មកស្គាល់ អង្កួចឬស្សី ឧបករណ៍ភ្លេងមួយដែលស្ទើរតែបាត់បង់ (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី៥ ខែតុលា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
មកស្គាល់ អង្កួចឬស្សី ឧបករណ៍ភ្លេងមួយដែលស្ទើរតែបាត់បង់ (មានវីដេអូ) មកស្គាល់ អង្កួចឬស្សី ឧបករណ៍ភ្លេងមួយដែលស្ទើរតែបាត់បង់ (មានវីដេអូ)

អង្កួចឬស្សី គឺជាឧបករណ៍ភ្លេងម្យ៉ាងងាយស្រួលធ្វើ ហើយកុមាររស់នៅតាមជនបទចូលចិត្តផ្លុំលេងកែអផ្សុក។ អង្កួចឬស្សីធ្វើឡើង​ពី​បន្ទះ​ឬស្សី​ដែលគេបិទឲ្យសំប៉ែត និងស្រួចចុងប្រវែងអាចពី ៨ ស.ម​ ដល់ ២០ស.ម.។ ប្រសិនបើចង់បានសូរធូរធំ គេធ្វើអណ្ដាត​វែង​ហើយ​តួ​អង្គួច​ក៏វែងដែរ តែបើចង់បានសូរតឹងខ្ពស់វិញនោះ គេត្រូវធ្វើអណ្ដាតខ្លី ឯតួអង្គួចក៏ខ្លីតាមនោះដែរ។

សិល្ប៍វិធីក្នុងការលេងអង្គួចនេះ គឺត្រូវប្រើសូរទៅតាមក្រអូមមាត់ដោយប្រើខ្យល់កៀបចេញពីបំពង់ក រួចយកអណ្ដាតទល់។ បើចង់​បាន​សូរ​តូច តឹង ត្រូវទល់អណ្ដាតផិត តែបើចង់បានសូរធំទាប ត្រូវប្រើចំហបំពង់កឲ្យអស់ ម្យ៉ាងទៀតបើ​សិនគេ​ចង់​លេង​សាច់​បទភ្លេង​ណា​មួយនោះ គេត្រូវច្រៀងតាមបទភ្លេងនោះ។

តែបើគេចង់រៀបរាប់តាមមនោសញ្ចេតនាពាក្យសម្ដី​ ដូចជាថា៖

(អូនអើយ នាងគេងទៅ) គេត្រូវបញ្ចេញសូរច្រៀងពាក្យនោះដោយផ្លុំរួមផ្សំគ្នាផង។ នោះគេហាក់ឭសូរន័យនៃពាក្យដូរបានរៀបរាប់ខាងលើដែរ។

តាមពិតទៅ អង្កួចនេះពុំមានលក្ខណៈសំខាន់ក្នុងវង់ភ្លេងណាមួយឡើយ ដោយភាគច្រើនគេលេងវា​នៅពេលសម្រាក​ពីការងារ​ធ្វើស្រែ​ចម្ការ​ក្រោមខ្យល់ល្វើយៗ ឬពេលរាត្រីស្ងាត់ក្រោមពន្លឺដួងខែ ឬក្មេងប្រុសៗលេងវាជាការអន្ទង​ចិត្តទៅនារីដែលខ្លួនស្រលាញ់ ព្រោះវា​មានសំនៀងថ្ងួចថ្ងូរគួរឲ្យជាប់ចិត្ត។

​បើ​និយាយ​អំពី​ដើម​កំណើត​របស់​ឧបករណ៍​អង្កួចនេះ យោងតាម​បន្ទូល​របស់​សម្តេច​សង្ឃ​រាជ ជួន ណាត ក្នុង​ឆ្នាំ​១៩៦៥ នៅ​មហា​កុដិ​នា​វត្ត​ឧណ្ណា​លោម ក្នុងឱកាស​ប្រជុំ​តូច​ជាមួយនឹង​ក្រុម​និស្សិត​ផ្នែក​ភ្លេង​បុរាណ ដឹកនាំ​ដោយ​លោក ហង្ស ធុន​ហាក់ និង​លោក ឆេង ផុន ស្តី​អំពី​បញ្ហា​តន្ត្រីបុរាណ​មាន​ព្រះបន្ទូល​ថា «​អង្កួច​ធ្វើ​អំពី​ឫស្សី ខ្មែរ​យើង​ធ្វើ​ត្រាប់​តាម​ជនជាតិ​រស់នៅ​លើ​កោះ ប័រ​ណេ​អូ (Borneo) អង្កួច​ធ្វើ​អំពី​ដែក ខ្មែរ​យើង​ធ្វើ​ត្រាប់​តាម​ជនជាតិ​ម៉ុង​ហ្គោលី (Monglolia) រីឯ​អង្កួច​ខ្សែ ខ្មែរ​យើង​បង្កើត​ដោយ​ខ្លួនឯង ដោយ​បំបែក​ចេញមក​ពី​ឧបករណ៍​ម្យ៉ាង​ឈ្មោះ អន់​ថួ​ច ធ្វើ​អំពី​បំពង់​ឫស្សី​ប៉ុន​កដៃ ស្រដៀង​គ្នា​នឹង​ត្រដោក​ឫស្សី​ដាក់​ខ្សែ​មួយ គោះ​ដោយ​អន្លូង​តូច​ប៉ុន​ចង្កឹះ ឮសូរ​តែ​ម្យ៉ាង​គ្មាន​បទ​បែប​ទេ ប៉ុន្តែ​ក្រោយមក​គេ​យក​អន់​ថួ​ច​នេះ មក​ដាក់​ផ្អឹប​នឹង​មាត់​ត្រង់​ចុង​ម្ខាង​នៃ​ខ្សែ​គោះ​បញ្ចេញ​បទ​បែប​បាន​យ៉ាង​ស្រួល ឧបករណ៍​អង្កួច​ទាំងអស់​ខាងលើ​នេះ​មិន​សំខាន់​ក្នុង​ពិធី​ណា​ឡើយ​» ។ បន្ទូល​របស់​សម្តេច​សង្ឃ​ក៏​មាន​លក្ខណៈ​សមស្រប​ដែ​រ ពីព្រោះ​ទំនាក់ទំនង​ស្អិតរ​មួ​ត​រវាង​ខ្មែរ​និង​ជនជាតិ​ជ្វា​មាន​តាំងពី​យូរយារ​ណាស់​មកហើយ ពិសេស ក្នុង​រាជ​ស្តេច​ជ័យវរ្ម័ន​ទី​២ នា​ចុង​សតវត្ស​ទី​៨។ ទំនាក់ទំនង​ខ្មែរ​និង​ម៉ុង​ហ្គោលី មាន​តាំងពី​ក្នុង​រាជ​ស្តេច​ម៉ុង​ហ្គោល ព្រះអង្គ គូ​ប៊ី​ឡែ​ខាន់ (Koubilai Khan)។ ស្តេច​អង្គ​នេះ​បាន​បញ្ជា​ឱ្យ​ឧត្តមសេនីយ៍ សុង​ហ្គា​ទូ (Songatou) ចូល​មក​ទន្ទ្រាន​ទឹកដី​ខ្មែរ​ក្នុង​ឆ្នាំ​១២៨៣ ដល់​ឆ្នាំ ១២៨៥ កាលនោះ ខ្មែរ​ត្រូវ​បញ្ជូន​សួយសារអាករ​ទៅ​ថ្វាយ​ស្តេច​គូ​ប៊ី​ឡែ​ខាន់ ។ យើង​អាច​សន្និដ្ឋានបាន​ថា ទំនាក់ទំនង​បែបនេះ​អាច​ជា​ប្រភព​នៃ​ការឆ្លង​គ្នា​ខាង​វិស័យ​វប្បធម៌ ពោល​គឺ​ចាប់ផ្តើម​នាំ​យក​ឱ្យ​មាន​នូវ​អង្កួច​ដែក​ក៏​ថា​បាន ។​

​អង្កួច​មាន​ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក និង​សម្បូរបែប​បំផុត​នៅ​ប្រទេស​ម៉ុង​ហ្គោលី។ ចំណែកនៅប្រទេស​ហ្វីលីពីនវិញ អង្កួចពិតជា​មាន​ប្រជាប្រិយភាព​ខ្លាំង​​ រហូត​គេមាន​រោងចក្រ​សម្រាប់​ផលិត​ឧបករណ៍​នេះ​តែម្តង។ សិល្បករ​ហ្វីលីពីន​បាន​ឆ្នៃ​យក​អង្កួច​បញ្ចូល​ទៅ​ក្នុង​វង់​ភ្លេងសម័យ តែ​វា​នៅ​តែ​ក្នុង​ផ្នែក​ណាមួយ​នៃ​បទ​ចម្រៀង​ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ហ្វីលីពីន បាន​យក​ឧបករណ៍​អង្កួច​នេះ ធ្វើ​ជា​អត្តសញ្ញាណ​របស់​ប្រទេស​ខ្លួន​ទៀតផង។

​មកដល់​សព្វថ្ងៃនេះ អង្កួច នៅស្រុកខ្មែរយើងស្ទើរតែ​មិន​មាន​ឮ​គេ​លេង​នៅ​តាម​ភូមិ​ស្រុក​នានា​ទៀត​ទេ​ក្នុង​សង្គម​ខ្មែរ ហើយ​ឈាន​ទៅរក​ការបាត់បង់​ជា​ស្ថាពរ ដោយយើងឃើញនៅមានការប្រើប្រាស់អង្គូចនេះនៅតាមតំបន់មួយចំនួនប៉ុណ្ណោះ ហើយថែមទាំង​និយម​ប្រើ​ប្រភេទ​អង្កូចផ្សេងៗគ្នាទៀតផង ដូចជា អង្កួច​ធ្វើ​អំពី​ឫស្សី មាន​នៅ​ខេត្ត​សៀមរាប​យ៉ាង​តិចតួច​បំផុត ហើយ​ពុំ​សូវ​មាន​អ្នក​ពូកែ​លេង​វា​ឡើយ។ អង្កួច​ធ្វើ​អំពី​ដែក ​មាននៅ​ខេត្ត​ពោធិ៍សាត់​តំបន់​ភ្នំក្រវាញ មាន​ក្នុង​ចំណោម​ជនជាតិដើម ប៉ុន្តែ​មិន​សម្បូរ​ទេ។ អង្កួច​ខ្សែ​ មាន​នៅ​ខេត្ត​មណ្ឌលគិរី ស្ថិតក្នុង​ចំណោម​ជនជាតិ​ដែរ ប៉ុន្តែ​អង្កួច​បែបនេះ​ស្ទើរតែ​បាត់បង់​ទៅហើយ។ អង្កួច​អន្ទោក មាន​នៅ​លើ​ជនជាតិ​ព័រ ក្នុង​ខេត្ត​ពោធិ៍សាត់។ អង្កួច​ទាំងអស់នេះ មាន​របៀប​ប្រើប្រាស់ និង​របៀប​ធ្វើ​មិន​ដូចគ្នា​ទេ។​

អត្ថបទដោយ៖ ទី សារឿន

សូមរីករាយស្ដាប់កម្សាន្តអំពីការប្រើប្រាស់ និងសម្លេងរបស់អង្គួចឫស្សី ដែលបានលេងដោយបងប្រុសម្នាក់នេះទាំងអស់គ្នា៖

បញ្ចេញមតិ