាក់​ប៉ុណ្ណោះ៕

៤. ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី​ដែល​បន្ដ​អនុវត្ត​ទោស​ប្រហារ​ជីវិត​ផង​ដែរ។ ទោស​នេះ​ភាគ​ច្រើន ត្រូវ​បាន​អនុវត្ត​ចំពោះ​ឧក្រិដ្ឋជន​គ្រឿង​ញៀន, អ្នក​ជួញ​ដូរ​គ្រឿង​ញៀន និង​អ្នក​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ជា​ច្រើន។ ចំពោះ​ការ​ប្រហារជីវិត ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ទាហាន​បាញ់​សម្លាប់​អ្នក​ទោស។

៥. សិង្ហបុរី

សិង្ហបុរី ធ្លាប់​ឈរ​នៅ​លំដាប់​លេខ ២​ជា​ប្រទេស​ដែល​មាន​ការ​កាត់​ទោស​ប្រហារជីវិត​ច្រើន​បំផុត​អំឡុង​ឆ្នាំ ១៩៩៤ ដល់ ១៩៩៨ រហូត​ដល់​ជាង ១​លាន​នាក់​។ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ ២០១០ មក ការ​កាត់​ទោស​ប្រហារ​ជីវិត​បាន​ធ្លាក់​ចុះ រហូត​ដល់​ឆ្នាំ​ខ្លះ​មិន​មាន​ការ​ប្រហារ​ជីវិត​តែ​ម្ដង។ ជាក់​ស្ដែង​កាល​ពីឆ្នាំ ២០១២ និង​២០១៣ មិន​មាន​នរណា​ម្នាក់​ក្នុង​ប្រទេស​សិង្ហបុរី ត្រូវបានកាត់ទោសប្រហារ​ជីវិត​នោះ​ទេ។ ដោយ​ឡែក ការ​កាត់​ទោស​ភាគ​ច្រើន ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​ព្យួរ​ក​នៅ​ក្នុង​គុក Changi នា​ពេល​ព្រឹក​ព្រលឹម។

៦. ចិន

ចិន ជាប់​ឈ្មោះ​ជា​ប្រទេស​មួយ​ដែល​កាត់​ទោស​ប្រហារ​ជីវិត​ច្រើន​ជាង​គេ​បំផុត​ក្នុង​មួយ​ឆ្នាំ​ៗ ដែល​ភាគ​ច្រើន​ត្រូ​វបាន​អនុវត្ត​ចំពោះ​ការ​ជួញ​ដូរ​គ្រឿង​ញៀន។ ការ​កាត់​ទោស ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​បាញ់​សម្លាប់ ឬ​ចាក់​ថ្នាំ​សម្លាប់។

ប្រភព៖ The Sun

បញ្ចេញមតិ