ពិតជារំភើប! នៅពេលឃើញបទភ្លេងរបាំគ្រុឌខ្មែរយើងសម្ដែងនៅមហោស្រពសូរ្យតន្ត្រីអន្តរជាតិ (មានវីដេអូ)
នៅមហោស្រពសូរ្យតន្ត្រីអន្តរជាតិមួយ ដែលបានប្រព្រឹត្តទៅនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដោយមានការចូលរួមពីបណ្ដាប្រទេសនានាជុំវិញពីភពលោកចំនួន ២១ កន្លងទៅ តំណាងឲ្យកម្ពុជាយើង លោកសាស្រ្តាចារ្យ កែវ ដូរីវណ្ណ បានលើកយកបទភ្លេងមួយបទគឺ បទភ្លេងរបាំគ្រុឌ ដើម្បីសម្ដែងជូនមហាជនមកពីបណ្ដាប្រទេសផ្សេងៗ។ សម្រាប់ការសម្ដែងនោះ គឺជាការសម្ដែងរួមគ្នាពីសំណាកតន្រ្តីករក្នុងចំណោមប្រទេសទាំង២១នេះផងដែរ ដោយមានការប្រើប្រាស់ឧបករណ៍ជាច្រើនប្រភេទរួមបញ្ចូលគ្នាតែម្ដង។
ប៉ុន្តែអ្វីដែលធ្វើឲ្យយើងមានមោទនភាពភាពនោះ គឺនៅក្នុងឱកាសសម្ដែងនេះគឺសិល្បករទាំងអស់បានលេងរួមគ្នានូវបទភ្លេងរបស់ខ្មែរយើង ដោយមានការផ្ដើមដំបូងដោយឧបករណ៍ភ្លេងបុរាណខ្មែរមួយប្រភេទដែលមានឈ្មោះថា ខ្លុយ ។
បទភ្លេងរបាំគ្រុឌ ដែលលោកសាស្រ្តាចារ្យ កែវ ដូរីវណ្ណ លើកយកសម្តែងនៅក្នុងឱកាសនោះ គឺជាស្នាដៃនិពន្ធរបស់លោកសាស្រ្តាចារ្យ កែវ សុភី ត្រូវបានប្អូនបង្កើតរបស់គាត់លោកតែម្ដង។
សូមបញ្ជាក់ផងដែរថា លោកសាស្ត្រាចារ្យ កែវ សុភី លោកសាស្ត្រាចារ្យ កែវ ដូរីវណ្ណ និងលោកសាស្រ្តាចារ្យ កែវ សុនន្ទកវី គឺជាបុត្របង្កើតរបស់ លោកតាព្រឹទ្ធាចារ្យ វិរៈសិល្បករ កែវ ស្ងួន។
យើងខ្ញុំសូមភ្ជាប់មកជាមួយអត្ថបទចម្រៀង ៉ជនជាតិខ្មែរ ៉ ដែលបាននិពន្ធដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត
ជនជាតិខ្មែរកើតនៅលើដីខ្មែរ
ត្រូវការយើងថែជាតិឲ្យបានរុងរឿង
កេរ្តិ៍ឈ្មោះជាតិបានថ្កុំថ្កើង
លុះត្រាតែយើងជួយថែរក្សា។
ទោះបីខ្មែរទៅនៅប្រទេសណា
ត្រូវកុំភ្លេចថាយើងកើតពីជាតិខ្មែរ
ឲ្យបរទេសវាបង្វែរ
ឲ្យខ្មែរនិងខ្មែរបែកសាមគ្គីគ្នា។
ថ្វីបើគេហ៊ានចំណាយ
ប្រាក់ក៏ចាយហូរហៀរយ៉ាងណា
ត្រូវកុំភ្លេចជនជាតិខេមរា
រុងរឿងថ្លៃថ្លាតាំងពីបុរាណ។
កេរ្តិ៍ឈ្មោះជាតិនៅគង់វង់បានយូរ
ត្រូវតែយើងស៊ូរួបរួមគ្នាគ្រប់ប្រាណ
ខំការពារដោយក្លាហាន
ទើបជាតិយើងបានស្គាល់ក្តីរុងរឿង។
ដើម្បីជ្រាបកាន់តែច្បាស់ថា ការប្រគុំតន្ត្រីបទភ្លេងខ្មែរដោយមានការចូលរួមពីបណ្ដាឧបករណ៍ភ្លេងនៃប្រទេសផ្សេងៗជាច្រើនថាវាមានទិដ្ឋភាពពិសេសបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖