ពិតជាប្លែកភ្នែកជាមួយរបាំមាន់សួគ៌ (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ពិតជាប្លែកភ្នែកជាមួយរបាំមាន់សួគ៌ (មានវីដេអូ) ពិតជាប្លែកភ្នែកជាមួយរបាំមាន់សួគ៌ (មានវីដេអូ)

មរតកសិល្បៈរបស់ខ្មែរយើងមានរាប់មិនអស់ ដោយក្នុងនោះយើងអាចបែកចែកជាច្រើនផ្នែកដូចជា របាំ ចម្រៀង បទភ្លេង ល្ខោន ភាពយន្ត និងការសម្ដែងផ្សេងៗជាដើម។ ដោយក្នុងនោះគ្រាន់តែផ្នែករបាំមួយ គឺមានចំនួនច្រើនបែបច្រើនទម្រង់ថែមទៀត ដែលយើងអាច​ឃើញការសម្ដែងរបាំនីមួយៗនៅក្នុងកម្មវិធីផ្សេងៗ។ ប៉ុន្តែដោយមានរបាំខ្លះ គឺត្រូវបានសម្ដែងតែនៅក្នុងឱកាសពិសេស ឬសម្រាប់តែ​សម្ដែង​​ជូនដល់ព្រះមហាក្សត្រទ្រង់ទតតែប៉ុណ្ណោះ ទើបធ្វើឲ្យយើងជាប្រជាពលរដ្ឋកម្រនឹងបានឃើញផ្ទាល់នូវរបាំទាំងនោះ។

ម្យ៉ាងវិញទៀត ក៏មានប្រភេទរបាំខ្លះជាប្រភេទរបាំទើបតែបង្កើតឡើងនៅពេលថ្មីៗនេះ ដែលយុវជនយើងជំនាន់ក្រោយបានតាក់តែង រៀបចំ និងហាត់រៀន ព្រមទាំងសម្ដែងទុកជាចំណីអារម្មណ៍ថ្មីសម្រាប់មហាជនផង និងបង្កើតឲ្យវា​មានលក្ខណៈ​កាន់តែ​សម្បូរ​បែប​ក្នុង​ផ្នែក​របាំបុរាណយើងផង។

នៅពេលនេះ យើងខ្ញុំសូមលើកយកមកបង្ហាញនូវនៅរបាំមួយប្រភេទដែលមានឈ្មោះថា របាំមាន់សួគ៏ ដែលជាការ​សម្តែងដោយ​ប្អូនៗ​ជាសិស្សនៃ​សាលាមធ្យម​វិចិត្រ​សិល្បៈ។ របាំមាន់សួគ៌នេះត្រូវបានសម្ដែងដោយមានតួអង្គ៩ រូប ដែលបានតុបតែងខ្លួនជាសត្វមាន់ ហើយ​ក្នុងចំណោមទាំងអស់នោះ មានតួអង្គមាន់មួយមានលក្ខណៈខុសពីគេ គឺមានគ្រងឈុតពណ៌ស ឈររាំនៅចំកណ្ដាល ដែលយើង​អាច​សន្និដ្ឋាន​បានថាជាតួអង្គឯកនៅក្នុងរបាំមួយនេះ។

អមមកជាមួយនូវការតុបតែងជាលក្ខណៈសត្វមាន់ បទចម្រៀងដែលតួអង្គ​ទាំងអស់​ត្រូវរេរាំ​តាមចង្វាក់​ភ្លេង​នោះ ក៏បានបន្លឺនូវពាក្យ មាន់ មាន់សួគ៌ មាន់ទេវតា​ ។ល។ ដែលវាជាការបង្ហាញថា របាំមួយនេះ គេសម្ដែងឡើង គឺដើម្បីថ្វាយដល់អាទិទេព ឬទេវតា នាឋានសួគាផងដែរ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថា របាំមាន់សួគ៌នេះ មានទម្រង់ និងទស្សនីយភាពប្លែកបែបណានោះ សូមរីករាយទស្សនា​ការសម្ដែង​របាំពីសំណាក់ប្អូនៗខាងក្រោមនេះទាំងអស់គ្នា៖

បញ្ចេញមតិ