ឧបករណ៍ពិណបុរាណខ្មែរ ដែលបានបាត់បង់ជាង ៨០០ឆ្នាំមកហើយ
បុព្វបុរសខ្មែរបានបន្សល់ទុកនូវមរតកវប្បធម៌ សិល្បៈ របាំ ឧបករណ៍តន្ត្រី និងល្ខោនបុរាណយ៉ាងសម្បូរបែបរហូតមកដល់បច្ចុប្បន្ន។ ដោយនៅក្នុងចំណោមមរតកដ៏មានតម្លៃយ៉ាងច្រើនឥតគណនាទាំងនោះ ឧបករណ៍ភ្លេងបុរាណមួយប្រភេទគឺ ពិណបុរាណខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងស្ទើរតែបាត់ស្រមោលផងនោះ នៅពេលថ្មីៗនេះត្រូវបានកូនខ្មែរព្យាយាមសិក្សារៀនសូត្រ និងលើកយកមកបង្ហាញជូនដល់ពុកម៉ែបងប្អូន និងពិភពលោកបានស្គាល់ឡើងវិញ។
មានមនុស្សតិចតួចណាស់ ដែលបានស្គាល់ពីឧបករណ៍បុរាណប្រភេទនេះ។ ភាសាខ្មែរហៅថា «ពិណ»ក្លាយមកពីភាសាសំស្ក្រឹត និងបាលីថា«វីណា» ជាឧបករណ៍ខ្សែកេះ ឬដេញដោយម្រាមដៃទាំងដប់ មានពិណកោង ពិណកែង និងពិណស្នូក។ ឧបករណ៍នេះ ប្រើប្រាស់រួមជាមួយនឹងឧបករណ៍ដទៃទៀត សម្រាប់ប្រគុំថ្វាយព្រះ ថ្វាយអាទិទេព ថ្វាយព្រះមហាក្សត្រ និងជូនមន្ត្រីធំៗជាដើមក្នុងសម័យបុរាណ។
ពិណជាឧបករណ៍ដែលអាចបន្លឺសម្លេងយ៉ាងពីរោះរណ្ដំ ស្ដាប់ហើយធ្វើឱ្យមានអារម្មណ៍ស្ងប់ក្នុងចិត្ត ដោយវាអាចលេងបានគ្រប់បទ បែបភ្លេងការ មហោរី ឬបទបុរាណជាដើម។ ចំពោះលក្ខណៈពិសេសរបស់ពិណថា គឺត្រង់ខ្សែរ ដែលវាខុសពីហ្គីតា ព្រោះខ្សែរបស់វាធ្វើពីខ្សែរសូត្រសុទ្ធ។ វាមានខ្សែ២២ខ្សែ មានទម្ងន់ប្រមាណបីគីឡូក្រាម មានរូបរាងបីទម្រង់ ក្បាលនាគ ក្បាលពស់ និងក្បាលហង្ស។
បើតាមការឱ្យដឹងពីលោក ហ៊ឹម សុភី អ្នកនិពន្ធតន្ត្រី និងជាទីប្រឹក្សារាជបណ្ឌិតសភាកម្ពុជា បានប្រាប់ថា ពិណខ្មែរបុរាណមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ ដែលមានចារទុក នៅតាមសិលាចារិក តាមប្រាសាទបុរាណនានា ក្នុងនោះជាតឹកតាងច្បាស់លាស់ គឺមាននៅប្រាសាទសម្បូរព្រៃគុក តាំងពីមុនសម័យអង្គរ។ លុះក្រោយមកទៀត ក្នុងសម័យអង្គរ ពិណបានក្លាយជាឧបករណ៍ដ៏ពេញនិយមបំផុត ហើយបានបន្សល់ទុកភស្តុតាង នៅតាមប្រាសាទបាយ័ន បន្ទាយឆ្មារជាដើម។
ចំពោះមូលហេតុដែលធ្វើឱ្យឧបករណ៍នេះស្ទើរតែបាត់បង់នោះត្រូវបានគេលើកឡើងថា គឺដោយសារតែឧបករណ៍នេះជាប្រភេទខ្សែមិនអាចបន្លឺសម្លេងឮខ្លាំងនោះទេ ទើបត្រូវបានដកចេញពីវង់តន្ត្រីភ្លេងពិណពាទ្យ ដោយសារមិនអាចមានសំឡេងស្មើជាមួយនឹងឧបករណ៍ដទៃទៀតនោះទេ។ ដូច្នេះហើយទើបពិណបុរាណនេះ មិនត្រូវបានផលិតរហូតបាត់រូបរាង។
ពិណបុរាណខ្មែរត្រូវបានអវត្តមានពីសង្គមខ្មែរអស់រយៈពេលជាង៨០០ឆ្នាំទៅហេីយ ដោយបន្សល់ទុកនៅត្រឹមតែរូបចម្លាក់ជាប់នឹងជញ្ជាំងប្រាសាទបុរាណមួយចំនួនប៉ុណ្ណោះ។ ទេីបតែនៅពេលថ្មីៗនេះយើងអាចឃេីញមានវត្តមានពិណឡេីងវិញ ក្រោយពីមានការស្រាវជ្រាវរបស់គ្រូតន្ត្រីករសម័យបុរាណ ជាមួយនឹងគ្រូជនជាតិបារាំងម្នាក់ ហេីយផលិតនិងហាត់រៀនដោយជនជាតិខ្មែរ កាលពីឆ្នាំ២០១២។
អត្ថបទដោយ៖ ទី សារឿន