ឡូយណាស់! ចង្វាក់ផលិតកម្ម ចង្កឹះធ្វើពីឫស្សី របស់អ្នកព្រះវិហារ (មានវីដេអូ)
ចង្កឹះគឺជាសម្ភារៈមួយប្រភេទដែលគេនិយមប្រើប្រាស់សម្រាប់បរិភោគអាហារផ្សេងៗ ជាពិសេសគឺបងប្អូនដែលមានខ្សែស្រឡាយចិន។ ចង្កឹះត្រូវបានគេប្រើប្រាស់ប្រចាំថ្ងៃដូច វែក ស្លាបព្រា ដែរ ប៉ុន្តែវាមិនត្រូវបានគេរក្សាទុក ឬប្រើប្រាស់រយៈពេលយូរនោះទេ គឺដោយសារភាគច្រើនអ្នកលក់ចំណីអាហារតាមហាង ឬតាមដងផ្លូវ ពួកគាត់និយមប្រើប្រាស់ចង្កឹះឈើ ឬ ឫស្សី ដែលវាមិនធន់ដូច ស្លាបព្រា វែក ដែលធ្វើអំពីដែក ឬស្ពាន់ នោះទេ។
ម្យ៉ាងទៀតដោយសារខ្មែរយើងពីដើមមិននិយមប្រើចង្កឹះ ដូចជនជាតិចិន និង យួន ទើបយើងមិនសូវឃើញមានការចង្កឹះនេះជាលក្ខណៈធំដុំឡើយ ពោលគឺយើងបានធ្វើការនាំចូលពីបណ្ដាប្រទេសជិតខាងដូចជា ថៃ និង វៀតណាម តែប៉ុណ្ណោះ។
ប៉ុន្តែដោយសារកំណើតនៃការប្រើប្រាស់ ក៏ដូចជាការពេញនិយមប្រើចង្កឹះនេះច្រើនឡើងៗ ហើយការនាំចូលទៀតពីប្រទេសជិតខាងក៏ល្បីថា មានការប្រើនូវសារធាតុគីមីខ្លាំងដើម្បីការពារកុំឲ្យវាឆាប់ពុកផុយផងនោះ ទើបនៅពេលថ្មីៗនេះ យើងឃើញមានសិប្បកម្មផលិតចង្កឺះពីដើមឫស្សីខ្នាតតូចមួយ ត្រូវបានបង្កើតឡើងនៅខាងខេត្តព្រះវិហារ។
ទោះបីជាយើងមើលទៅ វាគឺមានលក្ខណៈតូច មិនសូវទំនើប និងមានការផលិត និងវេចខ្ចប់ មិនមានស្ដង់ដារដូចគេក៏ពិតមែន ប៉ុន្តែចង្កឹះដែលបានផលិតចេញពីដើមឫស្សីរបស់អ្នកខេត្តព្រះវិហារមួយនេះ បានផ្ដល់នូវចង្កឹះដែលគ្មានជាតិគីមីខ្លាំងដូចចង្កឹះដែលនាំចូលពីក្រៅផង ហើយវាក៏បានផ្ដល់ការងារ ក៏ដូចជាប្រាក់កម្រៃសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។
ដូច្នេះសម្រាប់បងប្អូនដែលចង់គាំទ្រផលិតផលក្នុងស្រុករបស់យើងមួយនេះ ក៏អាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៨៨ ៤៤៩ ៦៦៦៦/ ០៨៨ ៧០៧ ៤៨៣៣ / ០៨៨ ៣៩១ ៧១៧១
អត្ថបទដោយ៖ ទី សារឿន
សូមទស្សនាវីដេអូដែលបង្ហាញពីចង្វាក់ផលិតកម្ម ចង្កឹះធ្វើពីឫស្សី របស់អ្នកព្រះវិហារខាងក្រោមនេះទាំងអស់គ្នា៖