របាំគោះត្រឡោក ទម្រង់របាំប្រពៃណីខ្មែរ (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃសៅរ៍ ទី៦ ខែតុលា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
របាំគោះត្រឡោក ទម្រង់របាំប្រពៃណីខ្មែរ (មានវីដេអូ) របាំគោះត្រឡោក ទម្រង់របាំប្រពៃណីខ្មែរ (មានវីដេអូ)

របាំគោះត្រឡោក គឺជារបាំមួយបង្កើតឡើងក្នុងអំឡុងឆ្នាំ១៩២០នៅភូមិជប់ ឃុំកណ្តៀងរាយខេត្តស្វាយទាប «មុនបង្កើតខេត្តស្វាយរៀង២ឆ្នាំ»។ របាំគោះត្រឡោកបង្កើតឡើងដោយលោកគ្រូស្វាយភោគ លោកគ្រូម៉ាន់ ស៊ុំ ដែលមានស្រុកកំណើតនៅកម្ពុជាក្រោមបានមករស់នៅក្នុងភូមិជប់ ។ គាត់បានចាប់ផ្តើមបង្កើតរបាំគោះត្រឡោកនៅក្នុងវង់សិល្បៈអាប៉េ របស់គាត់ នាសម័យអាណានិគមនិយមបារាំង ។


បើតាមលោកអ៊ុក គឹមនី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀងបានឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា តាមការស្រាវជ្រាវរបស់មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអ្នកសិល្បៈចាស់ទុំ ឃើញថា របាំគោះត្រឡោកបានបដិសន្ធិ នៅភូមិជប់ ឃុំកណ្តៀងរាយ នៅអំឡុងឆ្នាំ១៩២០ដោយមានលោកគ្រូស្វាយ ភោគ និងលោកគ្រូម៉ាន់ ស៊ុំ សម្រាប់សម្តែងសិល្បៈក្នុងវង់អាប៉េរបស់ពួកគាត់។ បន្តមកទៀតមានលោកគ្រូភិន នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងនិងលោកគ្រូសំ គង់ នៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាទាប ជាអ្នកថែរក្សារបាំគោះត្រឡោកបន្តវេន ។
ក្រោយមកទៀតមានលោកគ្រូវ៉ាត រស់នៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ជាអ្នកច្នៃប្រឌិត របាំគោះត្រឡោកនេះឲ្យកាន់តែមានសោភ័ណភាពសមស្រប និងសេចក្តីត្រូវការ ផ្នែកសតិអារម្មណ៍របស់មហាជន ។

បើតាមលោកយាយសំ សាវន់ កើតឆ្នាំ១៩៣៣ និងស្វាមីលោកតាសួស វ៉ា ឆ្នាំកំណើត១៩១៧ អតីតជាសិល្បករសិល្បការិនី ធ្លាប់សម្តែងរបាំគោះត្រឡោកនេះផ្ទាល់ និង អ្នកស្រីសោម ថន កើតនៅឆ្នាំ១៩៥៤ អតីតសិល្បការិនីជាអ្នកសម្តែងផ្ទាល់ មានទីលំនៅក្នុងភូមិជប់ ឃុំកណ្តៀងរាយ ក៏ដូចលោកតាមោក ស៊ឹម កើតឆ្នាំ១៩៣២ អតីតប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និងជាអតីតអភិបាលខេត្តឲ្យដឹងថា របាំគោះត្រឡោកនេះ គឺធ្លាប់បានសម្តែងថ្វាយព្រះមហាក្សត្រទត សម្តែងលើឆាកជូនទស្សនិកជនទស្សនា សម្តែងចូលគ្នាជាមួយក្រុមឆៃយ៉ាំ និងជួនកាលសម្តែងសម្រាប់កែកម្សាន្តក្នុងភូមិក្នុងពេលបុណ្យដារលាន ក្រោយពេលច្រូតកាត់រួច សម្តែងក្នុងពិធីមង្គលការ និងក្នុងពិធីបុណ្យចូលឆ្នាំថ្មី ។ ក្រោយមករបាំគោះត្រឡោកបានអភិវឌ្ឍន៍ដើម្បីឲ្យកាន់តែមានភាពសប្បាយរីករាយ ក្រុមចាស់ទុំបានបញ្ចូលអ្នកកំប្លែង កាន់ក្រាប់ផង ។

ចំពោះសិល្បករសិល្បការិនី ចំនួនអ្នកសម្តែង គឺមានកំណត់តាមភាពជាក់ស្តែង មានប្រុសមានស្រី រាំជាគូពី៣គូ ៥គូ ទៅ៧គូ ។
ឧបករណ៍សម្តែង មានត្រឡោកម្នាក់មួយគូ មានចងបូលម្អឈ្មោះ ហៅថា«ត្រឡោកញ៉ែងញ៉ង» ។
ឧបករណ៍ភ្លេងមាន ទ្រ អ៊ូ ទ្រឆេ, រនាថ១, តាខេ១, ស្គរដៃ១ និងឆឺងក្រាប ។
-ក្បាច់រាំ៖ ដំបូងអង្គុយទបជើង ត្រឡោកផ្ងារ ពីមុខហើយលើកដៃសំពះ បីដង ។
-សំពះលើកទី១៖ សំពះដាក់ដៃលើក្បាល នឹកគុណដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងគុណព្រះពិស្ណុការ ។
-សំពះលើកទី២៖ សំពះត្រឹមច្រមុះនឹកគុណដល់មាតា បិតា និងគ្រូបាធ្យាយ ។
-សំពះលើកទី៣៖ សំពះលើដើមទ្រូង គោរពដល់ញាត្តិមិត្តជិតឆ្ងាយ និងទស្សនិកជន ។
បន្ទាប់មកខ្វែងដៃចាប់ត្រឡោករាំរបៀបបើកបាយសី ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ រួចហើយឡើងរាំម្នាក់ម្តង ។
ម្តងប្រុសរាំឲ្យស្រីមើល ម្តងស្រីរាំឲ្យប្រុសមើល ។ ដោយគោះត្រឡោកខាងមុខ គោះខាងឆ្វេង គោះខាងស្តាំ ។
គោះលើក្បាល គោះក្រោយខ្នង គោះក្រោមក្លៀកខាងឆ្វេង គោះក្រោមក្លៀកខាងស្តាំ គោះលើក្បាលជង្គង់ ។ គោះក្រោមក្បាលជង្គង់ និងរាំរួមគ្នា ។

-ផ្នែកចម្រៀង៖ មានចំនួន៤វគ្គ ក្នុង១វគ្គមាន៤ឃ្លា ។
វគ្គទី១ និងទី២ ទទួលបានពីលោកស្រី សោម ថន អតីតសិល្បការិនី នៅភូមិជប់ ។
វគ្គទី៣ ទទួលបានពីលោកភោគ សឿង នៅភូមិអង្គស្វាយ ឃុំប្រសូត្រ ។
វគ្គទី៤ ទទួលបានពីលោកគឹម ណាំង អតីតគ្រូបង្រៀនសាលាបឋមសិក្សាច្រែះ ឃុំច្រែះ ស្រុកចន្ទ្រា ។
ចម្រៀងរបាំគោះត្រឡោក ពីដើមយកលំនាំបទ នោអើយស្រីនោ៖ ១-របាំគោះត្រឡោក បន្លឺតេកតោកឆ្វេងស្តាំ ពេលបុណ្យៗចូលឆ្នាំ យើងលេងរបាំគោះត្រឡោក ។ ២-ត្រឡោកយើងមានពីរ មានឈ្មោលមានញី មានឆ្វេងមានស្តាំ ពេលបុណ្យៗយើងលេងផ្តាំ យើងលេង របាំៗគោះត្រឡោក ។

ចម្រៀងរបាំគោះត្រឡោកអភិវឌ្ឍន៍យកមកច្រៀងសម្តែងរហូតដល់បច្ចុប្បន្ន៖
១-ត្រឡោកថ្លៃអើយបងមានពីរ ថ្លៃអើយមានញីហើយមានឈ្មោល ត្រឡោតទាំងពីរចេះបូល ថ្លៃអើយប្រមូលរកគូរាំ ។
២-រូបរាងថ្លៃអើយត្រឡោកបង ដូចបេះដូងបងស្រស់ស្រងាំ រលីងរលោងស្រគាំ និមិត្តចិត្តខ្មែរបរិសុទ្ធស្អាត ។
៣-សំឡេងថ្លៃអើយត្រឡោកបង ស្រែកផ្តាំនួនល្អងថាឲ្យស្អាត ចូរស្រីស្រស់នាងសង្វាត ស្រឡាញ់ពូជខ្មែរ និងឈាមខ្មែរ ។
៤-បងគោះថ្លៃអើយណាត្រឡោក ថ្លៃអើយខែកខោកទាំងឆ្វេងស្តាំ ប្រាប់អស់បរទេសឲ្យចាំ សាមគ្គីឥតឃ្លាតការពារទឹកដី ។


សមាសភាពក្រុមស្រាវជ្រាវ៖
១-លោកអ៊ី រី អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្តសិល្បៈខេត្ត ។
២-លោកចាន់ សុគាត អតីតអនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ។
៣-លោកអ៊ុកយ៉ាំ អតីតអភិបាលរងស្រុកស្វាយទាប ។
៤-លោកម៉ាន់ សម្បត្តិ គ្រូសាលាបឋមសិក្សាតានូ ឃុំសំបួរ ស្រុកស្វាយទាប និងមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តចូលរួមនៅឆ្នាំ១៩៩៤ ៕

សូមរីករាយទស្សនារបាំគោះត្រឡោកទាំងអស់គ្នា៖

បញ្ចេញមតិ
អត្ថបទទាក់ទង