ស្ទើរទប់ទឹកភ្នែកមិនបាន នៅពេលបានស្ដាប់បណ្ដាំចុងក្រោយរបស់លោកតា គង្គ ប៊ុនឈឿន កវី ម្ចាស់ស្ទឹងសង្កែ (មានវីដេអូ)

លោក គង្គ ប៊ុនឈឿន គឺជាកវីនិពន្ធល្បីឈ្មោះមួយរូបតាំងពីទសវត្សរ៍ទី៥០ មកម៉្លេះ ដោយលោកមានជំនាញទាំងផ្នែកសិល្បៈ ភាពយន្ត ជាច្រើនដូចជា ការតែងទំនុកច្រៀង បទភ្លេង ប្រលោមលោក ភាពយន្ត ដឹកនាំរឿង ព្រមទាំងចេះគូរគំនូរផងដែរ។ ជាក់ស្ដែង បទចម្រៀងល្បីៗរួមមាន ម្លប់ដូងទី១០ អារសាច់ជូនម្ដាយ អនុស្សាវរីយ៍ខ្នងភ្នំសំពៅ កូនស្រីអ្នកនេសាទ ដែលច្រៀងដោយ អ្នកស្រី រស់ សេរីសុទ្ធា និង បទ រំដួលដងស្ទឹងសង្កែ ច្រៀងដោយអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ជាដើម។
លោក គង្គ ប៊ុនឈឿន បានទទួលមរណភាពកាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសន័រវេសន៍ ក្នុងវ័យ ៧៧ឆ្នាំ ដោយជំងឺមហារីក បន្ទាប់ពីគាត់ធ្លាក់ខ្លួនឈឺប្រមាណ ៣ឆ្នាំ ដោយសារជំងឺមហារីកតម្រងនោម។ នៅខែឧសភា ឆ្នាំ២០១៦ អដ្ឋិធាតុរបស់កវីជើងចាស់ គង្គ ប៊ុនឈឿន ត្រូវបានសាច់ញាតិយកមកតម្កល់ទុកនៅក្រុងបាត់ដំបង ដែលជាទឹកដីកំណើតរបស់លោកតែម្ដង។
នៅមុនពេលលោកទទួលមរណភាពនោះ លោកបានផ្ដាំផ្ញើឲ្យពលរដ្ឋខ្មែរគ្រប់រូប ត្រូវចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ហើយត្រូវចេះស្រឡាញ់ និងថែរក្សាប្រពៃណីវប្បធម៌របស់ជាតិឲ្យបានគង់វង្ស៖ «យើងត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ បានប្រទេសជាតិរបស់យើងរស់នៅរុងរឿងបាន ហើយបើកាលណាបែកបាក់គ្នា នឹងវិនាសហិនហោចអស់គ្មានថ្ងៃរីកចម្រើនបាននោះទេ»។ អត្ថបទដោយ៖ ទី សារឿន
សូមទស្សនា និងស្ដាប់នូវបណ្ដាំចុងក្រោយរបស់លោកតា គង្គ ប៊ុនឈឿន កវីម្ចាស់ស្ទឹងសង្កែក្នុងវីដេអូឃ្លីបខាងក្រោមនេះ៖