គួរឲ្យសរសើរខ្លាំងណាស់ ដែលបានឃើញគណៈគ្រប់គ្រងសាលាមួយនេះធ្វើការបង្ហាត់បង្ហាញសិស្សានុសិស្សនូវចង្វាក់រាំប្រពៃណីខ្មែរបែបនេះ (មានវីដេអូ)

គួរឲ្យសរសើរខ្លាំងណាស់ ដែលបានឃើញគណៈគ្រប់គ្រងសាលាមួយនេះ បានរៀបចំធ្វើការបង្ហាត់បង្ហាញសិស្សានុសិស្សនូវចង្វាក់រាំសារ៉ាវ៉ាន់ ដែលជាចង្វាក់រាំប្រពៃណីខ្មែរបែបនេះ។ សាលានីមួយៗគួរណាស់តែពង្រឹងការអប់រំ និងក្រើនរំលឹកដល់សិស្សនិសិស្សពីចង្វាក់រាំប្រពៃណីខ្មែរទាំងអស់ឡើងវិញ ដើម្បីជៀសវាងយុវជនយើងខ្លះសប្បាយភ្លេចខ្លួននឹងវប្បធម៌បរទេសភ្លេចអស់នូវវប្បធម៌ខ្មែរយើង។
យើងដឹងហើយថា ខ្មែរមានចង្វាក់រាំជាច្រើនប្រភេទ ច្រើនក្បាច់ ដែលមានទាំងចង្វាក់រាំបែបបុរាណ ប្រជាប្រិយ និងសម័យ ប៉ុន្តែបើយើងក្រឡេកមកមើលបច្ចុប្បន្ននេះវិញ យើងឃើញថាយុវជនយើងកាន់តែច្រើនឡើងៗមិនសូវចាប់អារម្មណ៍ពីចង្វាក់រាំបែបប្រជាប្រិយខ្មែរដូចជា រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ កន្ទ្រឹម ចូកកំពឹស ជាដើម ដូចយុវជនជំនាន់មុននោះទេ គឺពួកគេនិយមតែចង្វាក់បែបបរទេស ញ័រញ៉ាក់ កន្រ្ទាក់អារម្មណ៍ ឬដែលគេអាចហៅមួយបែបទៀតថា ចង្វាក់បែកស្លុយ នោះទៅវិញ។
យើងមិនអាចបន្ទោសតែយុវជនដែលមិនសូវចេះ ឬចូលចិត្តរាំលេងកម្សាន្តចង្វាក់ប្រពៃណីខ្មែរបានទេ ព្រោះតែបច្ចុប្បន្នវប្បធម៌ជុំវិញពិភពលោកមានការហូរចូលពីប្រទេសមួយទៅប្រទេសមួយកាន់តែងាយស្រួលនិងឆាប់រហ័ស ជាពិសេសគឺតាមរយៈប្រព័ន្ទផ្សព្វផ្សាយអឺនធើណេតនេះតែម្ដង ដោយស្របនឹងចរន្តយុវជនយើងបច្ចុប្បន្ន ពួកគេចូលចិត្តទទួលយក និងចង់បាននូវអ្វីដែលថ្មី ទាន់សម័យ និងសប្បាយៗ ទើបធ្វើឲ្យពួកគេចាប់យកវប្បធម៌បរទេស ហើយស្ទើរតែភ្លេចអស់នូវវប្បធម៌របស់ខ្លួន។
អាស្រ័យហេតុនេះ គឺមានតែការចូលរួមថែរក្សា ការពារ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងញឹកញាប់នូវមរតកវប្បធម៌ដ៏ល្អផូរផង់របស់យើងទៅកាន់យុវជនយើង ក៏ដូចជាជនបរទេសផង ទើបយើងអាចរក្សាអត្តសញ្ញាណជាតិយើង និងជាការក្រើនរំលឹកដល់យុវជនជំនាន់ក្រោយៗឲ្យពួកគេបានស្គាល់ និងស្រឡាញ់ គាំទ្រ និងចូលរួមការពារនិងលើកស្ទួយនូវចង្វាក់ប្រពៃណៃរបស់យើងទាំងអស់គ្នាបាន។
អត្ថបទដោយ៖ ទី សារឿន
តោះ! សូមទស្សនាវីដេអូដែលបង្ហាញពីការបង្ហាត់បង្ហាញនូវចង្វាក់រាំសារ៉ាវ៉ាន់ប្រពៃណីខ្មែរពីសំណាកគណៈគ្រប់គ្រងសាលាមួយនេះទាំងអស់គ្នា៖