ការជួសជុលចម្លាក់តោនៅប្រាសាទក្រវ៉ាន់

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ការជួសជុលចម្លាក់តោនៅប្រាសាទក្រវ៉ាន់ ការជួសជុលចម្លាក់តោនៅប្រាសាទក្រវ៉ាន់

ក្រុមអ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបស់អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលចម្លាក់តោចំនួនមួយនៅប្រាសាទក្រវ៉ាន់ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប រួចរាល់ជាស្ថាពរហើយ។

លោក រីក រ៉េត អ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ចម្លាក់តោថ្មនេះ មុនការជួសជុលមានសភាពទ្រុឌទ្រោម បែក​បាក់រូបរាងជាកំណាត់តូចធំនៅលើដីមុខប្រាសាទ។ កាលពីសម័យបារាំង ចម្លាក់តោ​នេះត្រូវបាន​អ្នកជំនាញបារាំងជួសជុលម្តងរួចហើយ តែការជួសជុលនោះ គ្រាន់តែយកស៊ីម៉ង់ត៍និងដែកមកប្រើបិទភ្ជាប់ឱ្យមានលំនឹងអាចឈរបានប៉ុណ្ណោះ ប៉ុន្តែក្រោយមក​វាក៏បានបែកបាក់​ជាបន្តបន្ទាប់តាមអាយុកាលស៊ីម៉ងត៍។

លោក រ៉េត បន្តទៀតថា ដូច្នេះដើម្បីលើកតម្លៃមរតកអង្គរនិងចម្លាក់តោដែលរងនូវការខូចនេះ ក្រុមអ្នកជំនាញអភិរក្សថ្មបានជ្រើសរើសចម្លាក់តោមួយក្នុងចំណោមតោទាំង៥នៃប្រាសាទក្រវ៉ាន់ដើម្បីជួសជុលសាកល្បង មុននឹងឈានទៅដល់ការជួសជុលចម្លាក់តោដទៃទៀតនៅប្រាសាទនេះ។

ក្នុងការជួសជុល ក្រុមការងារក៏បានប្រើបច្ចេកទេសជួសជុលសមស្រប​ទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈ​ដើមនិង​សុវត្ថិ​ភាព​​យូរអង្វែងនៃចម្លាក់។ រីឯបច្ចេកទេសនិងការជួសជុលក៏ ត្រូវបានទទួលស្គាល់ដោយ​អ្នកជំនាញការ​អាដហុករបស់គណៈ​កម្មការ​អាយស៊ីស៊ី-អង្គរ​ផងដែរ។

សម្រាប់ពេលវេលាក្នុងការជួសជុល ក្រុមការងារបានចំណាយពេលអស់១ឆ្នាំ គឺចាប់ពីខែឧសភាឆ្នាំ២០១៧ ដល់ខែមីនាឆ្នាំ២០១៨ ដើម្បី រក្សាបាននូវតម្លៃ​លក្ខណៈដើម និងភាពល្អប្រសើរនៃចម្លាក់ ដោយសិក្សាលម្អិតពីរចនាបថជើង​ចម្លាក់តោ​ដទៃៗ​នៅ​តាម​បណ្តា​ប្រាសាទ​មួយចំនួនដែលបានកសាងក្នុងរជ្ជកាលតែមួយគ្នាមកធ្វើការប្រៀបធៀបគ្នា ថាតើត្រូវរើសយក​រចនាបថ​ជើងតោណាមួយ​មកធ្វើជាគំរូ​ក្នុង​ការឆ្លាក់ ដើម្បីតភ្ជាប់នឹងខ្លួនចម្លាក់សត្វតោនៅប្រាសាទក្រវ៉ាន់។

បច្ចុប្បន្នចម្លាក់តោត្រូវបានអ្នកជំនាញជួសជុលរួចរាល់ហើយ ហើយក៏បានយកមកតម្កល់ទុកនៅទីតាំងដើមខាងមុខប្រាសាទវិញ ក្នុង​ន័យអភិរក្សថែរក្សាមរតកដូនតាដែលជាសម្បត្តិបេតិកភណ្ឌជាតិ និងដាក់បង្ហាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាឡើងវិញ៕

បញ្ចេញមតិ