ពិធីផ្សំដំណេក (អាពាហ៍ពិពាហ៍ខ្មែរបុរាណ)
ពិធីផ្សំដំណេក គឺជាផ្នែកមួយដ៏សំខាន់នៃពិធីអាពាហ៍ពិពាហ៍របស់ខ្មែរយើង។ ហើយពិធីនេះគេប្រារព្ធធ្វើឡើងនៅវេលាម៉ោង ៨ ទៅម៉ោង ៩យប់ នៅក្នុងបន្ទប់របស់កូនស្រីដេក។ គេត្រូវរើសយកនារីពីរនាក់ ដែលមានខាន់ស្លាមិនអភព្វ័ មានអាយុក៏ច្រើន និងត្រូវជាសាច់ញាតិខាងកូនស្រី ហើយជាអ្នកចេះដឹងពីពិធីផ្សំដំណេកច្បាស់លាស់នេះផងដែរ។ នៅក្នុងពិធីនេះ គេត្រូវរៀបចំបាយសីមួយគូរ ចំអាប់មួយថាស បង្អែមមួយថាស និងដូងខ្ចីមួយសម្រាប់សែនដូនតា។
គេដួសទឹកដូងបញ្ចុកកូនប្រុស ៣ស្លាបព្រា រូួចបង្គាប់កូនស្រីឲ្យយកចេក ដែលលោកអាចារ្យប្រគល់ឲ្យ ទៅបញ្ចុកកូនប្រុស រូចឲ្យកូនប្រុសយកចេកបញ្ចុកកូនស្រីវិញ ដែលវាជានិមិត្តរូបនៃការស្រឡាញ់គ្នា។ រួចមកនារីទាំងពីរនាក់ក៏ធ្វើការផ្តែផ្តាំ និងប្រៀបប្រដៅតាមប្រពៃណី ដោយឲ្យកូនប្រុសដេកខាងស្តាំ និងកូនស្រីដេកខាងឆ្វេង។ ក្រោយពីផ្តាំចប់សព្វគ្រប់ នារីទាំងពីរនាក់ក៏ចេញក្រៅ ទុកឲ្យតែគូស្វាមីថ្មីពីរនាក់នៅក្នុងបន្ទប់តែប៉ុណ្ណោះ៕