ស្ពានបុរាណចំនួន ១១ ក្នុងចំណោមស្ពានបុរាណទាំង២១ ក្នុងសម័យអង្គរ ទទួលបានការថែទាំនិងជុសជួល

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ស្ពានបុរាណចំនួន ១១ ក្នុងចំណោមស្ពានបុរាណទាំង២១ ក្នុងសម័យអង្គរ ទទួលបានការថែទាំនិងជុសជួល ស្ពានបុរាណចំនួន ១១ ក្នុងចំណោមស្ពានបុរាណទាំង២១ ក្នុងសម័យអង្គរ ទទួលបានការថែទាំនិងជុសជួល

តាម​ការ​ចេញផ្សាយ​របស់​អាជ្ញាធរជាតិ​អប្សរា​នៅថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៨​ កន្លងទៅបានឲ្យដឹងថា នៅតាម​បណ្តោយផ្លូវជាតិលេខ៦ ពីប្រាសាទបាគង ដល់​ទីប្រជុំជនកំពង់ក្តី ក្នុងខេត្តសៀមរាប អ្នក​ស្រាវជ្រាវ​បុរាណ​វិទ្យា បាន​រកឃើញ​ស្ពាន​បុរាណ​ក្នុង​សម័យ​អង្គរ​ចំនួន​២១។

មកដល់បច្ចុប្បន្នដោយសារតែ​កត្តា​ពេលវេលា ការ​ខ្វះខាត​កិច្ច​ការ​គាំពារ​ក្នុង​ពេល​ប្រទេស​មាន​សង្គ្រាម​ក្នុង​ចំណោម​ស្ពាន​បុរាណ​ទាំង២១​នេះ មានស្ពានបុរាណចំនួន១០ បានខូចបាត់​រូបរាង​អស់ហើយ គឺ​នៅសល់​តែ​ស្ពាន​ចំនួន​១១​ប៉ុណ្ណោះ ដែលអាច​រក្សា​បានទ្រង់ទ្រាយរបស់វា។

ស្ពាន​ដែល​នៅ​សេសសល់​ទាំង​១១​នោះ​រួមមាន​ដូចជា៖ ស្ពាន​អូរ​ចិញ្ជៀន ស្ពាន​តូច ស្ពានថ្ម​បាយ​ក្រៀម ស្ពាន​ថ្ម ស្ពាន​តាមាស ស្ពាន​ភូមិអូរ ស្ពាន​ថ្នល់ដាច់ ស្ពាន​ស្វាយ ស្ពាន​បឹង​អំពិល ស្ពាន​ខ្ពស់ និង​ស្ពាន​ព្រះទិស ។

កន្លងមក​ស្ពាន​បុរាណ​ទាំង​១១​នេះ មាន​សភាពទ្រុឌទ្រោម​ខ្លាំង ទើប​នៅឆ្នាំ​២០១៣ នៅពេល​ធ្វើការ​ជួសជុល​ផ្លូវជាតិ​លេខ៦​ឡើងវិញ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្នើសុំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ចិន​ដែល​ទទួល​ម៉ៅការ ឲ្យ​ធ្វើផ្លូវ​វាង​ពី​ស្ពាន​បុរាណ​ទាំងនោះ ដើម្បី​ថែរក្សា និង​អភិរក្ស​ឱ្យ​បាន​គង់វង្ស និង​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​ផងដែរ។

ដើម្បី​ថែរក្សា និង​លើក​តម្លៃ​ស្ពាន​បុរាណ​ទាំងនោះ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​យក​ចិត្តដាក់​ថែទាំ​និង​លើក​តម្លៃ​ស្ពាន​បុរាណ ដូចជា ស្ពាន​ព្រះទិស ដោយដាក់​ឱ្យមាន​ភ្នាក់ងារ​អភិរក្ស​ចំនួន​៤នាក់ បំពេញ​ការងារ​ជា​អចិន្រ្តៃយ៍ បាន​កសាង​រោងឆ្មាំ​១ខ្នង បង្គន់​អនាម័យ​១ខ្នង មាន​៤បន្ទប់ សម្រាប់​បម្រើភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិ ដែលបានឈាងចូលទស្សនាស្ពានបុរាណមួយនេះ។

ដោយឡែក​ស្ពាន​បុរាណ​ចំនួន​១០ទៀត​ អាជ្ញាធរ​បាន​ដាក់​ស្លាក​ឈ្មោះ​តាម​ស្ពាន​បុរាណ​នីមួយៗ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​បាន​ស្គាល់ ព្រមទាំង​ធ្វើការ​សម្អាត​ជា​រៀងរាល់ខែ​រួមមាន៖ ការ​កាប់ឆ្ការ​រុក្ខជាតិ​តូចធំ រើស​សំរាម​ជុំវិញ​ស្ពាន និង​មើល​ស្ថានភាព​ស្ពាន​ជាដើម។

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ
អត្ថបទទាក់ទង