“លាហើយកម្ពុជា” នៅតែជាបទចម្រៀងដែលធ្វើឲ្យកូនខ្មែរនឹកឃើញនូវវីរភាពរបស់ព្រះបាទបរមរតនកោដ្ឋនៃយើងជានិច្ច (មានវីដេអូ)

ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គត្រូវបានជ្រើសតាំងឲ្យឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។
ឆ្នាំ១៩៤៧ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គមានមហាជោគជ័យក្នុងការទាមទារឱ្យរាជាណាចក្រថៃឡង់ដ៍ សងមករាជាណាចក្រកម្ពុជាវិញជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងខេត្តស្ទឹងត្រែង។ ក្រោយពីឡើងគ្រងរាជ្យសម្បត្តិមក ស្នាព្រះហស្ថរបស់ទ្រង់សម្រាប់ប្រទេសជាតិ គឺមានភាពធំធេងណាស់ ក្នុងនោះយើងអាចឃើញនូវសិមិទ្ធផលធំៗមួយចំនួនដូចជា៖
នៅឆ្នាំ១៩៤៩ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានទាមទារឱ្យបារំាងបញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នំា១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ ដដែរ ព្រះអង្គបានឡាយព្រះហត្ថខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ១៩៤៩ នេះបានលុបចោលនូវសន្ធិញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។
ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ ១០០ភាគរយ ជូនមាតុភូមិ។ នៅថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យទំាំងស្រុងពីសាធារណរដ្ឋបារំាំង។ ប្រជារាស្រ្តកម្ពុជាទូទំាំងប្រទេស សូមថ្វាយព្រះកិត្តិនាមព្រះអង្គជា « ព្រះមហាវីរបុរសជាតិ-ព្រះបិតាឯករាជ្យជាតិ»។
នៅឆ្នាំ១៩៥៤ ព្រះអង្គបានបញ្ជូនរាជគណៈប្រតិភូ ជាតំណាងរបស់ព្រះអង្គទៅចូលរួមនៅ ក្នុងសន្និសីទអន្តរជាតិ ស្តីពី បញ្ហាឥណ្ឌូចិន នៅទីក្រុងហ្សឺណែវ (GENEVE) ដែលមានប្រទេសកម្ពុជាចូលរួមក្នុងឋានៈជារដ្ឋឯករាជ្យ ឯកភាពជាតិ។ ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានបង្កើតចលនាសង្គមរាស្រ្តនិយម ដែលគណបក្សជាច្រើនបានចូលរួមក្នុងចលនានោះ។
ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានយាងចូលរួមក្នុងសន្និសីទកំពូលអាហ្រ្វិក-អាស៊ី លើកទី១ នៅទីក្រុងបាន់ឌុង (ប្រទេសឥណ្ឌូណេស៊ី) ហើយនៅទីនោះព្រះអង្គបានប្រកាសពីនយោបាយអព្យាក្រឹត ក្នុង ឯករាជ្យទាំងស្រុង និងសន្តិសហវិជ្ជមាន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសទំាងអស់ដោយមិនគិតពីមនោគមវិជ្ជាឡើយ។
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានទទួលមហាជោគជ័យក្នុងការបោះឆ្នោតសភាជាតិ ដោយទទួលបានការគំាទ្រពីប្រជារាស្រ្តខ្មែរយ៉ាងច្រើនលើសលប់។ ព្រះអង្គបានទទួលព្រះរាជឋានៈជានាយករដ្ឋមន្រ្តី ហើយឋានៈជាប្រមុខ នៃប្រជារាស្រ្តខ្មែរ ព្រះអង្គបានបំពេញព្រះរាជកិច្ចដឹកនាំដើម្បីអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។ ជាទូទៅក្នុងគ្រប់វិស័យនៃការកសាងជាតិរបស់ព្រះអង្គ ជាពិសេសការលើស្ទួយនារីឱ្យមានភាពស្មើគ្នានឹងបុរសក្នុងការងារ។
ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ។ ក្រៅពីស្នាព្រះហស្ថធំៗសម្រាប់ជាតិ ព្រះអង្គតែងតែបំពេញព្រះរាជសកម្មភាពសង្គមកិច្ច ដូចជា កសាងព្រះវិហារ កុដិ សាលាបុណ្យ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ផ្លូវថ្នល់ ទំនប់ ប្រឡាយ អណ្តូង ស្រះទឹក សម្រាប់ប្រគេនព្រះសង្ឃ និងជូនប្រជារាស្រ្ត។
ព្រះអង្គបានប្រោសព្រះរាជទាន និងបន្តនូវកា ប្រោសព្រះរាជទាន (រៀងរាល់សប្តាហ៍) ព្រះរាជអំណោយដល់ប្រជានុរាស្រ្តទីទ័លក្រ និងមានជីវភាពខ្វះខាតខ្លំាង។ ព្រះរាជសកម្មភាពដ៏ថ្លៃថ្លាខាងលើនេះ បានបង្ហាញឱ្យឃើញនូវសច្ចធម៌នៃទសពិធរាជធម៌របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈ ដែលព្រះអង្គបាននឹងកំពុងប្រោសព្រះរាជទានដល់ប្រជារាស្រ្តកម្ពុជា ដោយមិនប្រកាន់ជាតិកំណើត ជំនឿសាសនា ពណ៌សម្បុរឡើយ។
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្រោយពីទទួលដំណឹងថា សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រិយ៍ ព្រះវររាបិតាជាតិខ្មែរ ទ្រង់សោយទិវង្គតនៅឯក្រុងប៉េកាំង ប្រទេសចិន បានធ្វើឲ្យប្រជារាស្រ្តខ្មែរទូទាំងប្រទេសមានការសោកសង្រេគ ស្ដាយស្រណោះទ្រង់យ៉ាងពន់ពេក។ ជាពិសេសតាមរយៈបទចម្រៀង លាហើយកម្ពុជា ដែលជាព្រះសូរសៀងផ្ទាល់របស់ទ្រង់ បានអង្រួនចិត្តរាស្រ្តខ្មែរឲ្យស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ ទោះបីជាទ្រង់ឃ្លៀតឃ្ងាយពីរាស្រ្តខ្មែរជារៀងរហូតក្ដី តែវីរភាពរបស់ទ្រង់សម្រាប់ជាតិមួយនេះ នៅតែស្ដិតក្នុងដួងចិត្តកូនខ្មែរជានិច្ច។