មកស្គាល់ព្រះជីវប្រវត្តិរបស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា បុត្រីសំណព្វរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ

ដោយ៖ ទី សារឿន​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | ឥស្សរជន | 0 |
មកស្គាល់ព្រះជីវប្រវត្តិរបស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា បុត្រីសំណព្វរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ មកស្គាល់ព្រះជីវប្រវត្តិរបស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា បុត្រីសំណព្វរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ

បងប្អូនទាំងអស់ប្រហែលជាស្គាល់ឈ្មោះ មន្ទីពេទ្យគន្ធបុប្ផា​ ច្បាស់ណាស់ ប៉ុន្តែបងប្អូនប្រហែលជាមិនដែលបានស្គាល់ ឬធ្លាប់ឃើញព្រះភ័ក្ត្ររបស់ ព្រះរាជធីតា នរោត្តម គន្ធបុប្ផា ដែលជាបុត្រីសំណព្វចិត្តរបស់​ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អង្គនេះទេ មែនទេ?

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា ទ្រង់ប្រសូតនៅថ្ងៃ ច័ន្ទ ១១កើត ខែ ស្រាពណ៍ ឆ្នាំជូត សំរឹទ្ធិស័ក ព.ស. ២៤៩១ ត្រូវនឹងថ្ងៃទី ១៦ ខែ សីហា គ.ស.១៩៤៨ វេលាម៉ោង ១១:៣០ នាទីព្រឹក។ ព្រះអង្គជាព្រះរាជធីតាអង្គទី៨ និងជាបុត្រីសំណព្វ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ដែលទ្រង់សព្វព្រះរាជហឬទ័យយ៉ាងក្រៃលែង ដោយមាតាទ្រង់មានព្រះនាមថា ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សសានមុនី។


នៅក្នុងព្រះជន្ម៤ឆ្នាំ ក្រោយពីទ្រង់ប្រឈួនរយៈ ៧ថ្ងៃ ដោយព្រះទាហរោគ ( គ្រុនក្តៅខ្លួន ) ទ្រង់ក៏បានសុគតតែម្ដង​ គឺនៅថ្ងៃ សៅរ៍ ១២រោច ខែ មិគសិរ ឆ្នាំ រោង ចត្វាស័ក ព.ស. ២៤៩៥ ដែលត្រូវនឹងថ្ងៃទី ១៣ ខែ ធ្នូ គ.ស. ១៩៥២ វេលាម៉ោង ២:៤៥ នាទី។ ព្រះសព ត្រូវបានតំកល់ទុករយះពេល ២២ថ្ងៃ និង បានប្រារព្ធធ្វើពិធីថ្វាយព្រះភ្លើង នៅថ្ងៃទី ៤ មករា គ.ស. ១៩៥៣ រយះកាល ៥ខែមុនពេលដែល ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ទ្រង់ប្រសូត។

រីឯព្រះបរមអដ្ឋិរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ត្រូវបានតំកល់ទុកក្នុងកោដ្ឋមាសបញ្ចុះក្នុងព្រះចេតិយមួយ ក្នុងបរិវេណ ព្រះវិហារព្រះកែវមរកត នៃព្រះបរមរាជវាំងចតុមុខ។ ក្រោយមកពេលដែលព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់សោយទិវង្គត ព្រះបរមអដិ្ឋ របស់ព្រះអង្គក៏ត្រូវបានយកទៅបញ្ចុះនៅក្នុងចេតិយរួមជាមួយនឹងព្រះរាជបុត្រីសំណព្វរបស់ព្រះអង្គដែរ​ ទាំងនេះគឺធ្វើតាមព្រះរាជបណ្តាំរបស់ព្រះអង្គ។

សូមបញ្ជាក់ថាមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យទទួលព្យាបាលក្មេងៗសព្វថ្ងៃនេះ ក៏ត្រូវបានប្រសិទ្ធិនាម ដើម្បីទុកជាការចងចាំ ដល់ព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ មួយអង្គនេះផងដែរ។

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ