រមណីយដ្ឋានអង្គរ និង ឧទ្យានណាយហ្គារ៉ានៃប្រទេសកាណាដា ចាប់ផ្តើមចងមិត្តភាពជាមួយគ្នាដើម្បីពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
រមណីយដ្ឋានអង្គរ និង ឧទ្យានណាយហ្គារ៉ានៃប្រទេសកាណាដា ចាប់ផ្តើមចងមិត្តភាពជាមួយគ្នាដើម្បីពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ រមណីយដ្ឋានអង្គរ និង ឧទ្យានណាយហ្គារ៉ានៃប្រទេសកាណាដា ចាប់ផ្តើមចងមិត្តភាពជាមួយគ្នាដើម្បីពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍

ដើម្បីពង្រីកវិសាលភាពនៃរមណីយដ្ឋានអង្គរលើឆាកអន្តរជាតិ តាមរយៈការចងសម្ព័ន្ធភាពជាមួយរមណីយដ្ឋានផ្សេងៗលើសកលលោក នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ អាជ្ញាធរ អប្សរា បានសម្រេចចុះអនុស្សារណៈនៃការយោគយល់គ្នាមួយជាមួយឧទ្យានណាយហ្គារ៉ា នៃប្រទេសកាណាដា។ អនុស្សារណៈនេះធ្វើឡើងស្របគ្នានឹងពិធីប្រកាសសម្ពោធស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងតូរ៉ុនតូនៃប្រទេសកាណាដា ក្នុងន័យរឹតចំណងភាពជាបងប្អូននៃរមណីយដ្ឋានពិភពលោកទាំងពីរគឺ រមណីយដ្ឋានអង្គរ និងឧទ្យានណាយហ្គារ៉ា ដើម្បីស្វែងរកកិច្ចសហការរួមគ្នា លើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍នៃរមណីយដ្ឋានទាំងពីរ។

ពិធីចុះអនុស្សារណៈនេះធ្វើឡើងដោយភាគីអាជ្ញាធរអប្សរា តំណាងដោយ លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរអប្សរា និងលោកស្រី Janice Thomson ប្រធានគណៈកម្មាធិការឧទ្យានណាយហ្គារ៉ានៃប្រទេសកាណាដា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឆាត ឈួ កុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងអគ្គកុងស៊ុលនៃបណ្តាប្រទេស១៥ផ្សេងទៀត ដូចជា ប្រទេសចិន អាហ្រិកខាងត្បូង រុស្ស៊ី ហ្កាណា ប៉េរូ កូរ៉េខាងត្បូង អារ៉ាប់រួម និងប្រ៊ុយណេជាដើម ព្រមទាំងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកាណាដាផងដែរ។

លោកស្រី Janice Thomson បានបង្ហាញនូវសេចក្តីរីករាយដែលរមណីយដ្ឋានពិភពលោកទាំងពីរ បានភ្ជាប់សាច់ឈាមជាបងប្អូននឹងគ្នា។ លោកស្រីជឿជាក់ថា តាមរយៈចំណងមិត្តភាពនេះ រមណីយដ្ឋានទាំងពីរនឹងអាចផ្លាស់ប្តូរបទពិសោធន៍ការងារគ្នាល្អៗ ពាក់ព័ន្ធនឹងការងារគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ រវាងរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌវប្បធម៌ និងឧទ្យានណាយហ្គារ៉ា ដែលជាបេតិកភណ្ឌធម្មជាតិ។

ឯកឧត្តម សុខ សង្វារ ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មារធិការនៃឧទ្យានណាយហ្គារ៉ា ព្រមទាំងតំណាងស្ថានកុលស៊ុលទាំងអស់ ដែលបានអញ្ជើញចូលរួមជាសាក្សីដ៏សំខាន់នៃពិធីចុះអនុស្សារណៈនេះ។ ឯកឧត្តមសង្ឃឹមថា ចំណងមិត្តភាពនេះនឹងជំរុញឱ្យមានភ្ញៀវទេសចរកាន់តែច្រើនក្នុងប្រទេសទាំងពីរ តាមរយៈកិច្ចសហការការជំរុញផ្សព្វផ្សាយនូវរមណីយដ្ឋានទាំងពីរ ជាពិសេស គឺការចែករំលែកបទពិសោធន៍គ្រប់គ្រងវិស័យទេសចរណ៍រវាងមន្ត្រីនៃរមណីយដ្ឋានអង្គរ និងឧទ្យានណាយហ្គារ៉ា៕

 

បញ្ចេញមតិ