ព្រះ​រាជ​ដំណាក់​ ឬរាជវាំង​របស់​សម្ដេច​នរោត្តម​សីហនុ​ ព្រះ​បរមរតនកោដ្ឋ​ នៅទីក្រុងព្យុងយ៉ាង

ដោយ៖ ទី សារឿន​​ | ថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨​ | ប្រវត្តិសាស្រ្ដ | 0 |
ព្រះ​រាជ​ដំណាក់​ ឬរាជវាំង​របស់​សម្ដេច​នរោត្តម​សីហនុ​ ព្រះ​បរមរតនកោដ្ឋ​ នៅទីក្រុងព្យុងយ៉ាង ព្រះ​រាជ​ដំណាក់​ ឬរាជវាំង​របស់​សម្ដេច​នរោត្តម​សីហនុ​ ព្រះ​បរមរតនកោដ្ឋ​ នៅទីក្រុងព្យុងយ៉ាង

នៅក្នុងឆ្នាំ១៩៧៤ ប្រធានាធិបតីនៃប្រទេសកូរ៉េខាងជើង គឺលោក គីម អ៊ីលស៊ុង (Kim Il Sung) បានសាងសង់​វិមាន​មួយដ៏​ស្រស់​ស្អាត​សម្រាប់ទុកថ្វាយ សម្តេចព្រះ នរោត្តម សីហនុ ដោយបានដាក់ឈ្មោះវិមាននោះថា “រាជវាំងចាងស៊ូអ៊ុន/ព្រះរាជដំណាក់ចាងស៊ូអ៊ុន” ( Changsuwon Palace)។

ព្រះរាជវាំងនេះ គឺជាវិមានដ៏ធំស្កឹមស្កៃមួយមានបន្ទប់ជាង៤០ ដែលមានដំបូលបំពាក់តាមរចនាបទរបស់កូរ៉េ ដោយ​បានរួម​បញ្ចូល​ជាមួយ​បរិវេណទីធ្លាហាត់កីឡាដ៏ធំទូលាយមួយ ព្រមទាំងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាត់នៃបឹង Changsuwon ដែលហ៊ុំព័ទ្ធ​ជុំវិញ​ដោយ​ព្រៃភ្នំដ៏ស្រស់ត្រកាល។ ព្រះរាជវាំងមួយនេះត្រូវបានគេពិព៌ណនាថាបានយកគម្រូតាមវិមានផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី គីម អ៊ីលស៊ុង។

សម្ដេច សីហនុ ព្រះអង្គបានបង្កើតចំណងមិត្តភាពដំបូងជាមួយលោក គីម អ៊ីលស៊ុង នៅចុងទសវត្សឆ្នាំ១៩៥០។ បន្ទាប់ពីព្រះអង្គ​ត្រូវ​បាន​​​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​ក្នុងឆ្នាំ១៩៧០ និងក្នុងឋានៈព្រះអង្គជាមេដឹកនាំនិរទេស ព្រះអង្គបាន​ទទួល​ស្វាគមន៍​ឲ្យ​ស្នាក់​នៅ​ក្នុង​ព្រះរាជវាំង នៅទីក្រុងព្យុងយាង ដែលមេដឹកនាំប្រទេសកូរ៉េខាងជើងបានសាងសង់ថ្វាយព្រះអង្គ។ ព្រះអង្គ​បានទទួលការ​ស្វាគមន៍ក្នុងឋានៈ​ជាភ្ញៀវកិត្តិយសដ៏ឧដ្តុង្គឧត្តមរបស់លោក គីម អ៊ីលស៊ុង រហូតមកទល់នឹង​ពេលព្រះអង្គយាង​មាតុភូមិនិវត្តន៍​មកកាន់ប្រទេសកម្ពុជា​វិញ នៅក្នុងឆ្នាំ១៩៩១ ហើយរាល់ការចំណាយរបស់ព្រះអង្គ គឺរដ្ឋាភិបាលកូរ៉េខាងជើងជាអ្នករ៉ាប់រងទាំងអស់។
ក្នុងកាលៈទេសៈនោះ ព្រះអង្គបានចំណាយពេលវេលាប្រហែល ១ភាគ៣ ក្នុងមួយឆ្នាំៗ សម្រាប់ការគង់ប្រថាប់នៅក្នុងព្រះរាជតំណាក់នេះ ហើយក្រៅពីនេះ ពេលវេលាប្រហែល ២ភាគ៣ ព្រះអង្គបានយាងទៅគង់ប្រថាប់នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ព្រះអង្គនៅតែរក្សានូវទំនាក់ទំនងប្រពៃណីល្អជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ ក្រោយមកទៀតយូរៗម្តង ពេលព្រះអង្គយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅកូរ៉េខាងជើង ព្រះអង្គតែងតែបន្តប្រថាប់នៅក្នុងព្រះរាជដំណាក់ចាងស៊ូអ៊ុននេះ ហើយព្រះអង្គក៏តែងតែទទួលបាននូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកូរ៉េខាងជើងគ្រប់ជាន់ថ្នាក់ ជាពិសេសពីលោកប្រធានាធិបតី គីម ជុងអ៊ីល ដែលជាអ្នកស្នងតំណែងពីលោក គីម អ៊ីលស៊ុង។

ក្រៅតែពីរាជវាំងចាងស៊ូអ៊ុន/ព្រះរាជដំណាក់ចាងស៊ូអ៊ុន របស់ព្រះអង្គដែលមេដឹកនាំកូរ៉េខាងជើងបានសាងសង់ថ្វាយនៅទីក្រុងព្យុងយ៉ាង សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គនៅមានព្រះរាជដំណាក់ដ៏ស្រស់ស្អាតមួយផ្សេងទៀតនៅកណ្តាលទីក្រុងប៉េកាំង ដែលមេដឹកនាំប្រទេសចិន បានសាងសង់ថ្វាយព្រះអង្គ ព្រមទាំងបានទទួលរាប់រងការចំណាយទាំងអស់ផងដែរ។ គឺព្រះរាជដំណាក់នៅទីក្រុងប៉េកាំងនេះហើយ ដែលព្រះអង្គបានគង់ប្រថាប់រហូតមកទល់ពេលព្រះអង្គចូលទីវង្គត។

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ
អត្ថបទទាក់ទង