សម្លេងពិណបុរាណខ្មែរ ពិតជាពិរោះរណ្ដំមែនទែន! (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
សម្លេងពិណបុរាណខ្មែរ ពិតជាពិរោះរណ្ដំមែនទែន! (មានវីដេអូ) សម្លេងពិណបុរាណខ្មែរ ពិតជាពិរោះរណ្ដំមែនទែន! (មានវីដេអូ)

បុព្វបុរស​ខ្មែរបានបន្សល់​ទុកនូវមរតកវប្បធម៌ សិល្បៈ របាំ ឧបករណ៍តន្ត្រី និង​ល្ខោនបុរាណ​យ៉ាងសម្បូរបែប​​រហូត​មក​ដល់​​បច្ចុប្បន្ន។ ដោយនៅក្នុងចំណោមមរតកដ៏មានតម្លៃយ៉ាងច្រើនឥតគណនាទាំងនោះ ឧបករណ៍ភ្លេងបុរាណមួយប្រភេទគឺ ពិណបុរាណខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងស្ទើរតែបាត់ស្រមោលផងនោះ នៅពេលថ្មីៗនេះត្រូវបានកូនខ្មែរព្យាយាមសិក្សារៀនសូត្រ និងលើកយកមកបង្ហាញជូនដល់ពុកម៉ែបងប្អូន និងពិភពលោកបានស្គាល់ឡើងវិញ។

មានមនុស្សតិចតួចណាស់ ដែលបានស្គាល់ពីឧបករណ៍បុរាណប្រភេទនេះ។ ភាសាខ្មែរហៅថា «ពិណ»ក្លាយ​​មកពី​ភាសាសំស្ក្រឹត និងបាលីថា«វីណា» ជាឧបករណ៍ខ្សែកេះ ឬដេញដោយម្រាមដៃទាំងដប់ មានពិណកោង ពិណកែង និងពិណស្នូក។ ឧបករណ៍នេះ ប្រើប្រាស់រួមជាមួយនឹងឧបករណ៍ដទៃទៀត សម្រាប់ប្រគុំថ្វាយ​ព្រះ​ ថ្វាយ​អាទិទេព ថ្វាយ​ព្រះមហាក្សត្រ ​​និង​ជូន​មន្ត្រី​ធំៗ​ជា​ដើម​ក្នុង​សម័យ​បុរាណ។

 

ពិណ​ជា​ឧបករណ៍​ដែល​អាច​បន្លឺ​សម្លេង​យ៉ាង​ពីរោះ​រណ្ដំ ស្ដាប់​ហើយ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្ងប់​ក្នុង​ចិត្ត​ ដោយវាអាច​លេងបានគ្រប់បទ បែបភ្លេងការ មហោរី ឬបទបុរាណជាដើម។ ចំពោះលក្ខណៈពិសេសរបស់ពិណថា គឺត្រង់ខ្សែរ ដែល​វាខុសពីហ្គីតា ព្រោះខ្សែរបស់វាធ្វើពីខ្សែរសូត្រសុទ្ធ។ វាមានខ្សែ២២ខ្សែ មានទម្ងន់ប្រមាណបីគីឡូក្រាម មាន​រូបរាងបីទម្រង់ ក្បាលនាគ ក្បាលពស់ និងក្បាលហង្ស។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ហ៊ឹម សុភី អ្នក​និពន្ធ​តន្ត្រី​ និង​ជា​ទីប្រឹក្សា​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​ប្រាប់​ថា ​ពិណ​ខ្មែរ​បុរាណ​មាន​ប្រវត្តិ​រាប់​ពាន់​ឆ្នាំ​​មក​ហើយ​ ដែល​មាន​ចារ​ទុក ​នៅ​តាម​សិលា​ចារិក តាម​ប្រាសាទ​បុរាណ​នានា ក្នុង​នោះ​ជា​តឹកតាង​ច្បាស់​លាស់​ គឺ​មាន​នៅ​ប្រាសាទ​សម្បូរ​ព្រៃ​គុក​ តាំងពី​​មុន​សម័យ​អង្គរ​។ ​លុះ​ក្រោយ​មក​ទៀត​ ក្នុង​​សម័យ​អង្គរ​​ ពិណ​បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​ពេញ​និយម​បំផុត​ ​ហើយ​បាន​បន្សល់​ទុក​ភស្តុតាង នៅ​តាម​ប្រាសាទ​បាយ័ន បន្ទាយ​ឆ្មារ​ជា​ដើម។

ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ឧបករណ៍​នេះស្ទើរតែ​បាត់​បង់នោះត្រូវបានគេលើកឡើងថា គឺ​ដោយ​សារ​តែ​ឧបករណ៍​នេះ​ជា​ប្រភេទ​ខ្សែ​មិន​អាច​បន្លឺ​សម្លេង​ឮ​ខ្លាំង​នោះ​ទេ ទើប​ត្រូវ​បាន​ដក​ចេញ​ពី​វង់​តន្ត្រី​ភ្លេង​ពិណពាទ្យ ដោយ​សារ​មិន​អាច​មាន​សំឡេង​ស្មើ​ជា​មួយ​នឹង​ឧបករណ៍​ដទៃ​ទៀត​នោះ​ទេ​។ ដូច្នេះ​ហើយ​ទើប​ពិណ​បុរាណ​នេះ មិន​ត្រូវ​បាន​ផលិត​រហូត​បាត់​រូប​រាង​។

ពិណបុរាណខ្មែរត្រូវបានអវត្តមានពីសង្គមខ្មែរអស់រយៈពេលជាង៨០០ឆ្នាំទៅហេីយ ដោយបន្សល់ទុកនៅត្រឹម​តែរូបចម្លាក់ជាប់​នឹងជញ្ជាំងប្រាសាទ​បុរាណ​មួយចំនួនប៉ុណ្ណោះ។ ទេីបតែនៅពេលថ្មីៗនេះយើង​​អាចឃេីញមានវត្តមានពិណឡេីងវិញ ក្រោយពីមានការស្រាវជ្រាវរបស់គ្រូតន្ត្រីករសម័យបុរាណ ជាមួយនឹងគ្រូជនជាតិបារាំងម្នាក់ ហេីយផលិត​និង​ហាត់រៀន​ដោយជនជាតិខ្មែរ កាលពីឆ្នាំ២០១២។

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ