លក្ខណៈពិសេសនៃប្រាសាទបាភួន ឫបាពួន

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី៧ ខែកញ្ញា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
លក្ខណៈពិសេសនៃប្រាសាទបាភួន ឫបាពួន លក្ខណៈពិសេសនៃប្រាសាទបាភួន ឫបាពួន

ប្រាសាទបាភួន ឫបាពួន មានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពីប្រាសាទបាយ័ន និងក្បែរព្រលានជល់ដំរី ក្នុងតំបន់អង្គរ ខេត្ត​សៀមរាប។ ប្រាសាទនេះកសាង​ឡើងនៅ​សតវត្សរ៍​ទី១១ រវាងឆ្នាំ១០៦០ ដោយ ព្រះបាទឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦) ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់ព្រហ្មញ្ញសាសនា។

ប្រាសាទនេះមានចម្លាក់ខុសពីប្រាសាទផ្សេងៗទៀត គឺឆ្លាក់នៅលើថ្មតូចៗ ស្រដៀងនឹងឥដ្ឋ។ ចម្លាក់​នេះ​នៅ​សេសសល់​តិច​តួចប៉ុណ្ណោះ។ ប្រាសាទភ្នំនេះមានរាង ដូចសាជី​មានប្រាំថ្នាក់​សំណង់​ធ្វើ ពីថ្មភក់ថ្មបាយក្រៀម និងឈើមានគោបុរៈ នៅទាំងបួនទិស ព្រមទាំង​មាន​រូប​ចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗ ទៀតទាក់ទង​ទៅ​នឹង​ល្បែង​កីឡា និង​រូបព្រះពុទ្ធ​ចូល​ព្រះនិពា្វន​ដែលគេទើបកសាងនាសម័យលង្វែក។

ប្រាសាទនេះជាប្រភេទប្រាសាទភ្នំតំណាងឲ្យភ្នំព្រះសុមេរុ មានកំពែងប្រវែង ៤២៥ x ១២៤ ម៉ែត្រ ព័ទ្ធជុំវិញ។ លក្ខណៈពិសេស​មួយ​ទៀត​នៃ​ប្រាសាទ​នេះ គឺផ្លូវចូលប្រវែង ២០០ម៉ែត្រ នៅ​ទិស​ខាងកើត មានលក្ខណៈជាស្ពានទ្រដោយសសរមូលបីជួរ។ នៅជាន់ទីមួយ ទីពីរ ទីបី នៃ​ប្រាសាទ​មាន​ថែវ​ធ្វើ​ពីថ្មភក់។

ប្រាសាទបាភួនមានឈ្មោះដើមហៅថា ត្រីភូវនចូនាមណី ដែលក្រោយមកឈ្មោះនេះនៅសល់តែ ភូវន តែប៉ុណ្ណោះ ហើយពាក្យថា ភូវន ក្លាយជា ភូន វិញ។ ពាក្យ ត្រីភូវន មានន័យថា អ្នកដែលគ្រប់គ្រងលើភពទាំងបី។ ចំណែកពាក្យដែលក្លាយទៅជា ពួន គឺមានន័យថាលាក់បំបាំងកាយ ដែល​ប្រាស់​ចាក់​ពីឈ្មោះដើមដែលមានន័យគ្រប់គ្រាន់។

សូមបញ្ជាក់ថាប្រាសាទបាពួននេះ អាចត្រូវបានជួសជុលយ៉ាងតិចចំនួន ៣ ដង រួចមកហើយ គឺៈ
– លើកទី១ នៅស.វទី១៦
– លើកទី២ នៅទសវត្សរ៍ឆ្នាំ ១៩៦០ និង
– លើកទី៣ នៅឆ្នាំ ១៩៩៥ ដោយទើបតែបញ្ចប់ការជួសជុលនៅថ្ងៃ៣ ខែកក្កដា ឆ្នាំ២០១១ នេះប៉ុណ្ណោះ។

ដោយអត្ថបទ៖ ទី សារឿន

រូបព្រះពុទ្ធចូលព្រះនិពា្វន
ប្រាសាទ​បាពួន កំពុងត្រូវបានរៀបចំផ្គុំឡើង​វិញ​នៅទសវត្សរ៍ឆ្នាំ ១៩៦០ ក្រោម​ការ​ដឹក​នាំ​របស់​បុរាណ​វិទូ​បារាំង
ប្រាសាទបាពួន នាពេលឆ្នាំ ២០១៧

បញ្ចេញមតិ