ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះសិរីសុវត្ថិ មុនីវង្ស
ថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ព្រះពុទ្ធសករាជ២៤៧០ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ គឺជាថ្ងៃសុវណ្ណគតនៃព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ចមចក្រពង្ស ជាព្រះវររាជបិតា។ នាថ្ងៃនោះដែរក្រុមប្រឹក្សារាជបល្ល័ង្ក ដែលស្ថិតនៅក្រោមអធិបតីភាពនៃលោក លើហ្វូល Le Fol រេស៊ីដង់ស៊ុប៉េរីយឺរ បានជ្រើសរើសព្រះរាជបុត្រ សិរីសុវត្ថិ មុនីវង្ស ឲ្យឡើងស្នងរាជ្យបន្តពីព្រះរាជបិតា។

ប្រមាណ១ឆ្នាំក្រោយមក គឺនៅខែកក្កដា ឆ្នាំ១៩២៨ ទើបព្រះរាជពិធីបរមរាជាភិសេកផ្លូវការត្រូវបានប្រារព្ធឡើងយ៉ាងឧឡាឫក ចាប់តាំងពីថ្ងៃសុក្រ ទី២០ ដល់ថ្ងៃពុធ ទី២៥ ពោលគឺក្រោយព្រះរាជពិធីបុណ្យព្រះបរមសព និងថ្វាយព្រះភ្លើងព្រះករុណា ព្រះរាជានុកោដ្ឋ ជាព្រះវរបិតាចប់ស្រេច។

ព្រះរាជពិធីជាប្រវត្តិសាស្ត្រនៃការអភិសេកឡើងគ្រងរាជ្យនៃព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ មុនីវង្ស ត្រូវបានរៀបចំយ៉ាងអ៊ឹកធឹក តាមបូរាណខត្តិយរាជប្រវេណី នៅចំពោះមុខលោកអគ្គទេសាភិបាលឥណ្ឌូចិន និងលោករេស៊ីដង់ស៊ុប៉េរីយឺរនៃប្រទេសខ្មែរ (ដ្បិតកាលណុះនគរយើងស្ថិតនៅចំណុះនគរបារាំងសេស) ព្រមទាំងព្រះចៅមហាជីវិតនៃព្រះរាជអាណាចក្រលាវផងដែរ។

នៅក្នុងពេលឡើងស្នងរាជ្យបន្តពីព្រះវររាជបិតានេះ ព្រះអង្គមានព្រះបរមងារក្នុងព្រះសុវណ្ណប័ដថា៖ «ព្រះករុណា ព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ទរភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះចៅក្រុងកម្ពុជាធិបតី»។ ព្រះបរមនាមនេះ ដូចគ្នាទៅនឹងព្រះបរមនាមនៃព្រះបិតាព្រះអង្គដែរ។ ព្រះកុរណា ព្រះសិរីសុវត្ថិ មុនីវង្ស ទ្រង់បានគ្រងរាជ្យរហូតដល់រាត្រីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ១៩៤១ ទើបព្រះអង្គចូលព្រះទិវង្គត នៅព្រះរាជដំណាក់ឯភ្នំបូកគោក្នុងព្រះជន្មាយុ ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ៕


ប្រភពពី៖ sopheak.wordpress.com