អាងទឹកកំពីងពួយ​ មរតក​សល់​ពី​សម័យ ​ប៉ុល​ ពត​

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី៧ ខែកញ្ញា ឆ្នាំ២០១៨​ | ទេសចរណ៍ | 0 |
អាងទឹកកំពីងពួយ​ មរតក​សល់​ពី​សម័យ ​ប៉ុល​ ពត​ អាងទឹកកំពីងពួយ​ មរតក​សល់​ពី​សម័យ ​ប៉ុល​ ពត​

អាងទឹកកំពីងពួយ មានទីតាំងស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ភាគនិរតីនៃក្រុងបាត់ដំបង។ អាងទឹកនេះ ស្ថិតនៅចន្លោះរវាងភ្នំ ខ្ពស់ ឬភ្នំតាង៉ែន និងភ្នំព្រះ ឬភ្នំកំពីងពួយ ដែលមានចម្ងាយផ្លូវពីទីក្រុងបាត់ដំបង ប្រមាណជា ៤៨ គ.ម បើយើងធ្វើដំណើរតាមផ្លូវលេខ៥៧ កាត់តាមភ្នំសំពៅ។

បើតាមរយៈកិច្ចការស្រាវជ្រាវស្ដីពី “អាងទឹកកំពីងពួយ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” បានរៀបរាប់ឲ្យដឹងថា កាលពីដើមទីនេះមិនមែនជាអាងទឹក, បឹង ឬជាទំនប់ទឹក ដូចអ្វីដែលយើងកំពុងឃើញនៅពេលនេះឡើយ តែវាជាដីរាបស្មើ ជាវាលស្រែរបស់ពលរដ្ឋធម្មតា។ ពាក្យថា “កំពីងពួយ” ជាប្រភេទរុក្ខជាតិម្យ៉ាង មានសណ្ឋានជាស្មៅ ដែលដុះអណ្តែតលើទឹក ឬដុះលើដីសើម វាមានឬសចេញពីថ្នាំង មានផ្កាពណ៌ស ឬក្រហម។

អាងទឹកនេះត្រូវបានគេយកឈ្មោះតាមភូមិកំពីងពួយ ដែលសព្វថ្ងៃនេះត្រូវបានចែកទៅឲ្យភូមិតាង៉ែន និងភូមិអន្លង់ស្វាយ។ អាងទឹកកំពីងពួយ ជាសមទ្ធិផលធារាសាស្រ្ត ដែលបន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបប៉ុលពត។ ខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ហើយមួយឆ្នាំក្រោយមក គឺនៅដើមឆ្នាំ១៩៧៦ ទើបមានផែនការលើកទំនប់នេះកើតឡើង។ ទំនប់នេះមានគោលបំណងក្នុងការស្តុកទឹកស្រោចស្រង់បង្កបង្កើនផល សម្រាប់ វិស័យកសិកម្មនៅទីជនបទនៃខេត្តបាត់ដំបងនេះ។ ការជ្រើសរើសទីនេះធ្វើជាអាងស្តុកទឹកក៏ព្រោះតែស្ថានភាពភូមិសាស្រ្តអំណោយផលខ្លាំង ដែលមានភ្នំព័ទ្ធជុំវិញ។

ចំពោះភូមិសាស្រ្តអាងទឹកនេះ គឺគេសាងសង់ដោយយកភ្នំធ្វើជាជញ្ជាំង ហើយសល់ប៉ុន្មានគឺ ត្រូវការកម្លាំងមនុស្សសុទ្ធសាធ ដើម្បីជីកដី លើកទំនប់ សាងសង់ឲ្យចេញជាអាងទឹក ដែលមានបណ្តោយ ៦,០០០ម៉ែត្រ និងទទឹង ១,៩០០ ម៉ែត្រ ចំណែកទទឹងនៃទំនប់ផ្នែកបាតក្រោមមានប្រវែង ៧០ ម៉ែត្រ និងខ្នងទំនប់ប្រវែង ៣០ ម៉ែត្រ និងកម្ពស់ចាប់ពី ១០ ម៉ែត្រ ទៅ ១៥ ម៉ែត្រ តាមសណ្ឋានដីជាក់ស្តែង។

នៅក្នុងរដូវវស្សា អាងទឹកនេះអាចផ្ទុកទឹកបានជាង ១១០លានម៉ែត្រគូប ដែលត្រូវបានប្រើក្នុងវិស័យកសិកម្ម ម្យ៉ាងបើនិយាយពីផលត្រីវិញ វាគឺជាតំបន់សម្បូរត្រីមួយនៃប្រទេសកម្ពុជាផងដែរ។

បច្ចុប្បន្នទំនប់អាងទឹកកំពីងពួយនេះ បានក្លាយជារមណីយដ្ឋានដ៏ទាក់ទាញមួយរបស់ខេត្តបាត់ដំបង ដែលមានភ្ញៀវទេសចរយ៉ាងច្រើនកុះករ​មកងូតទឹកលេង​កម្សាន្ត ជាពិសេសគឺនៅរដូវភ្លៀងធ្លាក់។

អត្ថបទដោយ៖ ទី សារឿន


បញ្ចេញមតិ