ការសម្ដែងរបាំរបស់សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ដែលជាតួឯករបាំអប្សរាដំបូងគេបង្អស់របស់ខ្មែរ (មានវីដេអូ)

សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ទ្រង់ត្រូវបានគេចាត់ទុកថាជាតួឯករបាំអប្សរាដំបូងគេបង្អស់របស់ខ្មែរ និងជាបុគ្គលមួយរូបដែលបានជួយឲ្យរបាំអប្សរាមានភាពល្បីល្បាញលើឆាកអន្តរជាតិ និងអាចថែរក្សាបានគង់វង្សរហូតមកដល់បច្ចុប្បន្ននេះ។ សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ទ្រង់បានចូលហាត់របាំតាំងពីមានព្រះជន្ម ៥ វស្សា មកម្ល៉េះ។
សូមបញ្ជាក់រំលឹកដែរថា របាំអប្សរានេះ គឺជាស្នាព្រះហស្ថ នៃព្រះមហាក្សត្រយានី ស៊ីសុវត្ថិ ព្រះកុសមៈនារីរ័ត្នសិរីវឌ្ឍនានៅឆ្នាំ ១៩៦១ ( ព្រះអង្គគឺជាមាតានៃសម្តេច ព្រះនរោត្តម សីហនុ) ។ កាលនោះ ព្រះមហាក្សត្រយានី ស្តេចយាងទៅធ្វើព្រះរាជទស្សនកិច្ចនៅសាលាបឋមសិក្សា សុធារស។ នាយិកាសាលា ដែលបានរៀបចំពិធីសិល្បៈកុមារ បានកាត់ក្រដាសធ្វើជាមកុដ ដូចគ្នា នឹងមកុដអប្សរាឆ្លាក់ជាប់ជញ្ជាំងប្រាសាទអង្គរវត្តបេះបិទ។ រឿងនេះ ញ៉ាំងឲ្យព្រះមហាក្សត្រយានីផ្តួចផ្តើមគំនិត បង្កើតរបាំនេះឡើង បានប្រសិទ្ធិនាមថា “ របាំអប្សរា ” ។ សម្តេចព្រះរាម នរោត្តមបុប្ផាទេវី គឺជាតួឯកអប្សរាទីមួយ ។
ពាក្យ “អប្សរា ” គឺជាពាក្យផ្សំខ្មែរ និង សំស្រ្កឹត មានន័យថា របាំទេវៈ របាំទេពអប្សរ ឬ របាំទេវតា។បើនិយាយពីគ្រឿងតុបតែងកាយមកុដអប្សរានិងក្បាច់រាំជាដើមសុទ្ធតែបានចម្លងតាមគំរូអប្សរានៅតាមជញ្ជាំងប្រាសាទអង្គរវត្តទាំងអស់។
របាំអប្សរា គឺជារបាំមួយក្នុងបណ្តារបាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរដែលត្រូវបានអង្គការ យូណេស្កូទទួលចុះក្នុងបញ្ជីបេតិកភណ្ឌអរូបរីនៃមនុស្សជាតិ ( Intangible Heritage of Humanity) កាលពី ថ្ងៃទី ០៣ វិច្ឆិកា ២០០៣។

