ស្វែងយល់ពីស្ថានភាពភូមិសាស្រ្តបន្ទាយលង្វែក
បន្ទាយលង្វែក ជាកន្លែងប្រវត្តិសាស្ត្រខ្មែរដ៏ជូរចត់មួយដែលមានទីតាំងស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បន្ទាយនេះសាងសង់ដោយ ព្រះបាទចន្ទរាជា ក្រោយពីព្រះអង្គវាយឈ្នះស្ដេចកន នៅឆ្នាំ ១៥២៦ ។
ពេលនោះ ព្រះបាទចន្ទរាជា (នាមសម្រាប់រាជ្យព្រះបរមរាជាចន្ទរាជា) ត្រឡប់មកពីធ្វើសង្គ្រាមជាមួយស្ដេចកន ក្នុងខេត្តត្បូងឃ្មុំ (កំពង់ចាម) បានយាងមកគង់នៅបន្ទាយមានជ័យ(ខេត្តពោធិ៍សាត់) បានបញ្ជាឲ្យអ្នកមេការ មន្ត្រី ឧកញ៉ាបតី ចាត់ចែងកេណ្ឌប្រជានុរាស្រ្តកាប់ឈើ ជញ្ជូនថ្ម រែកដី ដើម្បីសាងសង់បន្ទាយលង្វែក និងព្រះបរមរាជាវាំង។
ក្រុមមេការឲ្យគេជីកបុកឫសរៀបថ្ម ៦ហត្ថជុំវិញបន្ទាយជាបីជ្រុងហើយលើកដីច្រុះក្ដារធ្វើបន្ទាយនេះកម្ពស់ ១៧ហត្ថ កម្រាស់ខ្នងលើ ១០ហត្ថ ជើងទេរខាងក្រោម ២២ហត្ថ ឯជ្រុងទី៤ គឺទន្លេ។ ព្រះអង្គធ្វើកំពែងការពារ ៥ជាន់ ព្រមទាំងដាំឫស្សីយ៉ាងក្រាស់ (កម្រាស់ ២សិន) ហើយមានទ្វារធំ៨ ក្នុងទ្វារនីមួយៗមានសើនមួយ ។ សើនទាំង៨ មានកម្ពស់ ២២ហត្ថសម្រាប់ដាក់កាំភ្លើងធំ ។ រីឯខាងក្នុងបន្ទាយទាំង ៥ជាន់ជាប់សុទ្ធតែទាហានកាំភ្លើងច្រូង (កាំភ្លើងវែង)។ ក្នុងកំពែងជាន់ទី១ ដាក់សុទ្ធតែទាហានកាំភ្លើងវែង និងសាលាជំនុំ សាលាដំបូង និងសាលាឧទ្ធរណ៍ ក្នុងកំពែងជាន់ទី៣ ដាក់សុទ្ធតែទាហានអាវុធខ្លី ដាវ ផ្គាក់ កាំបិត។ ក្នុងកំពែងទី៤ ដាក់សុទ្ធតែទាហានរក្សាព្រះអង្គ រោងល្ខោននិងព្រះពន្លាទតល្ខោន។ ក្នុងកំពែងទី៥ តាំងរោងព្រះបញ្ចក្សេត្រនិងដំណាក់សំរិទ្ធពិមានសម្រាន្ត ភិរម្យក្រុមបារគូ បុរោហិត និងក្រុមមហាតលិក។
នៅក្នុងកំពែងនេះដែរមានព្រះបរមរាជវាំងកំពូលប្រាំបិទមាស និងលាបម្រ័ក្សណ៍ ដោយតម្កល់វត្ថុសក្តិសិទ្ធគឺព្រះកែវ ព្រះត្រលែងកែងនិងព្រះគោ ចំនួន១២ ដែលនៅក្នុងពោះគោទាំងនោះមានគម្ពីរក្បួនសាស្រា្ត…ដ៏មានតម្លៃលើសលប់។ ហើយក៏មានផ្ទះស្រីស្នំក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗដូចជា ឃ្លាំងស្រូវអង្ករ អំបិលប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្រ្តាវុធ។
បន្ទាយលង្វែកមានទទឹងប្រវែង ២គីឡូម៉ែត្រ និងបណ្ដោយប្រវែង ៣គីឡូម៉ែត្រ ដោយយចំណាយពេលសាងសង់ ៣ឆ្នាំ (១៥២៧-១៥២៩)។
———–
សិន = មាត្រារង្វាស់ ឬចំងាយប្រវែង២០ព្យាម។ ១ព្យាម = ប្រវែង ១កាងដៃ ឬប្រវែង៤ហត្ថ។
សើន = ទីឋានខ្ពស់ស្រឡះ សម្រាប់ឡើងថ្កោលមើលដំណើរលបចូលមកនៃពួកបច្ចាមិត្ត។
កែសម្រួលអត្ថបទដោយ៖ ទី សារឿន