ស្ថានីយ៍ ឬរោងចក្រស្លដែកមុនសម័យអង្គររបស់ខ្មែរ
ការរកឃើញ រោងចក្រស្លដែក ឬស្ថានីយ៍ជាង១២៨ទីតាំង ហើយមានទីទួលឡចំនួន២៧១។ ក្នុងចំណោមស្ថានីយទាំងនោះមានស្ថានីយ៍ធំៗដែលអាចកំណត់បានជាទីតាំងឧស្សាហកម្មផលិតដែកធំនៅសម័យបុរេអង្គរមាន៩ស្ថានីយគឺ៖
១) ស្ថានីយសន្លុងភូមិបឹង មានទីតាំងស្ថិតនៅក្នុងភូមិបឹង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។
២) ស្ថានីយសន្លុងតាលៃ មានទីតាំងស្ថិតនៅភូមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
៣) ) ស្ថានីយសន្លុងប្រាសាទបាកាណ មានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
៤) ស្ថានីយសន្លុងអាចម៍សំរឹទ្ធ មានទីតាំងស្ថិតនៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។
៥) ស្ថានីយសន្លុងភ្នំដែកសំរោងចុងកាល មានទីតាំងស្ថិតនៅភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបច្ចុប្បន្ន។
៦) ស្ថានីយសន្លុងកាំបុតចាស់ មានទីតាំងស្ថិតនៅភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
៧) ស្ថានីយសន្លុងឬស្សីត្រឹប មានទីតាំងស្ថិតនៅភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
៨) ស្ថានីយសន្លុងស្រែរំពទេព មានទីតាំងស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
៩) ស្ថានីយសន្លុង ស្វាយដំណាក់ មានទីតាំងស្ថិតនៅភូមិស្ថាយដំណាក់ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
ស្ថានីយទាំង៩នេះគឺជាស្ថានីយចាំបាច់ដែលត្រូវរក្សាឱ្យនៅទម្រង់ដើម។ ស្ថានីយទាំងនោះ ខ្លះស្ថិតក្នុងព្រៃបំរុង អចិន្ត្រៃយ៍របស់រដ្ឋ និងផ្សេងៗទៀតស្ថិតក្នុងដីចំការរបស់ពលរដ្ឋ។
ស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៩ ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ចំពោះការអភិរក្ស សម្បត្តិបេតិកភណ្ឌជាតិ បានឯកភាពទៅលើការស្នើសុំរបស់រាជបណ្ឌិតសភាកម្ពុជា ហើយបានផ្តល់ ឈ្មោះ ថ្មីដល់ឧទ្យាននោះថា ឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែន ឬស្សីត្រឹប។
នេះបើតាមសៀវភៅដែលបោះពុម្ភផ្សាយដោយរាជបណ្ឌិតសភាកម្ពុជា ដែលមានចំណងជើងថា ដែក និងថ្ម ខ្មែរបុរាណ ដែលបានបោះពុម្ភនៅខែវិច្ឆិកា ឆ្នាំ២០១៣ ហើយវាគឺជាការស្រាវជ្រាវឧស្សាហកម្មឡ ដែក បុរាណ នៅកម្ពុជា ដោយលោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន និងជាអនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រ សិល្បៈនៃរាជបណ្ឌិតសភាកម្ពុជា៕