បទចម្រៀង «មន្ទីរពេទ្យគន្ធបុប្ផា» ដែលបង្ហាញពីការលះបង់របស់លោក ប៊ីត រិចន័រ (Beat Richner) ចំពោះកុមាកម្ពុជា

ដោយ៖ ឡុង រដ្ឋា​​ | ថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨​ | ឥស្សរជន | 0 |
បទចម្រៀង «មន្ទីរពេទ្យគន្ធបុប្ផា» ដែលបង្ហាញពីការលះបង់របស់លោក ប៊ីត រិចន័រ (Beat Richner) ចំពោះកុមាកម្ពុជា បទចម្រៀង «មន្ទីរពេទ្យគន្ធបុប្ផា» ដែលបង្ហាញពីការលះបង់របស់លោក ប៊ីត រិចន័រ (Beat Richner) ចំពោះកុមាកម្ពុជា

លោក ប៊ីត រិចន័រ បានទទួលមរណភាពនៅវេលាម៉ោង២៖៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេស​ស្វីស។ ដំណឹងមរណភាពរបស់លោក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានការសោកស្ដាយ និងចូល​រួមរំលែកទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ជា​ទី​បំផុត ព្រោះតែរូបលោកបានចំណាយពេលស្ទើរតែពាក់កណ្ដាលជីវិតរបស់លោកក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាយើង ដែលយើងអាចចាត់ទុករូបលោកថាជា “គ្រូពេទ្យទេវតាសម្រាប់កុមារកម្ពុជា” មួយរូប ។

នៅក្នុងបទចម្រៀង «មន្ទីរពេទ្យគន្ធបុប្ផា» គឺបានបង្ហាញពីការលះបង់របស់លោក ប៊ីត រិចន័រ (Beat Richner) ចំពោះកុមាកម្ពុជានាពេលកន្លងមក។

ខាងក្រោមនេះគឺជា ប្រវត្តរូបសង្ខេបរបស់លោក វេជ្ជបណ្ឌិត ប៊ីត រិចន័រ (Beat Richner)

លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ (Beat Richner) កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ ជាជនជាតិស្វីស។ គាត់ជា​ពេទ្យកុមារ, ជាអ្នកលេងសេឡូ, ជាអ្នកបង្កើត មន្ទីរពេទ្យកុមារនៅព្រះរាជាណាចក្រកម្ពុជា និងជានាយកនៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ។

បន្ទាប់ពីទទួលបានបរិញ្ញាបត្រវិជ្ជសាស្រ្ត ក្នុងឆ្នាំ១៩៧៣ លោកវិជ្ជបណ្ឌិត ប៊ីត រិចន័រ ធ្វើជាអ្នកឯកទេសថែទាំកុមារ នៅឯមន្ទីរពេទ្យកុមារ នៅស៊ូរិច។ បន្ទាប់មក លោក រិចន័រ បានធ្វើការឲ្យអង្គការកាកបាទក្រហមស្វីស និងត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ជាទី​ដែល​លោក​បានធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផា នាទីក្រុងភ្នំពេញ ចន្លោះឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥ ។

មន្ទីរពេទ្យគន្ធបុប្ផានេះ ត្រូវបានប្រសិទ្ធិនាម ដើម្បីទុកជាការចងចាំ ដល់ព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ព្រះនាម នរោត្តម គន្ធបុប្ផា ដែលបានសោយទិវង្គតក្នុងព្រះជន្មនៅក្មេងវស្សានៅឡើយ (១៩៤៨-១៩៥២) ។

នរោត្តម គន្ធបុប្ផា

នៅពេលខ្មែរក្រហមបានចូលកាន់កាប់ប្រទេសកម្ពុជា លោក ប៊ីត រិចន័រ ត្រូវបានបង្ខំឲ្យចាកចេញទៅប្រទេសស្វីសវិញ ជាទីដែល លោកបានបន្តការងាររបស់លោកនៅទីក្រុងហ៉្សូរ៉ិច។ ក្នុងដំណើរការស្វែងរកអាជីពវេជ្ជសាស្ត្ររបស់គាត់ និងចំណាប់អារម្មណ៍ខាងតន្ត្រី និងការកម្សាន្តលោក ប៊ីត រិចន័រ បានអភិវឌ្ឍចរិតលក្ខណៈនៃ “Beatocello” ត្លុកកំប្លែងសិល្បៈ ដែលលេងសេឡូ។ ស្របគ្នាជាមួយ មុខនាទីនេះ លោក ប៊ីត រិចន័រ ក៏បានបោះពុម្ពសៀវភៅកុមារជាច្រើន ដែលផ្អែកលើ “Beatocello” ។

នៅខែធ្នូ ឆ្នាំ១៩៩១ លោក ប៊ីត រិចន័រ បានត្រឡប់មកកម្ពុជា និងបានឃើញការបំផ្លិចបំផ្លាញ ដែលបានកើតឡើងជាបន្តបន្ទាប់ ពីការប៉ះទង្គិចគ្នា ដែលជាលទ្ធផលជម្លោះរវាងខ្មែរក្រហម និងវៀតណាម។ លោកត្រូវបានសុំឲ្យបើក និងសាងសង់មន្ទីរពេទ្យគន្ធបុប្ផា ឡើងវិញ ដោយរដ្ឋាភិបាលកម្ពុជា។ ការបង្កើតមូលនិធិគន្ធបុប្ផា នៅខែមីនា ឆ្នាំ១៩៩២ លោក ប៊ីត រិចន័រ បានត្រឡប់មកកម្ពុជាវិញ ដើម្បីចាប់ផ្ដើមការសាងសង់មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវបានសម្ពោធបើកទ្វារនៅខែវិច្ឆិកា ឆ្នាំ១៩៩២ ។

មន្ទីរពេទ្យគន្ធបុប្ផា មានសាខាចំនួន ៥ ដែលបានបង្កើតឡើងដោយ លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ ដែលមន្ទីរពេទ្យនេះ បាន​ព្យាបាល​អ្នក​ជម្ងឺដោយពុំមានការគិតកម្រៃឡើយ។ សាខាគន្ធបុប្ផាទី១ និងទី២ ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងទី៣ ស្ថិតនៅមន្ទីរពេទ្យ ព្រះបាទជ័យវរ្ម័នទី៧ ខេត្តសៀមរាប ។ សាខាគន្ធបុប្ផាទី៤ ត្រូវបានបើកដំណើរការនៅខែធ្នូ ឆ្នាំ២០០៥ នៅភ្នំពេញ ហើយបានរួម បញ្ចូលគ្នាជាមួយមន្ទីរពេទ្យគន្ធបុប្ផាទី៥ ដែលត្រូវបានស្ថាបនារួចរាល់ និងបើកឱ្យដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០០៧ ។

រហូតមកដល់ឆ្នាំ ២០១៥នេះ មន្ទីរពេទ្យ គន្ធបុប្ផា បានជួយព្យាបាល កូនចៅ ប្រជារាស្ត្រខ្មែរ ជាពិសេសអ្នកក្រីក្រ ដោយមិនគិតថ្លៃ បានប្រមាណជារាប់លាននាក់មកហើយ។ ជនជាតិខ្មែរទាំងមូលតែងតែបានផ្ដល់ការគោរពស្រលាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះលោក និងចាត់ទុកលោក វេជ្ជបណ្ឌិត ប៊ីត រិចន័រ ជាឪពុកធម៌ដ៍ល្អរបស់កូនចៅប្រជារាស្ត្រខ្មែរក្រីក្រនៅទូទាំងប្រទេសទៀតផង។

កែសម្រួលដោយ៖ ទី សារឿន

បញ្ចេញមតិ
អត្ថបទទាក់ទង