ចូលរួមគោរព និងផ្សព្វផ្សាយទាំងអស់គ្នាអំពី ក្រុមប្រតិបត្តិអង្គរ ដើម្បីលើកកម្ពស់ និងថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរយើង (មានវីដេអូ)

ក្រមប្រតិបត្តិអង្គរ (Angkor Code of Conduct) ជាគោលការណ៍សីលធម៌ដែលរៀបចំឡើងសម្រាប់អ្នកចូលលទស្សនាអង្គរក្នុងគោលដៅទប់ស្កាត់ផលប៉ះពាល់ ដែលអាចកើតមានឡើងពីសំណាក់ភ្ញៀវទេសចរចំពោះបេតិកភណ្ឌអង្គរ និងដើម្បីលើកតម្លៃបេតិកភណ្ឌអង្គរឲ្យសមជានិមិត្តរូប និងជាទីសក្ការៈនៃប្រជាជាតិខ្មែរ។ ក្រមប្រតិបត្តិអង្គរត្រូវបានរៀបចំ និងផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការចាប់តាំងពីចុងឆ្នាំ២០១៥មក។
កាលណានិយាយពីភ្ញៀវទេសចរ គេច្រើនតែនឹកទៅដល់ភ្ញៀវទេសចរបរទេស ដែលបានទិញបណ្ណចូលទស្សនាអង្គរជារៀងរាល់ថ្ងៃ។ ក្នុងន័យនេះ គេបានមើលរំលងថា ភ្ញៀវទេសចរខ្មែរ ដែលជាម្ចាស់បេតិកភណ្ឌខ្លួនឯង ដែលមានចំនួនប្រហាក់ប្រហែលនឹងភ្ញៀវទេសចរបរទេស ឬក៏លើសទៀតផង ក៏បានទៅទស្សនាអង្គរ ហើយក៏អាចបង្កផលប៉ះពាល់ដល់បេតិកភណ្ឌរបស់ដូនតាយើងដូចគ្នា។ ដូច្នេះយើងជាខ្មែរ ជាម្ចាស់នៃបេតិកភណ្ឌអង្គរ យើងត្រូវតែប្តេជ្ញាចិត្តឲ្យបានខ្ពស់ជាងភ្ញៀវបរទេស ហើយនាំគ្នាគោរពដើម្បីជាគម្រូដល់ពួកគេ។
ដើម្បីអភិរក្ស និងអភិវឌ្ឍតំបន់អង្គរប្រកបដោយចីរភាព យើងទាំងអស់គ្នាត្រូវមានកាតព្វកិច្ចគោរព និងអនុវត្តតាមក្រមប្រតិបត្តិអង្គរ ដើម្បីជៀសវាងនូវផលប៉ះពាល់ទៅលើប្រាសាទ បរិស្ថាន និង វប្បធម៌របស់ជាតិខ្មែរយើងទាំងមូល ។
ចូលរួមគោរព និងផ្សព្វផ្សាយទាំងអស់គ្នាអំពី ក្រុមប្រតិបត្តិអង្គរ (Angkor Code of Conduct) ដើម្បីលើកកម្ពស់ និងថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរយើង។
សូមបញ្ជាក់ថា ក្រមប្រតិបតិ្តិអង្គរនេះ ក៏មានការផ្សព្វផ្សាយជាភាសាបរទេសមួយចំនួនដូចជា អង់គ្លេស បារាំង ចិន និងកូរ៉េ ផងដែរ។
សូមទស្សនាវីដេអូដែលបង្ហាញពីក្រមប្រតិបត្តិអង្គរខាងក្រោមនេះទាំងអស់គ្នា៖