ប្រវត្តិនៃការបង្កើតរបាំអប្សរា ដោយព្រះមហាក្សត្រយានី ស៊ីសុវត្ថិ ព្រះកុសមៈនារីរ័ត្នសិរីវឌ្ឍនា

ដោយ៖ ទី សារឿន​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែតុលា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ប្រវត្តិនៃការបង្កើតរបាំអប្សរា ដោយព្រះមហាក្សត្រយានី ស៊ីសុវត្ថិ ព្រះកុសមៈនារីរ័ត្នសិរីវឌ្ឍនា ប្រវត្តិនៃការបង្កើតរបាំអប្សរា ដោយព្រះមហាក្សត្រយានី ស៊ីសុវត្ថិ ព្រះកុសមៈនារីរ័ត្នសិរីវឌ្ឍនា

របាំព្រះរាជទ្រព្យខ្មែរ មានច្រើនប្រភេទ ហើយក្នុងចំណោមនោះ មានរបាំមួយដែលមានឈ្មោះល្បីល្បាញនិងបានលើកតំកើងកិត្តិយសវប្បធម៌ប្រទេសជាតិធ្វើឲ្យពិភពលោកស្គាល់ខ្មែរជាងគេនោះ គឺ របាំអប្សរា។ សព្វថ្ងៃ គេនិយមសម្តែងរបាំនេះ នៅពេលប្រារព្ធពិធីបុណ្យជាតិ បុណ្យសាសនា មហោស្រពសិល្បៈធំៗ និង ពិធីទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តជាតិនិងភ្ញៀវជាតិជាដើម។របាំនេះបានទទួលការកោតសរសើរស្ញប់ស្ញែង ល្បីរន្ទឺពាសពេញពិភពលោក។

របាំនេះ គឺជាស្នាព្រះហស្ថ នៃព្រះមហាក្សត្រយានី ស៊ីសុវត្ថិ ព្រះកុសមៈនារីរ័ត្នសិរីវឌ្ឍនានៅឆ្នាំ ១៩៦១ ( ព្រះអង្គគឺជាមាតានៃសម្តេច ព្រះនរោត្តម សីហនុ) ។ កាលនោះ ព្រះមហាក្សត្រយានី ស្តេចយាងទៅធ្វើព្រះរាជទស្សនកិច្ចនៅសាលាបឋមសិក្សា សុធារស។ នាយិកាសាលា ដែលបានរៀបចំពិធីសិល្បៈកុមារ បានកាត់ក្រដាសធ្វើជាមកុដ ដូចគ្នា នឹងមកុដអប្សរាឆ្លាក់ជាប់ជញ្ជាំងប្រាសាទអង្គរវត្តបេះបិទ។ រឿងនេះ ញ៉ាំងឲ្យព្រះមហាក្សត្រយានីផ្តួចផ្តើមគំនិត បង្កើតរបាំនេះឡើង បានប្រសិទ្ធិនាមថា “ របាំអប្សរា ” ។ សម្តេចព្រះរាម នរោត្តមបុប្ផាទេវី គឺជាតួឯកអប្សរាទីមួយ ។

ពាក្យ “អប្សរា ” គឺជាពាក្យផ្សំខ្មែរ និង សំស្រ្កឹត មានន័យថា របាំទេវៈ របាំទេពអប្សរ ឬ របាំទេវតា។បើនិយាយពីគ្រឿងតុបតែងកាយមកុដអប្សរានិងក្បាច់រាំជាដើមសុទ្ធតែបានចម្លងតាមគំរូអប្សរានៅតាមជញ្ជាំងប្រាសាទអង្គរវត្តទាំងអស់។

របាំអប្សរា គឺជារបាំមួយក្នុងបណ្តារបាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរដែលត្រូវបានអង្គការ យូណេស្កូទទួលចុះក្នុងបញ្ជីបេតិកភណ្ឌអរូបរីនៃមនុស្សជាតិ ( Intangible Heritage of Humanity) កាលពី ថ្ងៃទី ០៣ វិច្ឆិកា ២០០៣

ដកស្រង់និងកែសំរួលពីសៀវភៅ អក្សរសាស្រ្តខ្មែរ ថ្នាក់ទី ១២ គ្រឹះស្ថានបោះពុម្ពផ្សាយ និង ចែកចាយ ឆ្នាំ ២០១២ ទំព័រ ១៦៤

ប្រភពដើម៖ សៀវភៅ មគ្គុទេសក៍ នគរ និង “ឧបនិស្ស័យខ្មែរ ” របស់ អ្នកស្រីកែវ ណារុំ ២០០៧ ទំព័រ ៣ – ៤

អត្ថបទដោយ៖ Nao Sok

បញ្ចេញមតិ