ស្វែងយល់ពីប្រាសាទបុរាណ និងដើមអាចម៏ដែក នៅក្នុងវត្តប្រាសាទ ស្រុកអង្គរជ័យ ខេត្តកំពត

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ស្វែងយល់ពីប្រាសាទបុរាណ និងដើមអាចម៏ដែក នៅក្នុងវត្តប្រាសាទ ស្រុកអង្គរជ័យ ខេត្តកំពត ស្វែងយល់ពីប្រាសាទបុរាណ និងដើមអាចម៏ដែក នៅក្នុងវត្តប្រាសាទ ស្រុកអង្គរជ័យ ខេត្តកំពត

វត្ត​ប្រាសាទ​ ស្ថិតនៅភូមិ​ប្រាល ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្ត​កំពត ចម្ងាយ​ប្រហែល​ ២០​ គ.ម​ ពីផ្លូវជាតិលេខ៣​ (ផ្លូវទៅខេត្តកំពត)។​ ដើម​ហេតុដែល​គេ​ដាក់​ឈ្មោះ​វត្ត​នេះ​ថា​ ​វត្ត​ប្រាសាទ​ គឺ​ដោយ​សារ​នៅ​ក្នុង​ទី​ធ្លា​វត្ត​នេះមាន​ប្រាសាទ​បុរាណមួយ​​ធ្វើ​អំពី​ថ្ម​បាយ​ក្រៀម​​។​ ប្រាសាទ​ថ្ម​បាយ​ក្រៀមនេះមានតែតួប៉មមួយ​ប៉ុណ្ណោះ​ ដោយ​មាន​ទ្វារ​បែរ​ទៅ​ទិស​ខាង​កើត​ និង​មានសភាពស្ទើរតែដួលរលំទៅហើយ។​

ប្រាសាទ​នេះពុំ​ទាន់​មាន​សេចក្ដី​សន្និដ្ឋាន​ឲ្យ​ច្បាស់​លាស់​អំពី​កាល​បរិច្ឆេទ ក៏​ដូច​ជា​រចនាបថ​នៅ​ឡើយ​ទេ ព្រោះ​ដោយ​សារ​គេ​មិន​បានប្រទះ​ឃើញ​មាន​សំណល់​ផ្ដែរ ឬ​ហោជាង​ នៅ​សេសសល់​នៅ​ទី​នោះ​ឡើយ ដោយ​គេ​គ្រាន់​តែ​គេ​បាន​រក​ឃើញ​សិលាចារឹក K. 43​ នៅ​ទីនេះ​មានភាពរិចរើលខ្លាំង ទើប​មិន​ទាន់​មាន​ឯកសារណា​ច្បាស់​លាស់​​អំពី​សិលាចារឹក​នោះ​ថានៅស.វទីប៉ុន្មាន​ឡើយ​។ ​ E. Aymonier គ្រាន់តែឲ្យសេចក្ដីសន្និដ្ឋានថាប្រហែលចារនៅចុងស.វទី១០​ (Aymonier, Le Cambodge, I, p. 158)​។​

នៅ​ចំកណ្ដាលប្រាសាទ​ដែល​មាន​ទំហំ ៧ ម៉ែត្រ​ បួនជ្រុង និង​មាន​កម្ពស់​ប្រហែល​ជា ៨ ម៉ែត្រ​នេះ​ យើង​ឃើញ​មាន​ដើម​ឈើ​មួយ​ដើម​ដុះ​ចេញ​ពី​កណ្ដាល​ប្រាសាទ​ ដែល​ស្ទើរតែ​ហែកប្រាសាទនេះជាពីរទៅ​ហើយ​ ហើយ​បើតាមចាស់ៗ​នៅភូមិបាន​និយាយ​ថា​ ពួកគាត់​បាន​ឃើញវាមានសភាពដូច​នេះតាំងពីគាត់កើតមកម៉្លេះ។​

ទើបតែមួយរយៈក្រោយនេះ មានការល្បីថា ដើមឈើមួយដើមនេះមានឈ្មោះថា ដើមអាចម៍ដែក ជាដើមឈើមួយប្រភេទដែលកម្រ​គឺវាមានតែចំនួនពីរដើមប៉ុណ្ណោះ គឺមានមួយដើមនៅប្រាសាទអង្គរវត្ត និងមួយដើមទៀតមាននៅវត្តប្រាសាទ ស្រុកអង្គរជ័យ នេះតែប៉ុណ្ណោះ។ លើសពីនេះទៅទៀតអ្នកស្រុកនៅទីនោះស្រាប់តែមានជំនឿថា ដើមអាចម៍ដែកនេះគឺពូកែស័ក្ដិសិទ្ធិណាស់ សូម្បីតែស្លឹកវាក៏អាចយកមកដាំទឹកផឹកព្យាបាលជម្ងឺផ្សេងៗបានថែមទៀតផង។

ដោយសារតែគិតថាវាជាប្រភេទដើមឈើកម្រផង និងជឿថាវាពូកែស័ក្ដិសិទ្ធិផង ទើបធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះផ្ទុះការតវ៉ាយ៉ាងខ្លាំង ចំពោះកម្លាំងរបស់មន្ទីរវប្បធម៌​ខេត្ត​កំពត​ ដែលចង់កាប់វាចោល ព្រោះតែវាមានភាពចាស់ទ្រុឌទ្រោមខ្លាចបង្កគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ ក្រោយពីមានការតវ៉ាការពារខ្លាំងរហូតដល់ដាក់វេនគ្នាដេកចាំពីសំណាកប្រជាពលរដ្ឋផងនោះ ទីបំផុតដើមឈើមួយដើមនេះ ត្រូវបានខាងអាជ្ញាធរខេត្តរក្សាទុកឲ្យនៅដដែរ គ្រាន់តែដាក់សញ្ញាគ្រោះថ្នាក់បញ្ជាក់អំពីដើមឈើចាស់ទ្រុឌទ្រោម​ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ​តែប៉ុណ្ណោះ។

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ
អត្ថបទទាក់ទង