ដើមកំណើតកងទ័ពសេះ និងដំរី ក្នុងចក្រភពខ្មែរ

ដោយ៖ ទី សារឿន​​ | ថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨​ | ប្រវត្តិសាស្រ្ដ | 0 |
ដើមកំណើតកងទ័ពសេះ និងដំរី ក្នុងចក្រភពខ្មែរ ដើមកំណើតកងទ័ពសេះ និងដំរី ក្នុងចក្រភពខ្មែរ

ព្រះចៅចក្រព័ទ្ធអង្គទី ១ អធិរាជជ័យវរ្ម័នទី ១ គឺក្សត្រអង្គទីមួយនៃចក្រភពចេនឡា ក្រោយពីបែកបាក់នគរភ្នំ (ហ្វូណន)… តាមពិតទៅនគរចេនឡាគឺជានគរតូចៗ ចំណុះឲ្យនគរភ្នំ(ហ្វូណន) ដែលមានតាំងយូរណាស់មកហើយ ក្សត្រដែលគ្រងរាជ្យតាមនគរតូចៗ សុទ្ធសឹងជាក្សត្របុរីនៃសន្តតិវង្ស កៅណ្ឌិន្យ ព្រះអង្គក៏ស្ថិតនៅក្នុងចំណោមនោះដែរ ។ ព្រះអង្គឡើងគ្រងរាជ្យ ក្រោយបង្រួបបង្រួមនគរតែមួយឡើងវិញ ប្រហែលជា គ.ស ៦៥៧ ~ ៦៨១ ។

ព្រះរាជជីវប្រវត្តិ និងការបង្រួបបង្រួមនគរចេនឡា

ទ្រង់ប្រសូត្រ និងសោយទីវង្គតនៅ ឦសានបុរៈ (សម្ភុបុរៈ ឬសម្បូរណ៌ព្រៃគុហ៍)

ព្រះអង្គពុំមានបុត្រាទេ មានបុត្រី ១អង្គ ព្រះនាមជ័យទេវីទី១ ដែលបានសោយរាជបន្តពីព្រះអង្គ ។ ទ្រង់មានព្រះបច្ឆាមរណនាមថា «វ្រះ កម្រតេង អញ ត ទៅ សិវបុរ» ។

ព្រះអង្គជាព្រះចៅអធិរាជអង្គទី ១ នៃសន្តតិវង្ស វរ្ម័ន ដែលបានបង្រួបបង្រួមនគរភ្នំ (ហ្វូណន) ដែលបែកបាក់ ជាក្សត្របុរីតូចៗ និងរងការឈ្លានពានពីនគរចាម្ប៉ា មកជានគរតែមួយឡើងវិញ ដែលពួកចិនហៅថា «នគរចេនឡា» ។

ក្រោយពីព្រះអង្គសោយទីវង្គតទៅព្រះនាងជ័យទេវីទី១ បុត្រីតែមួយរបស់ព្រះអង្គបានឡើងគ្រងរាជ្យបន្ត ដែលជាហេតុធ្វើឲ្យនគរត្រឡប់ទៅរកភាពចលាចលដូចមុន ហើយចុងក្រោយនគរចេនឡា ក៏ត្រូវបែកចេញជាពីរ (ការបែកចែកនេះ ទំនងជាធ្វើឡើងដោយសន្តិវិធី ដោយហេតុនគរធំ និងគ្រប់ដោយមហាក្សត្រី) ចេនឡាទឹកមានរាជធានីនៅរាជធានីចាស់តាំងពីសម័យចក្រភពហ្វូណន (នគរភ្នំ) គឺរាជធានី «វ្យាធបុរៈ» (ស្រុកបាភ្នំ ខេត្តព្រៃវែងបច្ចប្បន្ន) គ្រប់គ្រងភាគក្រោមតាមដងទន្លេ ដីសណ្តររហូតដល់សមុទ្ទ ។ ចំណែកចេនឡាគោករក្សានៅ ឦសាន្តបុរៈដដែល ដោយគ្រប់គ្រងផ្នែកខាងលើរហូតដល់នគរចិន ។

នគរភ្នំ (ហ្វូណន) តាំងពីបុរាណកាលមក គឺមានតែកងទ័ពជើងគោក និងជើងទឹក ហើយមិនដែលធ្លាប់មានកងទ័ពសេះ និង ដំរីទេ ។ សេះ និងដំរី ច្រើនប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូន និងធ្វើដំណើរ តែតិចតួចប៉ុណ្ណោះ ។ ក្នុងរាជ្យព្រះអង្គបានបង្កើតឲ្យមានកងទ័ពសេះ ហើយបញ្ជាឲ្យចាប់ផ្សាំងដំរីព្រៃឲ្យបានច្រើន ហើយបង្វឹកទៅជាកងទ័ពសេះ និងដំរី ។ ប្រពៃណីនេះត្រូវបានធ្វើបន្តមករហូតបច្ចុប្បន្ន… រាល់ភាសាដែលប្រើប្រាស់ បញ្ជាដំរី គឺជាភាសាខ្មែរបុរាណ សព្វថ្ងៃនេះបើទោះជានៅប្រទេសឡាវ ថៃឡងដ៍ យួន ហ្មដំរី គឺប្រើប្រាស់ភាសាតែមួយ ជាភាសាខ្មែរបុរាណ ហើយដំរីអាចស្តាប់យល់បានដូចគ្នា ។

រៀបរៀងដោយ អ្នកនិពន្ធស្រុកស្រែ
«នាយឆើតភូមិដូង»

ក្រុងទេពបុរីស្រីមហានគរ ប្រទេសសៀម
ថ្ងៃទី១៧ ឧសភា ២០១៧

បញ្ចេញមតិ