ចេតិយ​បញ្ចុះ​អដ្ឋិធាតុ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិយុត្តិវង្ស ដែលជា​ស្ថាបនិក​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជាលើក​ដំបូង

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨​ | ឥស្សរជន | 0 |
ចេតិយ​បញ្ចុះ​អដ្ឋិធាតុ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិយុត្តិវង្ស ដែលជា​ស្ថាបនិក​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជាលើក​ដំបូង ចេតិយ​បញ្ចុះ​អដ្ឋិធាតុ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិយុត្តិវង្ស ដែលជា​ស្ថាបនិក​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជាលើក​ដំបូង

នៅពេលដែលយើងធ្វើដំណើរចូលទៅក្នុងបរិវេណវត្តសាលាគូ ស្ថិតនៅក្នុងស្រុកពញាឭ ខេត្តកណ្តាល យើង​នឹង​បាន​ឃើញ​បំណែក​នៃ​ចេតិយ​ជា​ច្រើន​បែកបាក់​ធា្លក់​នៅ​លើ​ដី​ជា​ច្រើន​ផ្ទាំង ដែលផ្ទាំងខ្លះយើងឃើញមានឆ្លាក់ជារូបមនុស្សម្នាក់ត្រឹមពាក់កណ្ដាលខ្លួន មាន​ពាក់​វែនតាផងដែរ។ តាមការពិតផ្ទាំងចម្លាក់ទាំងនោះត្រូវបានគេឲ្យដឹងថា វាគឺជា​បំណែក​នៃ​ចេតិយ​បញ្ចុះអដ្ឋិធាតុ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិយុត្តិវង្ស។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិយុត្តិវង្ស គឺជា​ស្ថាបនិក​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ដំបូង ដែល​បាន​សោយ​ទីវង្គត​ថ្ងៃទី១១ ខែសីហា គ.ស១៩៤៧។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិយុត្តិវង្ស

ប្រវត្តិសង្ខេបរបស់ទ្រង់ដែលបានសរសេរនៅក្នុង “ប្រវត្តិសាស្ត្រកម្ពុជានិងវរជនខ្មែរ” បានសរសេរថា ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស​ប្រសូត​នៅឆ្នាំ១៩១៣ នៅរាជធានីភ្នំពេញ។ ព្រះបិតានាម ចំរើន វង្ស ត្រូវជាចៅព្រះអង្គ ភឹម ព្រះមាតានាម យុភិផន ជាចៅព្រះបាទស៊ីសុវត្ថិ។ ព្រះអង្គបានសិក្សាថ្នាក់បឋមសិក្សានិង​មធ្យម​​​​សិក្សា​នៅ​ភ្នំពេញនិងព្រៃនគរ។

បំណែកចេតិយ​បញ្ចុះ​ព្រះអដ្ឋិធាតុ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិយុត្តិវង្ស

បន្ទាប់មកព្រះអង្គបានសិក្សាកម្រិតឧត្ដមសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រ MONTPELLIER ស្រុកបារាំង។ ព្រះអង្គ​បាន​ទទួល​សញ្ញាបត្រ “បណ្ឌិតរដ្ឋគណិតវិទ្យា” នៅ​ឆ្នាំ១៩៤១។

ព្រះអង្គមានមហេសីជាស្ត្រីជាតិបារាំងនិងចូលជាសកម្មជននៃគណបក្សសង្គមនិយមបារាំង។ ទ្រង់ស៊ីសុវត្ថិ​យុត្តិវង្ស​បាន​វិល​ត្រលប់​ចូល​កម្ពុជា​នៅខែ​មិថុនា ឆ្នាំ ១៩៤៦ និងបានជាប់ឆ្នោតជាប្រធាន”គណបក្សប្រជាធិបតេយ្យ” ដែល​​ទើបនឹងបង្កើតនៅខែមេសាឆ្នាំ១៩៤៦ ដោយលោកស៊ឹមវ៉ា ឈានវ៉ន អៀវកើស។

បំណែកចេតិយ​បញ្ចុះ​ព្រះអដ្ឋិធាតុ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិយុត្តិវង្ស

ទ្រង់បាននាំចូលលទ្ធិប្រជាធិបតេយ្យមកស្រុកខ្មែរមុនគេបង្អស់ ហើយបានកែប្រែរបបរាជានិយមផ្ដាច់ការមកជា “របប​រាជា​និយម​អាស្រ័យរដ្ឋធម្មនុញ្ញ” ជាពិសេស​ទ្រង់​ជាស្ថាបនិក​​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាលើកដំបូងនៅថ្ងៃទី៦ ឧសភាឆ្នាំ១៩៤៧។ ទ្រង់យុត្តិវង្សបានចូលទិវង្គតនៅថ្ងៃទី១១សីហាឆ្នាំ១៩៤៧ (ព្រឹត្តិបត្រ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​សរសេរថាថ្ងៃទី១១វិច្ឆិកា១៩៤៧) ដោយជម្ងឺ តែមតិខ្លះនិយាយថា “សុគតទាន់ហន់” របៀបនេះបង្កើតឲ្យមានការសង្ស័យ។ ស៊ីសុវត្ថិយុត្តិវង្សជាក្សត្រាខ្មែរម្នាក់ ជា​វរជន​ជា​បញ្ញវន្តមានប្រាជ្ញាឈ្លាសវៃដែលពិបាករកក្សត្រា ក្សត្រីណាមកប្រៀបនឹងព្រះអង្គបានឡើយ។

វត្តសាលាគូ ស្ថិតនៅក្នុងស្រុកពញាឭ ខេត្តកណ្តាល

អត្ថបទដោយ៖ ទី សារឿន ​

បញ្ចេញមតិ