លក្ខណៈពិសេសនៃភ្លេងបុរាណខ្មែរ និងការប្រើប្រាស់ឧបករណ៍ភ្លេងនៅក្នុងវង់ភ្លេងនីមួយៗ
ខ្មែរជាជាតិសាសន៍មួយដែលមានភាពវ័យចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៏ សូម្បីតែវប្បធម៌ក៏ត្រូវបានមនុស្សម្នាស្គាល់ជាលក្ខណៈសកលផងដែរ។ ព្រមជាមួយគ្នានេះដែរ សិល្បៈស្ថាបត្យកម្មដែលប្រកបដោយទេពកោសល្យច្នៃប្រឌិត ខ្មែរក៏មាន សិល្បៈតូរ្យតន្រ្តីរបស់ខ្លួនដែលបានថែរក្សាគងវង្សស្ថិតស្ថេរចេរកាលរហូតមកដល់បច្ចុប្បន្ន។
ភ្លេងបុរាណខ្មែរបានរក្សាទុក្ខនៅនិរន្តរភាពរបស់ខ្លួនអាចឲ្យគេចងចាំតាមរយៈឧបករណ៏ ៤ប្រភេទ ដែលគេប្រើខ្សែសម្រាប់ ដេញ កេះ កូត និងឧបករណ៏សម្រាប់ផ្លុំ និងវាយបង្កើតស្នូរ ដែលឧបករណ៏ទាំងនោះមានដូចជា ស្គរ (ស្ករដី ស្គរសម្ភោរ ស្គរធំ ស្គរតូច ស្គរជ័យ) ឈឹង រនាត (រនាតឯក រនាតធុង) ទ្រ ទ្រសោ ទ្រអ៊ូ តាខេ ទ្រឆេ ខ្លុយ ឃឹម ឆាប គង គែន ណៃ មួង ស្រឡៃ ចាប៉ី គងវង្សតូច គងវង្សធំ ឃ្មោះ ប៉ាន់ កុងប៉ឹង ប៉ីអ។ល។
ឧបករណ៏ប៉ុន្មានប្រភេទនេះហើយដែលធ្វើឲ្យអន្តរជាតិស្គាល់ខ្មែរតាមរយឧបករណ៏ភ្លេងខ្មែរ។ ជាមួយនឹងឧបករណ៏ដដែលនេះ ក៏ត្រូវបានយកមកបង្ហាញពីប្រពៃណីរបស់ខ្លួនដែលប្រើក្នុងពិធីបែបសាសនាដូចជាពិធីបុណ្យកឋិនទាន បុណ្យផ្កា បុណ្យចូលឆ្នាំថ្មី បុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ និងការសម្ដែងសិល្បៈសម័យជាដើម។
ភ្លេងខ្មែរមានច្រើនប្រភេទ ហើយការប្រើប្រាស់ឧបករណ៍ភ្លេង និងពេលវេលានៃការលេងក៏មានលក្ខណៈខុសគ្នាទៅតាមវង់ភ្លេងនីមួយៗផងដែរ៖
១. ភ្លេងពិណពាទ្យ៖
គេហៅភ្លេងពិណពាទ្យព្រោះនៅក្នុងក្រុមភ្លេងនោះកាលដើមឡើយគេនិយមប្រើពិណចេញផ្តើមមុនគេ។ អ្នកខ្លះហៅភ្លេងនេះច្រឡំជាភ្លេងសៀម តាមការពិតសៀមយកពីខ្មែរយើងវិញទេ។ សៀមហៅវង្សភ្លេងនេះថាជា ប៉ីពាទ្យ (ពិផាត) ព្រោះក្នុងការចាប់ផ្តើម គេប្រើប៉ី ឬស្រឡៃនាំមុខគេ។ តាមការពិតភ្លេងពិណពាទ្យមានកំណើតពីឥណ្ឌាតាំងពីសម័យព្រេងនាយមកម្ល៉េះ។ លុះក្រោយមកខ្មែរក៏បានកែសម្រួល និងថែមថយគ្រឿងភ្លេងឲ្យក្លាយជាភ្លេងរបស់ខ្មែរ។ ខ្មែរនិយមប្រើប្រាស់ ភ្លេងពិណពាទ្យសម្រាប់ប្រគុំកំដរក្នុងឱកាសឡើងរោង លាបំណន់វត្ថុសក្តិសិទ្ធ ពិធីបុណ្យសព បម្រើក្នុងរបាំព្រះរាជទ្រព្យ និងពិធីបុណ្យសាសនាជាដើម។
ម្យ៉ាងទៀតប្រជាជនក៏និយមលេងភ្លេងដើម្បីកំដរសិល្បះដែលមានអាយុចំណាស់ដូចជារបាំបុរាណផងដែរ។ ពិណពាទ្យ ជាវង្សភ្លេងដែលលេងក្នុងការកំដររបាំបុរាណក្នុងពិធីបួងសួង (បន់ស្រន់លាបំណន់) ក្នុងពិធីសាសនា (បុណ្យកឋិន បំបួសនាគ ពុទ្ធពិសាក) ជួនកាលប្រើក្នុងពិធីបុណ្យសព។ សព្វថ្ងៃវង់ពិណពាទ្យចែកជាពីរវង្សគឺ វង់តូចមានប្រដាប់៥គ្រឿង ចំណែកវង់ធំមាន១០គ្រឿង។ នៅក្នុងព្រះរាជវាំងមានគ្រឿងភ្លេងពិណពាទ្យពិសេសមួយបែបហៅថាក្រុមភ្លេងមហោរីមានគ្រឿងចម្រុះច្រើនយ៉ាងដល់ទៅ១៦គ្រឿង ដែលក្នុងវង្សភ្លេងនេះមានញឧបករណ៏ដូចជាប៉ី ឈឹង សម្ពោរ រនាត គងវង្សតូច ធំ ស្គរជ័យ និងស្រឡៃ។
២. ភ្លេងខ្មែរ៖
គេចាត់ទុកភ្លេងខ្មែរជាភ្លេងមង្គល។ ដូចនេះហើយបានជាគេត្រូវប្រគុំតែក្នុងពិធីមង្គលការតាមប្រពៃណីខ្មែរដូចជា ពិធីបញ្ចេញម្លប់កូនស្រី ពិធីមង្គលជាដើម។ ភ្លេងខ្មែរសម្រាប់ពិធីមង្គលការមានច្រើនប្រភេទណាស់ដូចជា បទហែកូនកម្លោះចូលរោង ហែកំណត់ ស៊ីស្លា កាត់សក់ សែនក្រុងពាលី កូនប្រុសសំពះពេលា កូនស្រីចេញផ្ទឹម ចងដៃ និងបង្វិលពពិល។ បទភ្លេងខ្មែរមានទំនាក់ទំនងទៅនឹងរឿងភ្លេងខ្មែរ។ បទខ្ទេរ ខ្នងភ្នំ របងមាស បន្ទាយប្រាសាទ ស្រងាត់ ដោះក្រាល កន្ទ្រែនទ្រាំងលេងនៅពេលពិសារភោជនីអាហារថ្ងៃត្រង់ (ក្រោយពេលស៊ីស្លាកំណត់)។
៣. ភ្លេងមហោរី៖
ពាក្យមហោរី សម្គាល់ឈ្មោះភ្លេងផង សម្គាល់សភាពនៃវង់ភ្លេងផង។ បទភ្លេងមហោរីមានលក្ខណៈប្រជាប្រិយ ហើយស្រាលជាងភ្លេងពិណពាទ្យ។ វង់ភ្លេងមហោរី គេមិននិយមលេងក្នុងពិធីបុណ្យទានផ្ទាល់ទេ ប៉ុន្តែអាចប្រើកំដរបរិយាកាសបានដែរ។ ជាទូទៅ គេលេងភ្លេងមហោរីកំដរល្ខោនមហោរី។ វង្សភ្លេងមហោរី មានឧបករណ៏មួយចំនួនដូចជា ទ្រអ៊ូ ទ្រសោ ខ្លុយ តាខេ ឈឹង ស្គរដី២ ចាប៉ី ប៉ីអ ទ្រខ្សែដៀវ និងសាដៀវ។
៤. ភ្លេងព្រះរាជទ្រព្យ
វង់ភ្លេងមួយទៀត គឺវង់ភ្លេងព្រះរាជទ្រព្យ ដែលមានឧបករណ៏ដូចជា ខ្លុយ ចាប៉ី គែន ឈឹង រនាតធុង ស្គរដី និងស្គររនា។
៥. ភ្លេងឆៃយ៉ាំ៖
គេលេងភ្លេងនេះតែក្នុងពិធីបុណ្យដែលជាទីរីករាយដូចជាលេងកំដរបុណ្យកឋិន បុណ្យផ្កា បុណ្យបំបួសនាគជាដើម។ ភ្លេងឆៃយុំា ជាភ្លេងដែលរំភើបសប្បាយ ហើយរស់រវើកប្លែកពីភ្លេងឯទៀត។ គេពុំទាន់ដឹងច្បាស់នៅឡើយទេអំពីប្រភពភ្លេងឆៃយុំានេះ។ ដោយចង្វាក់ភ្លេងមានលោតៗភ្ញាក់ៗ អ្នកខ្លះឲ្យយោបល់ថា ភ្លេងឆៃយុំាទំនងមានកំណើតចេញពីមនុស្សជំនាន់ដើម ដែលមានសភាពភ្ញាក់ផ្អើលខ្លាចរអា ប្រៀបបានទៅនឹងសត្វព្រៃពេលឃើញមនុស្ស។ អ្នកខ្លះទៀតយល់ថា នៅពេលមនុស្សទទួលបានជោគជ័យក្នុងកិច្ចការរបស់ខ្លួន តែងតែសប្បាយរីករាយយ៉ាងខ្លាំង ហើយ ក៏បង្កើតភ្លេងឆៃយុំានោះឡើងដើម្បីរំលឹកនូវជ័យជំនះនេះ។
៦. ភ្លេងក្លងឆ្នាក់ ឬខ្លងខែក៖
ដើម្បីឲ្យបរិយាកាសស្រងេះស្រងោចលន្លង់លង្លោច។ គេលេងវាក្នុងពិធីតម្កល់សព ហែសពបូជា។ អ្នកខ្លះហៅភ្លេងក្លងឆ្នាក់តាមភាសាសៀមថា ភ្លេងខ្លងខែកដែលមានន័យថាភ្លេងស្គរជ្វា។ ពិធីបុណ្យសព ឬតម្កល់សព និងពិធីតង្ហែរសព ខ្មែរតែងតែប្រើភ្លេងខ្លងខែក ដែលវង់ភ្លេងនេះមានឧបករណ៏មួយចំនួនដូចជា ស្រឡៃ ស្គរជ្វា ស្គរយោល និងគង។
៧. ភ្លេងអារក្ស
ជាភ្លេងដែលគេប្រគុំឡើងក្នុងពិធីបញ្ជូលខ្មោច បិសាច អារក្ស អ្នកតា។ នៅពេលមានមនុស្សឈឺ ហើយបើចង់សាកសួរខ្មោចអំពីបុព្វហេតុនៃជម្ងឺ គេលេងភ្លេងអារក្សនេះ ដើម្បីបញ្ជូលខ្មោចលៀងខ្មោច។ ក្រោយពីបានសាកសួរដឹងបុព្វហេតុ ដែលនាំឲ្យមានជម្ងឺ គេអង្វរខ្មោចសុំឲ្យជាសះស្បើយ ហើយគេរៀបចំតង្វាយផ្សេងៗថ្វាយខ្មោចនេះទៅ។ ក្រៅពីលេងក្នុងពិធីបញ្ជូលនិងលៀងអារក្ស គេក៏ប្រើក្នុងពិធីឡើងអ្នកតាផងដែរ។
ដូចនេះក្នុងនាមយើងជាអ្នកសិក្សា ជាកូនខ្មែរជំនាន់ក្រោយគួរតែបន្តលើកស្ទួយជួយការពារមរតកសិល្បៈភ្លេងខ្មែរឲ្យបានគង់វង្សស្ថិតស្ថេររៀងរហូតទៅ។
កែសម្រួលអត្ថបទដោយ៖ ទី សារឿន