អ្នកជំនាញអាជ្ញាធរជាតិអប្សរា ត្រូវបានអញ្ជើញទៅបង្រៀន នៅសាកលវិទ្យាល័យ CORNELL នៃសហរដ្ឋអាមេរិក

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
អ្នកជំនាញអាជ្ញាធរជាតិអប្សរា ត្រូវបានអញ្ជើញទៅបង្រៀន នៅសាកលវិទ្យាល័យ CORNELL នៃសហរដ្ឋអាមេរិក អ្នកជំនាញអាជ្ញាធរជាតិអប្សរា ត្រូវបានអញ្ជើញទៅបង្រៀន នៅសាកលវិទ្យាល័យ CORNELL នៃសហរដ្ឋអាមេរិក

ឆ្លងកាត់ជីវិតសិក្សា បទពិសោធន៍ការងារផ្នែកបុរាណវិទ្យា និងការស្រាវជ្រាវជាង២០ឆ្នាំជាមួយស្ថាប័នជាតិ-អន្តរជាតិ លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ត្រូវបានសកលវិទ្យាល័យ CORNELL សហរដ្ឋអាមេរិក អញ្ជើញឱ្យទៅសហការបង្រៀនជាមួយសាស្ត្រាចារ្យ Kaja McGowan រយៈពេល១ឆមាស ចាប់ពីថ្ងៃទី១ សីហា ដល់២៤ ធ្នូ ឆ្នាំ២០១៨។

មុខវិជ្ជាដែលបង្រៀននៅទីនោះគឺ «ទឹក ៖ សិល្បៈ និងនយោបាយនៅតំបន់អាស៊ីខាងត្បូងនិងអាស៊ីអគ្នេយ៍»។ ខ្លឹមសារសំខាន់នៃមេរៀននោះគឺបង្ហាញនយោបាយគ្រប់គ្រងទឹកនៃអរិយធម៌អង្គរ និងសារៈសំខាន់នៃទឹកក្នុងជំនឿសាសនាពិសេសទឹកអម្រិតនៅក្នុងទេវកថាកូរសមុទ្រទឹកដោះ។ លើសពីនោះ លោកបណ្ឌិត ដារិទ្ធ ក៏បានបង្រៀនប្រវត្តិសាស្ត្រខ្មែរសង្ខេបពីសម័យហ្វូណនរហូតដល់សម័យបច្ចុប្បន្ន កុលាលភាជន៍ខ្មែរ ការចុះបញ្ជីបេតិកភណ្ឌពិភពលោកអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌអង្គរដោយអាជ្ញាធរជាតិអប្សរា។ លើសពីនោះ លោក ក៏បានចូលរួមផ្សព្វផ្សាយអំពីការរៀនភាសាខ្មែរ និងអំពាវនាវឱ្យនិស្សិតអន្តរជាតិចាប់អារម្មណ៍ពីប្រទេសខ្មែរទាំងផ្នែកបុរាណដ្ឋាននិងប្រវត្តិសាស្រ្តផងដែរ។ ក្រៅពីបង្រៀន លោកបណ្ឌិត អ៊ា ដារិទ្ធ ក៏បានសិក្សាអំពីរបៀបចុះបញ្ជីវត្ថុបុរាណ ការតាំងពិពណ៌វត្ថុសិល្បៈ ស្តាប់បង្ហាញផ្សេងៗ ស្រាវជ្រាវឯកសារផ្សេងៗនៅបណ្ណាល័យ និងធ្វើបទបង្ហាញសាធារណៈនៅ សាកលវិទ្យាល័យ Wisconsin, Northern Illinois University, និង Yale University។

អស់រយៈពេលជិត២០ឆ្នាំ ក្នុងនាមជាមន្ត្រីអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត អ៊ា ដារិទ្ធ មានប្រសាសន៍ថា នេះជាលើកទី១ហើយ ដែលអាជ្ញាធរជាតិអប្សរា បានបញ្ជូនមន្ត្រីជំនាញឱ្យចេញទៅបង្រៀននិស្សិតអន្តរជាតិ នៅបរទេសរយៈពេលវែង។ លោកបណ្ឌិតបន្តថា នេះជាមោទនភាពណាស់សម្រាប់រូបលោក ក៏ដូចជាស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលបានចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងបេតិកភណ្ឌអង្គររយៈពេល២៥ ឆ្នាំដល់និស្សិតអន្តរជាតិនៅសហរដ្ឋអាមេរិក។ ជាពិសេស លោកបណ្ឌិតមានភាពសប្បាយរីករាយដែលបានផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរដល់និស្សិតនៅសកលវិទ្យាល័យ CORNELL ហើយសង្ឃឹមថានឹងមានមន្ត្រីអាជ្ញាធរជាតិអប្សរាផ្សេងៗទៀត ទៅចែករំលែកចំណេះដឹងដល់និស្សិតអន្តរជាតិកាន់តែច្រើននាអនាគត។
ទាក់ទងនឹងការសិក្សា លោកបណ្ឌិត អ៊ា ដារិទ្ធ បានបញ្ចប់ថ្នាក់បរិញ្ញាបត្របុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនាឆ្នាំ១៩៩៥ ថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យ Kyoto នៅឆ្នាំ២០០០ និងថ្នាក់បណ្ឌិតនៅសកលវិទ្យាល័យ Osaka Ohtani នៃប្រទេសជប៉ុន នាឆ្នាំ២០១០។

លោកបានបំពេញការងារនៅស្ថាប័នអាជ្ញាធរជាតិអប្សរាចាប់ពីឆ្នាំ២០០០មក ហើយជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មហាវិទ្យាល័យបុរាណវិទ្យាលើមុខវិជ្ជាប្រវត្តិកុលាលភាជន៍ខ្មែរ។ បន្ថែមពីនោះ លោកក៏ជាសាស្ត្រាចារ្យបង្រៀនពីប្រវត្តិសាស្ត្រខ្មែរ និងអរិយធម៌ពិភពលោកនៅសលវិទ្យាល័យបញ្ញាស្ត្រក្នុងខេត្តសៀមរាប។ នៅឆ្នាំ២០០៤ លោកបានទទួលអាហារូបករណ៍ពី Asian Cultural Council, USA ដើម្បីសិក្សាអំពីរបៀបគ្រប់គ្រងវត្ថុបុរាណដែលបានពីកំណាយរហូតដល់អភិរក្សនៅ Arizona State University, Freer/Sackler Galleries (Smithsonian) និង University of Pennsylvania Museum of Archaeology and Anthropology។

ក្នុងនាមជាអ្នកជំនាញលើផ្នែកស្រាវជ្រាវកុលាលភាជន៍ខ្មែរសម័យអង្គរ លោក ដារិទ្ធ ក៏ធ្លាប់បានវិទ្យាស្ថាន Nalanda Sriwijaya នៃប្រទេសសិង្ហបុរី អញ្ជើញឱ្យទៅស្រាវជ្រាវនិងសរសេរសៀវភៅអំពីប្រាសាទអង្គរវត្ត កាលពីឆ្នាំ២០១៤និង២០១៥។ មិនតែប៉ុណ្ណោះ លោកក៏ជាសហប្រធាននៃគម្រោងស្រាវជ្រាវ Field school សហការជាមួយសិង្ហបុរីនៅកោះកែរនិងនៅតំបន់អង្គរជាច្រើនលើកផងដែរ៕

បញ្ចេញមតិ
អត្ថបទទាក់ទង