ហេតុអ្វីបានជាក្រុមនាដការីសម័យហ្លួងស៊ីសុវត្ថិលាបមុខសបែបនេះ?
នៅមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញនាដការីនៃរបាំព្រះរាជទ្រព្យ បានសម្តែងដោយមានការលាបមុខ ស ដែលធ្វើឲ្យបងប្អូនយើងមួយចំនួនបានចោទជាសំណួរថា “ហេតុអ្វីបានជាក្រុមរបាំទាំងអស់នោះ ផាត់មុខដូចជាក្រុមល្ខោន ឬ ហ៊ីចិនបែបនេះទៅវិញ”។
សំណួរបែបនេះជាច្រើនក៏បានលើកឡើងចោទជាសំណួរនៅក្នុងការបង្ហោះមួយនៅក្នុងទំព័រហ្វេសបុកឈ្មោះថា “Vichhika_FC “ ដែលជានាដការីមួយរូបដ៏ស្រស់ស្អាត ដោយការបង្ហោះនោះគាត់បានបង្ហាញនូវរូបភាពរបស់ក្រុមនាដការីកំពុងតុបតែងខ្លួន ដើម្បីត្រៀមឡើងសម្ដែងក្នុងកម្មវិធីណាមួយ ដោយតួអង្គនាដការីនីមួយៗមានការផាត់មុខឡើងសជាច្រើនសន្លឹក និងបានសរសេរភ្ជាប់មកជាមួយនូវពាក្យពេចន៍ថា “ក្រុមនាដការី របាំក្បាច់បុរាណខ្មែរ ខិតខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីវប្បធម៌ខ្មែរ។ យើងនឹងបន្តខិតខំប្រឹងប្រែង មិនអោយប្រជាពលរដ្ឋខ្មែរអស់សង្ឃឹមឡើយ។”
ហើយបើយើងមើលនៅក្នុងការបញ្ចេញមតិ (comment) នៃការបង្ហោះនោះ យើងអាចឃើញនូវសារគាំទ្រជាច្រើន ប៉ុន្តែក៏មានផងដែរនូវសំណួរដែលថា “ហេតុអ្វីបានជាក្រុមនាដការីសម័យហ្លួងស៊ីសុវត្ថិលាបមុខសបែបនេះ?”
ជាការឆ្លើយតបរបស់ម្ចាស់ទំព័រហ្វេសបុកចំពោះសំណួរទាំងនោះ គាត់បានបកស្រាយថា “របាំព្រះរាជទ្រព្យ សម័យហ្លួងស៊ីសុវត្ថិ គឺ១០០ឆ្នាំមុន នាដការីសម្តែងត្រូវលាបខ្លួនឱ្យសទើបចេញសម្តែង ក៏ព្រោះតែបង្ហាញនូវភាពបរិសុទ្ធ អព្យាក្រឹត សុក្រឹតភាព ដែលរបាំព្រះរាជទ្រព្យ ឬល្ខោនហ្លួង ក៏ជាមធ្យោបាយមួយដែលសម័យបុរាណនិយមប្រើសម្រាប់ការចរចាទៅកាន់អាទិទេព បួងសួងសុំនូវសេចក្តីសុខក្សេមក្សាន្ត ឬជៀសផុតអពមង្គលទាំងឡាយ។”
ដូច្នេះក្រោយពីទទួលបានចម្លើយ ឬការបកស្រាយនេះហើយ សង្ឃឹមថា បងប្អូនទាំងអស់គ្នានឹងកាន់តែស្គាល់ច្បាស់ពីមរតកវប្បធម៌ដ៏មានតម្លៃមួយនេះ ក៏ដូចជាចូលរួមគ្នាជួយគាំទ្រ លើកស្ទួយ និងផ្សព្វផ្សាយបន្ត ដើម្បីឲ្យកូនខ្មែរទាំងអស់គ្នាបានដឹង និងពិភពលោកទាំងមូលបានស្គាល់ផង៕
រូបថតឯកសារ៖ ក្រុមនាដការសម្ដែងរបាំនៅមុខប្រាសាទអង្គវត្ត
រូបថតឯកសារ៖ ក្រុមនាដការសម្ដែងរបាំនៅក្នុងព្រះបរមរាជវាំង
រូបថតឯកសារ៖ ក្រុមនាដការសម្ដែងរបាំនៅក្នុងពិធីសំខាន់មួយ