ព្រះរាជាសម័យលង្វែក៖ ព្រះបាទចន្ទរាជា ដែលជាព្រះរាជាដំបូងគេ និងជាស្ថាបនិកកសាងបន្ទាយលង្វែក
សម័យលង្វែក ដែលមានអាយុកាលជិត ៧ ទសវត្សនេះ មានព្រះរាជាចំនួន ៤ អង្គ បានឡើងគ្រងរាជ្យ ដោយរាប់ចាប់ពីឆ្នាំ ១៥២៧ ដែលព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែកឡើង ក្រោយទទួលបានជោគជ័យទាំងស្រុងលើស្ដេចកន រហូតដល់ឆ្នាំ១៥៩៤ ដែលសៀមបានវាយបែកបន្ទាយលង្វែក ក្នុងរាជ្យព្រះរាជាខ្មែរ ព្រះបាទជ័យជេដ្ឋាទី១។
ព្រះរាជាទាំង ៤អង្គនោះ គឺ
១. ព្រះបាទចន្ទរាជា (១៥១៦-១៥៦៦)
២. ព្រះបរមរាជា (១៥៦៦-១៥៧៦)
៣. ព្រះបាទសត្ថាទី១ (១៥៧៦-១៥៨៦) និង
៤. ព្រះបាទជ័យជេដ្ឋាទី១ (១៥៨៦-១៥៩៣)
នៅពេលនេះយើងខ្ញុំសូមលើកយកព្រះរាជាមួយអង្គ ដែលជាព្រះរាជាដំបូងគេ និងជាស្ថាបនិកកសាងបន្ទាយលង្វែកមកបង្ហាញជូននោះគឺ ព្រះបាទចន្ទរាជា (១៥១៦-១៥៦៦)
ព្រះបាទចន្ទរាជាឬអង្គចន្ទទី ១ ជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ ។ នៅក្នុងឱកាសដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ ១៥១២ នោះព្រះអង្គចន្ទរាជាកំពុងគង់នៅក្រុងអយុធ្យាស្រុកសៀមឯនោះ ។ នៅពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយមករំដោះរាជបល្ល័ង្ក។ ក្នុងអំឡុងសង្គ្រាមនេះ ប្រជារាស្ត្របានសុំឲ្យព្រះចន្ទរាជាឡើងសោយរាជ្យ។ ព្រះអង្គក៏ព្រមឡើងសោយរាជ្យសិន ដោយមានព្រះនាមសម្រាប់រាជ្យថា “ព្រះបរមរាជាចន្ទរាជា” នៅគ.ស១៥១៦ ។ រហូតដល់ឆ្នាំ ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល ។
ចាប់ពីឆ្នាំ ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ ១៩២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក និងជារាជធានីខ្មែររហូតដល់ចុងសតវត្សទី ១៦ ។
ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមដ៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី ១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យា ។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រលែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញបណ្ឌិត កវី … ឪ្យចងក្រង និងសរសេរឯកសារគ្រប់ប្រភេទសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ។ នៅឆ្នាំ ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក ។ ព្រះចេតិយតម្កល់ព្រះអដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។
កែសម្រួលដោយ៖ ទី សារឿន
